ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ​៥៥ឆ្នាំ បាន​បាត់បង់​ជីវិ​ត​ដោយសារ​កូវីដ​១៩ នៅ​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែល​បាន​នាំឲ្យ​មាន​អ្នក​ស្លាប់​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​២៥នាក់​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដែលរស់នៅ​សង្កាត់ព្រែកលាប ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ​១៩ នា​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។​

អ្នកជំងឺត្រូវបានរកឃើញវិជ្ជមានកូវីដ​១៩នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយស្ថាន​ភាព​អ្នក​ជំងឺ​មាន​សភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​តាំង​ពី​ថ្ងៃចូល​សម្រាក​ពេទ្យ​ដំបូង តែទោះបី​ជា​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ជួយ​សង្គ្រោះតា​ម​លក្ខណៈ​បច្ចេកទេស​យ៉ាង​ណា​ក៏​ដោយ ក៏​មិនអាច​ជួយ​អ្នក​ជំងឺ​បាន ហើយ​ស្ថានភាព​អ្នក​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ដែល​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បាន​ស្លាប់បាត់​បង់​ជីវិ​ត​នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៥៦នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ​បានបញ្ជាក់ថា៖ «​ស្រ្តីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ខាងលើ​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ខ្សោយ​សួត​ធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារ​វីរុស​កូវីដ​១៩ លើអ្នកជំងឺទឹកនោមផ្អែម »។

គិតត្រឹមថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៣,៦០៤នាក់ អ្នកជា​សះស្បើយសរុបចំនួន​១,៩៨៤​នាក់ អ្នកកំពុងសម្រាកព្យាបាល ១,​៥៩១នាក់ និងអ្នកស្លាប់ចំនួន ២៥នាក់៕