ដោយចង់ឃើញការ​អានសៀវភៅក្នុង​កម្ពុជាមានការលូតលាស់ និង​ចម្រើន​ទៅមុខ និង​ជំរុញទឹកចិត្ត​​យុវជនក្នុងការអាន​ ប្រកប​ដោយ​ភាព​ស្រលាញ់​ពេញចិត្ត ក៏ដូចជា​ចង់​ចូលរួម​ចំណែក​ដ៏តូចមួយក្នុងការអភិវឌ្ឍ​សង្គមផង ធ្វើឱ្យភិក្ខុ រឹម ណាំ​ឈាវ បាន​ឆ្លង​កាត់​បទពិសោធន៍​ជាច្រើន​ពាក់ព័ន្ធ​អំណាន និងកិច្ចការសង្គម​ ដោយផ្តើម​ពីការ​បង្កើត​បណ្ណាល័យ​មួយក​ន្លែង​ឈ្មោះ​ថា​ «បណ្ណាល័យ​គំនិត» ​សម្រាប់​ផ្តល់ឱកាសដល់អ្នកចូលចិត្តអាន។

ភិក្ខុ រឹម ណាំឈាវ គង់នៅកុដិ២៨ វត្តមហាមន្ត្រី ដែលមានស្រុកកំណើតនៅស្រុក​ពាមរក៍ ខេត្តព្រៃវែង និងចូលបួសបាន​១០​វស្សា។ ព្រះអង្គជាគ្រូបង្រៀន ជាអ្នក​ចូលចិត្ត​ស្ម័គ្រចិត្ត​ធ្វើកិច្ច​ការ​សង្គម និងជាស្ថាបនិកបណ្ណាល័យផង ធ្វើឱ្យភិក្ខុមួយអង្គនេះមានការគិតគូរ និង​ខ្វល់​ខ្វាយ​ចំពោះស្ថានភាពវប្បធម៌នៃអានសៀវភៅក្នុងសង្គម។

ព្រះអង្គមានសង្ឃដីកាថា៖ «ការកសាងបង្កើតបណ្ណាល័យនេះឡើង ដោយ​មាន​គោល​បំណង​មួយ​ចំនួន ដោយចង់ចូលរួមចំណែកបង្កើតឲ្យមានវប្បធម៌ និង​លើក​ស្ទួយ​វប្បធម៌​នៃ​ការអាន​សៀវភៅ​ឲ្យ​មាន​ចំនួនច្រើនឡើងនៅក្នុងប្រទេសកម្ពុជា និ​ង​ការអភិវឌ្ឍ​ធនធាន​ចំណេះ​ដឹង​ក្នុង​សង្គម​តាមរយៈ​នៃការបណ្ដុះអ្នកអាន។ ម្យ៉ាងទៀតជាបណ្ដុំឯកសារ សិក្សា​ស្រាវជ្រាវ​ទូទៅស​ម្រាប់​និស្សិត និងយុវជន»។

ព្រះអង្គបានបង្ហាញទស្សនៈនៃការយល់ឃើញចំពោះវប្បធម៌នៃការអានសៀវភៅក្នុងសង្គមបច្ចុប្បន្ន​ថា៖ «ប្រទេសអភិវឌ្ឍន៍​ដូចនៅលោកខាងលិច និងអាស៊ីមួយចំនួន ការអានសៀវភៅ គឺ​ត្រូវ​បាន​ក្លាយ​ទៅ​ជាវប្បធម៌ប្រចាំជាតិសាសន៍របស់គេទៅហើយ​។ មានន័យ​ថា ប្រជាជន​របស់​គេ​មិន​ថា​ចាស់ ឬក្មេងនោះទេ ពូកគេតែងមានដៃកាន់សៀវភៅជានិច្ច មិនថាក្នុងទីសាធារណៈ ឬ​ឯកជន​នោះទេ​ជាពិសេសគឺក្នុងសាលារៀនរបស់ពួកគេតែម្ដង»។

ព្រះអង្គបានបន្ថែមទៀតថា សម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍​​ដូចប្រទេស​កម្ពុជាជាដើម ព្រះ​អង្គ​មើលឃើញថា ការអានសៀវភៅរបស់យុវជនហាក់នៅមានកម្រិត និងហាក់​ដូចជា​រឿងថ្មី​សម្រាប់​ពួកគេ​។ មានន័យថា ក្នុងចំណោមពួកគេ មួយចំនួនហាក់​មិនបាន​ផ្ដល់​តម្លៃ​ដល់​ការអាន​សៀនភៅ ឬផ្តល់តម្លៃតិចតួចជាងការកំសាន្តទៅវិញ ដែលនេះជាបញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភមួយចំពោះសង្គមនាពេលអនាគត។ ​

