កញ្ញា ឃុន ធីតា មាននាមប៉ាកកាថា វីនធ័រ មានអាយុ២៥ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ មុខវិជ្ជាទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងជាអ្នកនិពន្ធប្រលោមលោកឯករាជ្យម្នាក់។ កញ្ញាបានផ្ដល់បទសម្ភាសន៍ដល់សិក្ខាកាម Newsroom Cambodia លោកឈាន សៅវ័ន អំពីការនិពន្ធសៀវភៅ និងដំណោះស្រាយក្នុងការរកទីផ្សារដើម្បីលក់។
Q: មូលហេតុអ្វីបានបងសម្រេចចិត្តធ្វើជាអ្នកនិពន្ធសៀវភៅ?
A: មូលហេតុដែលនាំឱ្យខ្ញុំក្លាយជាអ្នកនិពន្ធ គឺដោយសារខ្ញុំជាអ្នកចូលចិត្តអានប្រលោមលោកម្នាក់។ ការអានពីមួយថ្ងៃទៅមួយថ្ងៃបង្កើតបានជាការស្រលាញ់ រួចហើយក៏បង្កើតបានជាគំនិតចង់តែងនិពន្ធប្រលោមលោកដោយខ្លួនឯងតែម្ដង។
Q: មានការលំបាកអ្វីខ្លះក្នុងការនិពន្ធ?
A: ជាការពិតទៅផលវិបាកនៃការតែងប្រលោមលោកនីមួយៗឡើងមកវាមានច្រើន ដូចជាការប្រើគំនិតច្រើនដើម្បីបង្កើតតួអង្គនីមួយៗឡើងមក បង្កើតជាព្រឹត្តិការណ៍ណាមួយ រួចចងបញ្ចូលវាទៅក្នុងសាច់រឿងដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា ការប្រើប្រាស់ពាក្យពេចន៍របស់តួអង្គទៅតាមតថភាពពិតនៅក្នុងសង្គម និងមានការសិក្សាស្រាវជ្រាវពីអ្វីៗមួយចំនួនទៀតនៅលើអ៊ីនធឺរណេត (Internet)។
Q: តើភាគច្រើនជាប្រភេទសៀវភៅបែបណា? តើមានប៉ុន្មានសៀវភៅហើយដែលបងបាននិពន្ធ?
A: សម្រាប់សៀវភៅដែលខ្ញុំបាននិពន្ធក្នុងរយៈកាលក្រោយៗមកនេះ គឺមានទាំងខ្មែរ និងបរទេស ប៉ុន្តែភាគច្រើននៃស្នាដៃរបស់ខ្ញុំគឺប្រលោមលោកបរទេស។ សៀវភៅដែលខ្ញុំបាននិពន្ធមានចំនួន ១០ ចំណងជើង។ ហើយសម្រាប់សៀវភៅដែលមានការចាប់អាម្មណ៍ពីអ្នកអាន និងមានអ្នកស្គាល់សៀវភៅខ្ញុំនោះគឺ សៀវភៅ «ពិភពនិម្មិត»។
Q: តើមានគន្លះអ្វីដើម្បីជំរុញឲ្យមនុស្សម្នាក់ៗអោយចូលចិត្តអានសៀវភៅ?
A: សម្រាប់ខ្ញុំផ្ទាល់គិតថាគន្លឹះដែលជួយជំរុញឱ្យមនុស្សម្នាក់ចូលចិត្តអានសៀវភៅ គឺគ្មានអ្វីច្រើនទេ គ្រាន់តែពួកគាត់ព្យាយាមស្វែងរកប្រភេទសៀវភៅដែលខ្លួនចូលចិត្តអាន ហើយចាប់ផ្ដើមអានវាបន្តិចម្ដងៗជារៀងរាល់ថ្ងៃ នៅពេលណាមួយដែលគាត់បានប្រទះនឹងចំណុចណាមួយនៃសៀវភៅដែលអាចទាញចំណូលចិត្តគាត់បាន ពេលនោះគាត់នឹងចាប់ផ្ដើមស្រលាញ់ហើយបង្កើតជាចំណង់នៃការអានសៀវភៅ រហូតបង្កើតបានជាទម្លាប់នៃការអានដោយខ្លួនឯង។
Q: តើមានការប៉ះពាល់ខ្លាំងទេពេលដែលចេញសៀវភៅ ក្នុងអំឡុងពេល Covid នេះ?
