លោកសាស្រ្តចារ្យ Vitit Muntarbhorn ត្រូវបានតែងតាំងជាផ្លូវការកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទីប្រាំពីរបន្ទាប់ពីលោកស្រី រ៉ូណា ស្មីត ដែលនឹងចប់អាណត្តិរបស់គាត់នាពេលខាងមុខ។

តាមរយៈហ្វេសប៊ុកផេក អ្នកស្រី រ៉ូណា ស្មីត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានសម្តែងការអបអរសាទរដល់លោក Vitit Muntarbhorn ជាជនជាតិថៃ ចំពោះការតែងតាំងនេះ។

លោកស្រីបាននិយាយថា៖ «លោកសាស្ត្រាចារ្យ នឹងចាប់ផ្តើមបម្រើតួនាទីរបស់លោកនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១។ ខ្ញុំមានកិត្តិយសដែលបានជួបលោកជាច្រើនលើក ជាច្រើនឆ្នាំកន្លងមកនេះ ហើយយើងនឹងពិភាក្សាអំពីការប្រគល់អាណត្តិនៅប៉ុន្មានសប្តាហ៍ខាងមុខ»។

«លោកគឺជាមេធាវីអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់មួយរូប និងជាអតីតអ្នករាយការណ៍ពិសេស អ.ស.ប
និងជាសាស្ត្រាចារ្យមហាវិទ្យាល័យនៅអាស៊ីអាគ្នេយ៍»។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានមានប្រសាសន៍ថាកម្ពុជាស្វាគមន៍ និងរំពឹងទុកថា
អាចធ្វើកិច្ចសហការបានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមាន
រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។

លោកបានបន្ថែមថា ការធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍
អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ
ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិងនិន្នាការនយោបាយផ្ទាល់ខ្លួន។

លោកជិន ម៉ាលីន បានបន្ថែមថា «អនុវត្តបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនដែលតម្រូវដោយអណត្តិនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពរបស់រដ្ឋនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ»៕