ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ បានបាត់បង់ជីវិតដោយសារកូវីដ១៩ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលបាននាំឲ្យមានអ្នកស្លាប់សរុបទូទាំងប្រទេសមានចំនួន២៥នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
អ្នកជំងឺត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្ដាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៥៦នាទីរសៀល។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា៖ «ស្រ្តីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែម »។
គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៣,៦០៤នាក់ អ្នកជាសះស្បើយសរុបចំនួន១,៩៨៤នាក់ អ្នកកំពុងសម្រាកព្យាបាល ១,៥៩១នាក់ និងអ្នកស្លាប់ចំនួន ២៥នាក់៕