A: ពិតណាស់! ការចេញផ្សាយសៀវភៅអំឡុងពេលកូវីដគឺមានផលប៉ះពាល់ច្រើនមកលើអ្នកនិពន្ធផ្ទាល់ និងលើគ្រឹះស្ថានបោះពុម្ពផ្សាយថែមទៀត ដោយសារតែអត្រានៃការលក់លើទីផ្សារគឺធ្លាក់ចុះស្ទើរតែពាក់កណ្ដាលមុនពេលមានកូវីដចូលមកដល់ ម៉្យាងការចំណាយផ្សេងៗក្នុងពេលបោះពុម្ពផ្សាយក៏ខ្ពស់ ទើបយើងជួបប្រទះផលលំបាកច្រើនមែនទែននៅពេលវេលាបែបនេះ។
Q: ដើម្បីធ្វើឲ្យសៀវភៅមានការគាំទ្រពីអ្នកអានច្រើន តើអ្នកនិពន្ធគួរតែធ្វើបែបណា?
A: ដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកនិពន្ធគួរតែព្យាយាមពង្រឹងស្នាដៃរបស់ខ្លួនឯងផ្ទាល់ឱ្យបានល្អ រិះរកគំនិតរឿងថ្មីៗមករួមបញ្ជូលក្នុងស្នាដៃរបស់ខ្លួន បន្ថែមលើនេះគឺគួរព្យាយាមបង្កប់គំនិតអប់រំតូចៗនៅក្នុងស្នាដៃរបស់ខ្លួន ដែលអាចជួយឱ្យអ្នកអានគាត់ស្វែងយល់ និងពិចារណា ម៉្យាងទៀតចំណុចទាំងអស់នោះគួរតែមានពិតនៅក្នុងសង្គមយើងសព្វថ្ងៃនេះផងដែរ។ មួយវិញទៀតសីល្ប៍វិធីក្នុងការតែងនិពន្ធក៏ជាផ្នែកមួយជួយជំរុញឱ្យស្នាដៃរបស់អ្នកនិពន្ធម្នាក់ៗមានចំណុចកាន់តែលេចធ្លោផងដែរ។
Q: តើផលលំបាកអ្វីខ្លះក្នុងរកទីផ្សារសម្រាប់អ្នកនិពន្ធ?
A: ចំពោះចំណុចនេះបងសុំឆ្លើយក្នុងនាមជាអ្នកនិពន្ធប្រលោមលោកបែបបរទេសម្នាក់ ផលវិបាកសម្រាប់បង គឺដោយសារតែអ្នកអានមួយចំនួនគាត់នៅតែដក់ជាប់ផ្នត់គំនិតមួយថា ប្រលោមលោកបែបបរទេសវាមិនល្អ វាមិនបានផ្ដល់ផលអ្វីដល់អ្នកអាន និងមានមួយចំនួនទៀតគាត់គិតថាបង ឬអ្នកនិពន្ធស្រករក្រោយមិនអាចសរសេរទៅក្នុងបរិបទបែបនេះបាន ភាគច្រើនគឺចម្លងស្នាដៃ ឬបកប្រែពីប្រទេសជិតខាង អ្វីបែបនេះ ទើបបានជាទីផ្សារគឺ នៅមានភាពចង្អៀតច្រើន។
Q: តើការបង្កើតកម្មវិធីពិព័រណ៍សៀវភៅផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងអ្នកនិពន្ធ?
A: ការបង្កើតឱ្យមានពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ទាំងអ្នកអាន និងអ្នកនិពន្ធ គឺដោយសារតែពេលវេលានោះអាចនាំឱ្យអ្នកអាន និងអ្នកនិពន្ធបានជួបគ្នាដោយផ្ទាល់ អ្នកនិពន្ធទាំងជំនាន់មុន និងជំនាន់ក្រោយក៏អាចបានជួបគ្នានៅក្នុងពេលវេលានេះ មួយវិញទៀតអ្នកអានគាត់នឹងអាចទិញនូវបណ្ដាសៀវភៅដែលគាត់ពេញចិត្ត ហើយថែមទាំងគាត់ទទួលបានការបញ្ចុះតម្លៃ ឬកាដូផ្សេងៗជាអនុស្សាវរីយថែមទៀត។ ហើយកម្មវិធីនេះគឺអាចជះផលវិជ្ជមានសម្រាប់កុមារតូចៗនៅពេលគាត់បានចូលរួម គាត់អាចទទួលបានការបណ្ដុះផ្នត់គំនិតស្រលាញ់សៀវភៅ និងស្រលាញ់ការអានបានថែមទៀតផង។
Q: បាទ! អរគុណច្រើនសម្រាប់ការផ្តល់សម្ភាសន៍៕