ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានអ្នកស្លាប់ ២នាក់បន្ថែមទៀត ដោយសារកូវីដ ១៩ ហើយរកឃើញករណីវិជ្ជមានថ្មីចំនួន ៦៩នាក់ អ្នកជាសះស្បើយយចំនួន ១៦នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។
ករណីស្លាប់ដោយឆ្លងវីរុសកូវីដ១៩ ជាស្ត្រីអាយុ ៧០ឆ្នាំ និង ស្ត្រីអាយុ ៦៧ឆ្នាំ ដែលបានទទួលមរណភាពនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី២ ខែមេសា បានបញ្ជាក់ផងដែរថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាអ្នកធ្វើដំណើរចូលមកកម្ពុជាជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ និង ៦៨នាក់ផ្សេងទៀត ជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ។
អ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុចំនួន ៤នាក់ មន្ទីពេទ្យជ័យជំនះ ខេត្តកណ្ដាលចំនួន ១៣នាក់ មន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀងចំនួន ២៨នាក់ មន្ទីពេទ្យហ្លួងម៉ែចំនួន ២១នាក់ និង ២នាក់ទៀត ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល។
ចំណែក ជនជាតិឥណ្ឌូនេស៊ីចំនួន ១នាក់ដែលមានវីរុសកូវីដ-១៩ មកដល់កម្ពុជានៅថ្ងៃទី២០ ខែមីនា សម្រាប់កន្លែងដាក់ឲ្យព្យាបាលនឹងជូនដំណឹងបន្តពីក្រសួង។
គិតត្រឹមថ្ងៃទី ២ ខែមេសា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៥៤៦នាក់ អ្នកជាសះស្បើយសរុបចំនួន ១២៥៦នាក់ អ្នកកំពុងសម្រាកព្យាបាល ១២៧០ និងអ្នកស្លាប់ចំនួន ១៦នាក់។