ព្រះ​អង្គ​បន្ថែមថា៖ «បើសង្គមមួយដែលយុវជន មិនអើពើ​ក្នុងការអភិវឌ្ឍ​ខ្លួនតាមរយៈ​ការសិក្សា​នោះ​ទេ តែបែរជាវក់វីរជាមួយតែគ្រឿងញៀន​ញ៉ាម ល្បែងកំសាន្ត ថ្ងៃបន្ទាប់​សង្គម​នោះ​ច្បាស់​ជា​​ត្រូវ​វិនាសជាក់ជាមិនខាន»។

​ឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia តើមានវិធីសាស្ត្រអ្វីខ្លះ​ក្នុងការ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យស្រឡាញ់អាន? ព្រះអង្គបានបកស្រាយ ដោយ​ពន្យល់​អំពី​សង្គមបី​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​យុវជន​ឲ្យ​ងាក​មក​ស្រឡាញ់​ការអាន​សៀវភៅ។

ព្រះ​អង្គពន្យល់​ថា សង្គមទី១ គឺសង្គមគ្រួសារ គ្រួសារមាន​តួនាទីសំខាន់​ជាងគេ​ក្នុងចំណោម​សង្គម​ទាំងអស់ ព្រោះអ្វី? ព្រោះគ្រួសារជាកន្លែងដែលផ្ដល់កំណើត ផ្ដល់ការសិក្សា និង​ផ្ដល់​ការអប់រំ​ដំបូង​បំផុត​របស់យុវជន ដូច្នេះប្រសិនបើឪពុកម្ដាយ អាណាព្យាបាល​បា​​​នយ​កចិត្ត​ទុក​ដាក់​ដិតដល់​ក្នុង​ការជំរុញឲ្យមានការសិក្សាអប់រំ ជាពិសេសការបង្កើតឲ្យមានបណ្ណាល័យតាមផ្ទះ ឬអាចហៅបានថា បណ្ណាល័យគ្រួសារ នោះហើយជាអ្វីដែលឪពុកម្ដាយ អាណាព្យាបាល​គួរគិត​ឲ្យបានច្បាស់លាស់។

ព្រះអង្គពន្យល់ទៀតថា សង្គមទី២ គឺសង្គមសាលារៀន បន្ទាប់ពីសង្គមគ្រួសារ សាលារៀន​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឲ្យនូវចំណេះដឹង និងការអប់រំដល់យុវជន។ សាលា​គួរ​តែ​ត្រូវ​បានយកចិត្តទុកដាក់ខ្ពស់ទាំងផ្នែកគុណភាព សមត្ថភាព ចំណេះដឹង និងគុណធម៌​ដល់​សិស្សា​នុសិស្ស ជាពិសេសគឺវិន័យដែលជាមូលដ្ឋានគ្រឹះ​ក្នុងការគ្រប់គ្រងសាលា​ក៏ដូចជា​ការសិក្សា​របស់សិស្សានុសិស្ស​។

ជាចុងក្រោយសង្គមទី៣ គឺសង្គមជាតិ រាជរដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាផ្នែកសំខាន់ក្នុងការទទួលខុសត្រូវលើអនាគតរបស់ប្រទេសជាតិ ចាំបាច់ត្រូវដាក់ចេញ​នូ​វ​គោល​នយោបាយ​ ពិសេស​ចំពោះ​យុវជ​ន​ក្នុងការ​ទទួល​បាននូវការសិក្សាអប់រំឲ្យមាន​ប្រសិទ្ធ​ភាព​​ខ្ពស់​បំផុត។ ​ដូចជាការកែប្រែកម្មវិធីសិក្សា ការពង្រឹងសមត្ថភាពគ្រូបង្រៀន និង​ការជំរុញ​ឲ្យ​មាន​ការបង្កើតបណ្ណាល័យនៅតាមសាលានីមួយៗ​ជាដើម  ដើម្បីឲ្យ​សិស្សា​នុសិស្ស​មាន​កម្លាំង​ចិត្ត​​ក្នុងការសិក្សាបានល្អប្រសើរជាមុន​។

 «បណ្ណាល័យគំនិត» បានបង្កើតឡើងនៅថ្ងៃទី១កើត ខែទុតិយសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។ ដោយមាន​បេសកកម្ម​ស្រប​ជា​មួយ​ទស្សនៈ​វិស័យ និងគោលបំណងរបស់បណ្ណាល័យ បណ្ណាល័យ​ក៏​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ចំនួន៤ ដែលបាននិ​ងកំពុងដំណើរការតាមការកំណត់ទុកក្នុងទិសដៅយូរអង្វែង រយៈពេល​ប្រាំ​ឆ្នាំ។​ កម្មវិធីទាំងនោះរួមមាន៖ កម្មវិធីអប់រំសុខភាពផ្លូវចិត្ត កម្មវិធីកញ្ចប់បាយមនុស្សធម៌ កម្មវិធីសង្គហធម៌ និងកម្មវិធីអំណានជីវិត៕​