ទារកដែលមានអាយុ ១១ខែ បានឆ្លងជំងឺកូវីដ ១៩ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលឪពុកម្តាយគាត់អវិជ្ជមានកូវីដ ហើយក៏មានអ្នកប៉ះពាល់បឋមជាមួយទារកនោះ ចំនួនសរុប ៣០នាក់ និងមានទីតាំងពាក់ព័ន្ធមានចំនួន ០៤កន្លែង។ នេះយោងតាមរដ្ឋបាលខេត្តដែលបានប្រកាសនៅថ្ងៃទី២៦ មិនា ២០២១។

យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ទារកនេះ ត្រូវបានឪពុកម្តាយនាំយកមកមណ្ឌលសុខភាពនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហារលាកផ្លូវដង្ហើម ហើយនៅថ្ងៃទី១៣ មិនា ២០២១ ឪពុកម្តាយគាត់ក៏បាននាំទារកនោះមកពិនិត្យជំងឺនៅផ្ទះពេទ្យមួយទៀតនៅភូមិផ្សេង​ បន្ទាប់មកម្តាយមីង០២នាក់របស់ទារកនោះមកពីភ្នំពេញបានមកលេងទារកនោះនៅថ្ងៃទី១៧ មិនា ២០២១។

ដោយសារនៅតែក្តៅខ្លួន ឪពុកម្តាយនិងទារកនោះបានយកសំណាកទៅគ្លីនិកមួយនៅថ្ងៃទី២៤ មិនា ២០២១ ហើយដែលគ្លីនិកនេះមានបុរសម្នាក់មានវិជ្ជមានកូវីដ-១៩ ហើយបានទៅព្យាបាលនៅទីនោះកាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិនា ២០២១។

លទ្ធផលសំណាករបស់ឪពុកម្តាយគឺអវិជ្ជមាន ប៉ុន្តែទារកនោះមានផ្ទុកជំងឺកូវីដ ១៩ កាលពីថ្ងៃទី២៥ មិនា ២០២១ ហើយអ្នកប៉ះពាល់បឋមជាមួយទារកនោះមានចំនួនសរុប៣០នាក់ ជាមួយនឹងទីតាំងពាក់ព័ន្ធមានចំនួន ០៤កន្លែង។

រដ្ឋបាលខេត្តបាននិយាយថា នឹងតាមដានបុគ្គលដែលសង្ស័យថាមានជំងឺកូវីដ ១៩ និងកំនត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធ​ក្នុងករណីនេះ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលទាំងអស់ត្រូវយកសំណាកទៅពិនិត្យ​នៅមន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ៕