ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះបានប្រកាសថា បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំម្នាក់ ដែលរស់នៅក្នុង ខេត្តព្រៃវែង បានបាត់បង់ជីវិតដោយសារកូវីដ១៩ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដែលនាំឲ្យមានអ្នកស្លាប់ដោយជំងឺនេះសរុបទូទាំងប្រទេសមានចំនួន ២២នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា បុរសជនជាតិខ្មែរ រូបនោះរស់ភូមិឬស្សីចក ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:២០ នាទី។
ក្រសួងបន្ថែមថា អ្នកជំងឺខាងលើត្រូវបានមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ សូរវៀត នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទីព្រឹក ដោយស្ថានភាពសន្លប់ បាត់ និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូងអស់រយៈពេល២០នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺឲ្យរួចផុតពីសេចក្ដីស្លាប់បាន។
ក្រសួងបញ្ជាក់ថា៖ «ដោយមានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគរកកូវីដ១៩ ជាលទ្ធផលបានបញ្ជាក់ថាសពមានវិជ្ជមានកូវីដ១៩»។
គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២,៨២៤នាក់។ អ្នកជាសះស្បើយសរុបចំនួន ១,៧៩៤នាក់ អ្នកកំពុងសម្រាកព្យាបាល ១,០០៣នាក់ និងអ្នកស្លាប់ចំនួន២២នាក់៕