ប្រទេសកម្ពុជាបានស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២ ក្នុងបញ្ជីតាមដានរបស់អាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ដោយបានរកឃើញថាក្នុងឆ្នាំ២០២០ កន្លងទៅនេះមានការធ្វើទារុណកម្ម ដាក់ទណ្ឌកម្ម ឬការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្តដោយរដ្ឋាភិបាល ប្រឆាំង នឹងអ្នកទោសនយោបាយជាដើម។
របាយការណ៌អាមេរិកនោះបាននិយាយថា តុលាការមិនឯករាជ្យ ហើយមានការជ្រៀតជ្រែកតាមអំពើចិត្តនៅក្នុងជីវិតឯកជនរបស់ពលរដ្ឋ រួមទាំងការលួចស្តាប់ការសន្ទនារបស់គេតាមប្រព័ន្ធអេឡិចត្រូនិច ការរឹតត្បិតធ្ងន់ធ្ងរទៅលើសេរីភាពក្នុងបញ្ចេញមតិ សេរីភាពសារព័ត៌មាន រួមទាំងការប្រើហិង្សា ចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មានដោយគ្មានហេតុផលត្រឹមត្រូវ រីឯសិទ្ធិនយោបាយវិញ ក៏ត្រូវរដ្ឋាភិបាលរឹតត្បិតយ៉ាងខ្លាំងផងដែរ។
របាយការណ៍បាននិយាយថា «មន្រ្តីរដ្ឋាភិបាល រួមទាំងនគរបាលផងដែរ បានប្រព្រឹត្តិបទរំលោភ ដោយមាននិទណ្ឌភាព ហើយក្នុងករណីភាគច្រើន រដ្ឋាភិបាលអន្តរាគមន៍តិចតួច ឬមិនធ្វើអន្តរាគមន៍សោះ ដោយមន្រ្តីរដ្ឋាភិបាល និងសមាជិកគ្រួសាររបស់គេជាទូទៅគេចផុតពីការកាត់ទោស»។
យោងតាមរបាយការណ៌ដដែល ក៏បានលើកឡើងករណីលោកទុយ ស្រស់ ដែលជាមនុស្សម្នាក់ក្នុងចំណោម ៥នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ ហើយបានស្លាប់នៅកន្លែងឃុំឃាំងរបស់នគរបាល។ ពីរនាក់ទៀតដែលត្រូវបានចាប់ខ្លួនជាមួយគាត់បាននិយាយថា កងរាជអាវុធហត្ថបានវាយស្រស់ឲ្យសន្លប់ ហើយមិនព្រមយកទៅព្យាបាលទេ។ នេះយោងតាមរបាយការណ៌។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបទៅនឹងរបាយការណ៍អាមេរិក តាមរយៈហ្វេសប៊ុកថាគ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេលើបញ្ហាសិទ្ធិមនុស្ស។
«គ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចធ្វើជាគ្រូនិងជាគំរូសម្រាប់ប្រទេសដ៏ទៃទៀតបានដែរ»។
លោកជិន ម៉ាលីន បាននិយាយបន្តថា កត្តាបរិបទខុសគ្នា ហើយសូម្បីតែអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ ហើយត្រូវបានប្រទេសដ៏ទៃទៀតរិះគន់យ៉ាងចាស់ដៃផងដែរ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក៕