សាលាដំបូងរាជធានីភ្នំពេញ បានបន្តការជំនំុជម្រះក្តីជាលើកទី២ ដល់ក្រុមសកម្មជនបរិស្ថានចលនាមាតាធម្មជាតិកាលពីថ្ងៃទី៨ ខែមេសា នេះពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី០៥ ខែឧសភានេះ។

លោកសាន់ ម៉ាឡា សមាជិកបណ្តាញយុវជនកម្ពុជា(CYN)ដែលបានចូលរួមស្តាប់សវនាការផ្ទាល់ បាននិយាយថាលោកបានសង្កេតឃើញថាភាគច្រើនទាំងសមត្ថកិច្ច និងចៅក្រមគឺបានធ្វើបុរេវិនិច្ច័យ និងសន្មត់លើបទល្មើសដែលបានចោទប្រកាន់មកលើក្រុមយុវជនចលនាមាតាធម្មជាតិទាំងបីនាក់។

លោកសាន់ ម៉ាឡា បានថ្លែងថាអ្វីដែលក្រុមយុវជនបានធ្វើកន្លងមកមិនមានភាពអសន្តិសុខណា ញុះញង់ ឬមានភាពវឹកវរណាដល់សង្គមនោះទេ គឺវាមានតែជំរុញឲ្យមានការដោះស្រាយដល់ធនធានធម្មជាតិទៅវិញ
និងបង្ហាញពីការពិតឲ្យដល់សាធារណជនទូទៅ។

លោកបានបញ្ជាក់ទៀតថា៖ «ការឃុំខ្លួនក្រុមយុវជនអស់រយៈពេលជិត ៧ខែមកនេះ ដោយសារតែពួកគាត់មានគម្រោងដើរពីវត្តភ្នំទៅជួបលោក ហ៊ុន សែន កាលពីកន្លងទៅនោះ»។ លោកបានបន្តថាថាជារឿងមួយដែលគួរឲ្យសោកស្តាយបំផុត ហើយក៏គ្មានច្បាប់ណាមួយដែលហាមប្រាមមិនឲ្យប្រជាពលរដ្ឋជួបនាយករដ្ឋមន្រ្តីរបស់ខ្លួននោះទេ។

«ប្រសិនបើការចង់ទៅជួបរបស់ពួកគាត់ធ្វើឡើងខុសបែបបទរដ្ឋបាលណាមួយ ឬមិនមានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ ខ្ញុំគិតថាអាជ្ញាធរគួរតែធ្វើការអប់រំ ណែនាំ ឬក៏ពន្យល់អំពីរបៀបធ្វើលិខិតរដ្ឋបាលណាមួយដែលអាចទៅជួបនាយករដ្ឋមន្រ្តីបាន»។

លោកមេធាវីការពារកូនក្តីគឺលោក សំ ចម្រើន បានប្រាប់ Newsroom Cambodia ថាតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី០៥ ខែឧសភានេះ។

លោកមេធាវី ក៏បានលើកសេចក្តីសន្និដ្ឋានថា៖ «និងស្នើសុំឲ្យកូនក្តីរបស់លោករួចខ្លួនពីបទចោទប្រកាន់នេះ»។

សកម្មជនចលនាមាតាធម្មជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅដោយតុលាបានចោទប្រកាន់ពួកគេពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

បញ្ជាក់ផងដែរការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីកញ្ញាឡុង គន្ធា បង្ហោះសារលើសង្គមហ្វេសប៊ុកអំពីគម្រោងដើរពីវត្តភ្នំទៅកាន់ផ្ទះលោកហ៊ុន សែន ដើម្បីស្នើសុំបញ្ឃប់ការលុបបឹងតាមោក ដែលស្ថិតនៅជាយរាជធានីភ្នំពេញ៕