អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅថ្ងៃទី២៦ មិនា ២០២១ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យជួយគិតគូរ និងទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួល តាមរយៈបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលរហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ ១៩មានសភាពធូរស្រាលឡើងវិញ។
សេចក្តីអំពាវនាវពីអភិបាលក្រុង លោកឃួង ស្រេង បានសរសេរដូច្នេះថា «យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួល ដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួល និងបន្តរអនុញ្ញាតិអោយពួកគាត់ស្នាក់នៅបន្តរទៀត ដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ»។
ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ថាមានករណីវិជ្ជមានចំនួន៨៦ និងជាសះស្បើយចំនួន ៣៤នាក់។ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២២៣៣នាក់ ជាសះស្បើយចំនួន ១១៦៦នាក់ កំពុងព្យាបាលចំនួន ១០៥៤នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់៕