ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា​មាន​ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤០នាក់​ និងមានអ្នកជាសះស្បើយចំនួន​ ០៦នាក់​ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ២៩​ ខែ មីនា ឆ្នាំ២០២១។

ក្នុងសេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា​នេះ​ អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មីនេះ សុទ្ធតែជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ​ដែលក្នុងនោះមានជនជាតិចិន ៦នាក់​ និង ខ្មែរ ៣៤នាក់។

សេចក្ដីប្រកាសក៏បានបន្ថែមទៀតថា ​​អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៤០នាក់​នោះ នឹងត្រូវសម្រាកព្យាបាលនៅ មន្ទីពេទ្យ ស្វាយជ្រុំ ខេត្តស្វាយរៀង ១​នាក់ មន្ទីរពេទ្យខេត្តតាកែវ ១នាក់ មន្ទីរពេទ្យខេត្តសៀមរាប ១នាក់ មន្ទីរពេទ្យខេត្តត្បូងឃ្មុំ ១នាក់ មន្ទីរពេទ្យខេត្តកំពត​ ១នាក់ មណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ១០​នាក់ និង​ មន្ទីរពេទ្យខេត្តកោះកុង ៦នាក់។ ចំណែកអ្នកឆ្លងវីរុសកូវីដ-១៩​ ចំនួន ១៩នាក់ទៀត ក្រសួង​នឹង​ជូន​ដំណឹង​នៅ​ពេលក្រោយទាក់ទងនឹងកន្លែងសម្រាកព្យាបាល។

គិតត្រឹមថ្ងៃទី ២៩ ខែមីនា​ កម្ពុជា​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ សរុបចំនួន​ ២២៧៣នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧២​នាក់ និងអ្នកស្លាប់​១១នាក់៕