ដោយចង់ឃើញការអានសៀវភៅក្នុងកម្ពុជាមានការលូតលាស់ និងចម្រើនទៅមុខ និងជំរុញទឹកចិត្តយុវជនក្នុងការអាន ប្រកបដោយភាពស្រលាញ់ពេញចិត្ត ក៏ដូចជាចង់ចូលរួមចំណែកដ៏តូចមួយក្នុងការអភិវឌ្ឍសង្គមផង ធ្វើឱ្យភិក្ខុ រឹម ណាំឈាវ បានឆ្លងកាត់បទពិសោធន៍ជាច្រើនពាក់ព័ន្ធអំណាន និងកិច្ចការសង្គម ដោយផ្តើមពីការបង្កើតបណ្ណាល័យមួយកន្លែងឈ្មោះថា «បណ្ណាល័យគំនិត» សម្រាប់ផ្តល់ឱកាសដល់អ្នកចូលចិត្តអាន។
ភិក្ខុ រឹម ណាំឈាវ គង់នៅកុដិ២៨ វត្តមហាមន្ត្រី ដែលមានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង និងចូលបួសបាន១០វស្សា។ ព្រះអង្គជាគ្រូបង្រៀន ជាអ្នកចូលចិត្តស្ម័គ្រចិត្តធ្វើកិច្ចការសង្គម និងជាស្ថាបនិកបណ្ណាល័យផង ធ្វើឱ្យភិក្ខុមួយអង្គនេះមានការគិតគូរ និងខ្វល់ខ្វាយចំពោះស្ថានភាពវប្បធម៌នៃអានសៀវភៅក្នុងសង្គម។
ព្រះអង្គមានសង្ឃដីកាថា៖ «ការកសាងបង្កើតបណ្ណាល័យនេះឡើង ដោយមានគោលបំណងមួយចំនួន ដោយចង់ចូលរួមចំណែកបង្កើតឲ្យមានវប្បធម៌ និងលើកស្ទួយវប្បធម៌នៃការអានសៀវភៅឲ្យមានចំនួនច្រើនឡើងនៅក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍធនធានចំណេះដឹងក្នុងសង្គមតាមរយៈនៃការបណ្ដុះអ្នកអាន។ ម្យ៉ាងទៀតជាបណ្ដុំឯកសារ សិក្សាស្រាវជ្រាវទូទៅសម្រាប់និស្សិត និងយុវជន»។
ព្រះអង្គបានបង្ហាញទស្សនៈនៃការយល់ឃើញចំពោះវប្បធម៌នៃការអានសៀវភៅក្នុងសង្គមបច្ចុប្បន្នថា៖ «ប្រទេសអភិវឌ្ឍន៍ដូចនៅលោកខាងលិច និងអាស៊ីមួយចំនួន ការអានសៀវភៅ គឺត្រូវបានក្លាយទៅជាវប្បធម៌ប្រចាំជាតិសាសន៍របស់គេទៅហើយ។ មានន័យថា ប្រជាជនរបស់គេមិនថាចាស់ ឬក្មេងនោះទេ ពូកគេតែងមានដៃកាន់សៀវភៅជានិច្ច មិនថាក្នុងទីសាធារណៈ ឬឯកជននោះទេជាពិសេសគឺក្នុងសាលារៀនរបស់ពួកគេតែម្ដង»។
ព្រះអង្គបានបន្ថែមទៀតថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចប្រទេសកម្ពុជាជាដើម ព្រះអង្គមើលឃើញថា ការអានសៀវភៅរបស់យុវជនហាក់នៅមានកម្រិត និងហាក់ដូចជារឿងថ្មីសម្រាប់ពួកគេ។ មានន័យថា ក្នុងចំណោមពួកគេ មួយចំនួនហាក់មិនបានផ្ដល់តម្លៃដល់ការអានសៀនភៅ ឬផ្តល់តម្លៃតិចតួចជាងការកំសាន្តទៅវិញ ដែលនេះជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយចំពោះសង្គមនាពេលអនាគត។
ព្រះអង្គបន្ថែមថា៖ «បើសង្គមមួយដែលយុវជន មិនអើពើក្នុងការអភិវឌ្ឍខ្លួនតាមរយៈការសិក្សានោះទេ តែបែរជាវក់វីរជាមួយតែគ្រឿងញៀនញ៉ាម ល្បែងកំសាន្ត ថ្ងៃបន្ទាប់សង្គមនោះច្បាស់ជាត្រូវវិនាសជាក់ជាមិនខាន»។
ឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia តើមានវិធីសាស្ត្រអ្វីខ្លះក្នុងការលើកទឹកចិត្តយុវជនឱ្យស្រឡាញ់អាន? ព្រះអង្គបានបកស្រាយ ដោយពន្យល់អំពីសង្គមបីដែលជាកត្តាសំខាន់ក្នុងការជំរុញយុវជនឲ្យងាកមកស្រឡាញ់ការអានសៀវភៅ។
ព្រះអង្គពន្យល់ថា សង្គមទី១ គឺសង្គមគ្រួសារ គ្រួសារមានតួនាទីសំខាន់ជាងគេក្នុងចំណោមសង្គមទាំងអស់ ព្រោះអ្វី? ព្រោះគ្រួសារជាកន្លែងដែលផ្ដល់កំណើត ផ្ដល់ការសិក្សា និងផ្ដល់ការអប់រំដំបូងបំផុតរបស់យុវជន ដូច្នេះប្រសិនបើឪពុកម្ដាយ អាណាព្យាបាលបានយកចិត្តទុកដាក់ដិតដល់ក្នុងការជំរុញឲ្យមានការសិក្សាអប់រំ ជាពិសេសការបង្កើតឲ្យមានបណ្ណាល័យតាមផ្ទះ ឬអាចហៅបានថា បណ្ណាល័យគ្រួសារ នោះហើយជាអ្វីដែលឪពុកម្ដាយ អាណាព្យាបាលគួរគិតឲ្យបានច្បាស់លាស់។
ព្រះអង្គពន្យល់ទៀតថា សង្គមទី២ គឺសង្គមសាលារៀន បន្ទាប់ពីសង្គមគ្រួសារ សាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឲ្យនូវចំណេះដឹង និងការអប់រំដល់យុវជន។ សាលាគួរតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ទាំងផ្នែកគុណភាព សមត្ថភាព ចំណេះដឹង និងគុណធម៌ដល់សិស្សានុសិស្ស ជាពិសេសគឺវិន័យដែលជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងសាលាក៏ដូចជាការសិក្សារបស់សិស្សានុសិស្ស។
ជាចុងក្រោយសង្គមទី៣ គឺសង្គមជាតិ រាជរដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាផ្នែកសំខាន់ក្នុងការទទួលខុសត្រូវលើអនាគតរបស់ប្រទេសជាតិ ចាំបាច់ត្រូវដាក់ចេញនូវគោលនយោបាយ ពិសេសចំពោះយុវជនក្នុងការទទួលបាននូវការសិក្សាអប់រំឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ដូចជាការកែប្រែកម្មវិធីសិក្សា ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការជំរុញឲ្យមានការបង្កើតបណ្ណាល័យនៅតាមសាលានីមួយៗជាដើម ដើម្បីឲ្យសិស្សានុសិស្សមានកម្លាំងចិត្តក្នុងការសិក្សាបានល្អប្រសើរជាមុន។
«បណ្ណាល័យគំនិត» បានបង្កើតឡើងនៅថ្ងៃទី១កើត ខែទុតិយសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានបេសកកម្មស្របជាមួយទស្សនៈវិស័យ និងគោលបំណងរបស់បណ្ណាល័យ បណ្ណាល័យក៏បានបង្កើតឲ្យមានកម្មវិធីចំនួន៤ ដែលបាននិងកំពុងដំណើរការតាមការកំណត់ទុកក្នុងទិសដៅយូរអង្វែង រយៈពេលប្រាំឆ្នាំ។ កម្មវិធីទាំងនោះរួមមាន៖ កម្មវិធីអប់រំសុខភាពផ្លូវចិត្ត កម្មវិធីកញ្ចប់បាយមនុស្សធម៌ កម្មវិធីសង្គហធម៌ និងកម្មវិធីអំណានជីវិត៕