ក្រសួងសុខាភិបាលបានប្រកាសថា ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី មានចំនួន ៩៦នាក់ និងករណីជាសះស្បើយ ចំនួន ១៨នាក់ នេះបើគិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៧:០០នាទីព្រឹក។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៩៦នាក់នេះ
គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់ ដែលក្នុងនោះមាន ជនជាតិចិន ៣៣នាក់ វៀតណាម ៦នាក់ ថៃ ១នាក់ និង ៥៦នាក់ផ្សេងទៀត ជាខ្មែរ។

អ្នកជំងឺ​ ១នាក់ សម្រាកព្យាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺ ១នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង អ្នកជំងឺ ១៩នាក់ សម្រាកព្យាលនៅសណ្ឋាគារក្រេតឌុក រាជធានីភ្នំពេញ។ អ្នកជំងឺ ១នាក់ សម្រាកព្យាលនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ អ្នកជំងឺ ៩នាក់ សម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈខេត្តកណ្ដាល។ រីឯអ្នកជំងឺ ៦៤នាក់ផ្សេងទៀត សម្រាកព្យាបាលនៅកាស៊ីណូ ជីង យ៊ុន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី២៦​ ខែមីនា កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ១៩៦៨នាក់
អ្នកជាសះស្បើយចំនួន ១០៧៤នាក់ និងអ្នកស្លាប់ ៨នាក់៕