សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណីព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឲ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលល្បាតនៅក្នុងដែនជម្រកនេះមក។
សេចក្តីប្រកាសព័ត៌មានរបស់បណ្តាញយុវជនកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនានេះ បាននិយាយថា ចន្លោះពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារគម្រោង អ្នកការពារព្រៃឈើរបស់បណ្តាញយុវជនកម្ពុជាបានប្រមូលភស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួនបីនៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។
ក្នុងរយៈចំងាយអង្កេតប្រវែង ៥៥គីឡូម៉ែតដោយចាប់ផ្តើមពីចំនុច (X= 503592 Y=1531900) រហូតដល់ចំណុចភូមិសាស្ត្រភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ត្រង់ចំណុច (X=528854 Y=1527360) CYN បាននិយាយថាបានរកឃើញបទល្មើសកាប់បំផ្លាញដើមឈើចំនួន ១០០ករណី ភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ ម៉ែត្រនៅក្នុងតំបន់ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។
សមាគមនេះបានបន្ថែមទៀតថា៖ «ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានដូចជា ឈើទាលស្ទៀង ផ្តៀក ពពេល ផ្ទឹកឧត្តម គគី និងសុក្រំជាដើមហើយព្រមទាំងមានការដុត និងឆ្ការផ្នែកខ្លះថែមទៀតផងដែលភាគច្រើនកើតនៅចំនុចអូរតាម៉ាក់»។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបដិសេដធ្វើអត្ថាធិប្បាយលើរបាយការណ៌របស់ CYN។លោកបានប្រាប់ Newsroom Cambodia យ៉ាងខ្លីតាមស៊ីកណល (Signal) ថា៖ «ក្រសួងបរិស្ថានគ្មានភាពចាំបាច់ត្រូវធ្វើអត្ថាធិប្បាយឆ្លើយតបលើរបាយការណ៍របស់ភាគីទី៣ណាមួយដែលមិនមានការសហការស្របច្បាប់ជាមួយក្រសួងបរិស្ថានទេ»៕