បណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនព្រៃឈើនៅថ្ងៃទិវាព្រៃឈើអន្តរជាតិ ២១មីនា ឆ្នាំ២០២១ នេះបានស្នើក្រសួងបរិស្ថានអនុញ្ញាតឲ្យពួកគាត់បានចូលល្បាតព្រៃដោយសេរីឡើងវិញ បន្ទាប់ពីត្រូវបានរារាំងតាំងពីដើមឆ្នាំ២០២០មកម្លេះ។

បណ្តាញសហគមន៍ព្រៃឡង់ បានអះអាងថាការដើរត្បាតគឺជាកិច្ចការងាររួមចំណែកស្តារព្រៃឈើឡើងវិញតាមរយៈការដាំកូនឈើ ការពារព្រៃឈើដែលត្រូវបានកាប់បំផ្លាញនៅតំបន់ព្រៃឡង់ ហើយក្រសួងបរិស្ថានបានរារាំងក្រោមហេតុផលថាសហគមន៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។​

បណ្តាញសហគមន៍ព្រៃឡង់បាននិយាយថាសកម្មភាពល្មើសច្បាប់នៅក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំងក្លា ដែលទាមទារឲ្យមានវិធានការរួមទាំងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងសហគមន៍មូលដ្ឋានដើម្បីទប់ស្កាត់សកម្មភាពទាំងនោះ។

តាមរយៈសេចក្តីថ្លែងការណ៍ បណ្តាញសហគមន៍ព្រៃឡង់ បានស្នើសុំឲ្យក្រសួងបរិស្ថាន ដកបំរាមហាមឃាត់ការងារល្បាតព្រៃរបស់បណ្តាញសហគមន៍ព្រៃឡង់ និងតាមដានត្រួតពិនិត្យ និងដកចេញពីតួនាទីជាមន្រ្តីឧទ្យានុរក្សចំពោះមន្រ្តីរូបណាដែលពាក់ព័ន្ធជាមួយបទល្មើសនិងអសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួន។

លោកហេង ស្រស់ សកម្មជនបរិស្ថានប្រាប់សារព័ត៌មាន Newsroom Cambodia ថាសហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានមួយចំនួនមិនអាចចុះល្បាតព្រៃបានទេដោយមានការរារាំងពីសំណាក់មន្រ្តីឧទ្យានុរក្សនិង
មន្រ្តីពាក់ព័ន្ធ។

លោកបាននិយាយថាកន្លងមកបានរកឃើញនៅក្នុងតំបន់ព្រៃការពារ ដូចជានៅតំបន់ព្រៃឡង់ តំបន់ព្រៃព្រះរកាជាដើម ត្រូវបានមន្រ្តីក្រសួងបរិស្ថាន និងប្រធានមន្ទីរហាមឃាត់មិនឲ្យសកម្មជនបរិស្ថានចូលទៅក្នុងតំបន់នោះ ហើយធ្វើឲ្យមានបទល្មើសព្រៃឈើ មានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់នោះពីសំណាក់ក្រុមហ៊ុន និងឈ្មួញដឹកជញ្ជូនឈើជាដើម។

លោកបានបញ្ជាក់ថា៖ «ហេតុដែលនាំឲ្យសហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានធ្វើយុទ្ធនាការសុំចុះល្បាតព្រៃដោយសេរី គឺដើម្បីស្នើឲ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ឬមន្រ្តីដែលពាក់ព័ន្ធធ្វើការផ្តាស់ប្តូរឥរិយាបទ ធ្វើយ៉ាងណាឲ្យសកម្មជនព្រៃឈើ ក៏ដូចជាប្រជាពលរដ្ឋនៅតាមតំបន់ហ្នឹង អាចចូលទៅល្បាតព្រៃរបស់ពួកគាត់បានឡើងវិញ ដោយសារតែពីរឆ្នាំកន្លងមកនេះ យើងមើលឃើញថាមានការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋសហគមន៍ ទៅលើសកម្មជនព្រៃឈើដោយធ្វើការរារាំងទៅវិញ»។

«តែនៅក្នុងតំបន់ការពារទាំងនោះបែរជាមានបទល្មើសព្រៃឈើកើតឡើង ដូចជានៅតំបន់ព្រៃឡង់តំបន់ព្រៃព្រះរកា ឧទ្យានជាតិវិរៈជ័យ និងនៅតំបន់ជួរភ្នំក្រវ៉ាញបានហាមឃាត់សកម្មជនមិនឲ្យចូល តែអ្នកដែលកាប់បំផ្លាញព្រៃឈើបែរជាចូលបាន»។

លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់ Newsroom Cambodiaតាមស៊ីគណល(Signal)
ថាក្រសួងបរិស្ថានរីករាយនិងស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានាក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូទាំងឡាយណា ដែលបានគោរពរតាមគោលការណ៍ណែនាំនិតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។

ក្រសួងបរិស្ថាន បើយោងតាមលោកនេត្រ ភក្រ្តា គ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

លោកបញ្ជាក់បានថា៖ «រាជរដ្ឋាភិបាលបានសម្រេចដាក់ព្រៃឡង់ដែលពីមុនជាព្រៃផ្តល់ផលមកជាតំបន់អភិរក្សដោយបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់នៅខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីជាង ៤៣ម៉ឺនហិកតាស្ថិតក្នុងខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះឱ្យស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន»។

«គឺបានបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹង ប្រែង និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារធនធានធម្មជាតិដែលកម្ពុជានៅសល់ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»៕