ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤០នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី២៩ ខែមីនានេះ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ សុទ្ធតែជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលក្នុងនោះមានជនជាតិចិន ៦នាក់ និង ខ្មែរ ៣៤នាក់។
សេចក្ដីប្រកាសក៏បានបន្ថែមទៀតថា អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៤០នាក់នោះ នឹងត្រូវសម្រាកព្យាបាលនៅ មន្ទីពេទ្យ ស្វាយជ្រុំ ខេត្តស្វាយរៀង ១នាក់ មន្ទីរពេទ្យខេត្តតាកែវ ១នាក់ មន្ទីរពេទ្យខេត្តសៀមរាប ១នាក់ មន្ទីរពេទ្យខេត្តត្បូងឃ្មុំ ១នាក់ មន្ទីរពេទ្យខេត្តកំពត ១នាក់ មណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ១០នាក់ និង មន្ទីរពេទ្យខេត្តកោះកុង ៦នាក់។ ចំណែកអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ១៩នាក់ទៀត ក្រសួងនឹងជូនដំណឹងនៅពេលក្រោយទាក់ទងនឹងកន្លែងសម្រាកព្យាបាល។
គិតត្រឹមថ្ងៃទី ២៩ ខែមីនា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២២៧៣នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧២នាក់ និងអ្នកស្លាប់១១នាក់៕