អ្នកចាក់វ៉ាក់ការពារជំងឺកូវីដ១៩ទាំងបីប្រភេទ កើនឡើងដល់ជាង៤សែននាក់ នៅទូទាំងប្រទេស ក្នុងរយៈពេលជិតពីរខែ បន្ទាប់ពីបានចាប់ផ្តើមចាក់តាំងពីថ្ងៃទី១០ ខែកុម្ភៈមក។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល។
ក្នុងវីដេអូដែលលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលផ្តល់សម្ភាសន៍ទៅអ្នកសារព័ត៌មាន និងត្រូវបានផ្សាយបន្តលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោកស្រីលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងដែលចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ត្រឹមថ្ងៃទី៥ ខែមេសានេះ អ្នកចាក់សរុបចំនួន៤១៨,៥៦៩នាក់។ ចំនួនអ្នកចាក់វ៉ាក់សាំងជាងបួនសែននាក់នេះ គឺជាការចាក់វ៉ាក់សាំងទាំងបីប្រភេទ ដែលមានកូវីស្យែល ស៊ីណូហ្វាម និងស៊ីណូវ៉ាក់។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា រដ្ឋាភិបាលកំពុងបន្តផ្តល់វ៉ាក់សាំងដល់ក្រុមជនអាទិភាព ចំណែកប្រជាពលរដ្ឋទូទៅសូមមានការអត់ធ្មត់។
«ក្រុមអទិភាពគួរតែទទួលបានវ៉ាក់សាំងជាបណ្តើរៗ ទៅតាមការទទួលបានវ៉ាក់សាំង និងសូមឲ្យបងប្អូនមានការអត់ធ្មត់ និងសូមរង់ចាំទៅ បន្តិចនឹងចាក់ជូនជាបណ្ដើរៗទៀតហើយ»។
កម្ពុជាកំពុងពង្រីកការចាក់វ៉ាក់សាំងចំនួនបីប្រភេទដែលខ្លួនមាន ដោយវ៉ាក់សាំងស៊ីណូហ្វាមដែលបានជំនួយពីប្រទេសចិនមានប្រមាណជា១លាន៣សែនដូស វ៉ាក់សាំងកូវីស្យែលដែលទទួលបានជំនួយពីអង្គការសុខភាពពិភពលោកមានចំនួនជាងបីសែនដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលកម្ពុជាបានទិញពីក្រុមហ៊ុនផលិតនៅប្រទេសចិនមានចំនួន១លាន៥សែនដូស៕