ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ បានបាត់បង់ជីវិតដោយសារកូវីដ ១៩ ក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដែលបាននាំឲ្យមានអ្នកស្លាប់សរុបទូទាំងប្រទេសមានចំនួន ២៤នាក់ហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២១នេះ អ្នកស្លាប់ទាំងពីរនេះបានរស់នៅក្នុងភូមិទ្រា៤ និងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

អ្នកស្លាប់អាយុ ៦៨ឆ្នាំ ត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លួងម៉ែ នៅថ្ងៃដដែល នៅវេលាម៉ោង ១:៣០នាទីរំលងអាធ្រាត ហើយគាត់បាន«ស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី» ។​​ នេះយោងតាមក្រសួងសុខាភិបាល។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្រុមគ្រូពេទ្យបានខិតខំជួយសង្រ្គោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ក៏បានស្លាប់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១:៤០ នាទីរំលងអធ្រាត។

ដោយឡែកស្ថានភាពអ្នកស្លាប់អាយុ ៤៩ឆ្នាំ ក៏បានស្ថិតក្នុង «ស្ថានភាពធ្ងន់ធ្ងរហត់ដង្ហក់ខ្លាំង» ហើយនៅវេលាម៉ោង ១១:៥៥ នាទីព្រឹក អ្នកជំងឺក៏បានស្លាប់។ នេះយោងតាមក្រសួងសុខាភិបាល។


ហើយគិតត្រឹមម៉ោង៧:០០នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩សរុប​ចំនួន ៣០២៨នាក់ អ្នកជាសះស្បើយសរុបចំនួន ១៩១៤នាក់ អ្នកកំពុងសម្រាកព្យាបាល ១០៨៥នាក់ និងអ្នកស្លាប់ចំនួន ២៤នាក់៕