អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមចេញដីកាដំណោះស្រាយ ឬហៅថាសេចក្តីសម្រេចពីរដែលផ្ទុយគ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ ដោយធ្វើឲ្យមានការពន្យារពេលជំនុំជម្រះអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ក្នុងសំណុំរឿង ០០៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម ចេញនៅថ្ងៃពុធសប្តាហ៍មុន បញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានចេញដីកាដំណោះស្រាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ បញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះ ប៉ុន្តែក្នុងថ្ងៃតែមួយនោះ សហចៅក្រមស៊ើបអង្កេតជាតិបានចេញដីកាសម្រេចលើកលែងការចោទប្រកាន់។
ការចេញដីកាដំណោះស្រាយនៅថ្ងៃតែមួយ ដោយមានអំណះអំណាងខុសៗគ្នា រវាងសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិលើករណីថា តើត្រូវចេញដីកាបញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះក្តី ឬអត់ គឺជាទង្វើខុសច្បាប់ រំលោភបំពានលើក្របខណ្ឌគតិយុត្តិរបស់តុលាការខ្មែរក្រហម។
អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមឲ្យដឹងផងដែរថា សហចៅក្រមជាតិដែលមានចំនួនបួនរូបសម្រេចថា ដីកាលើកលែងចោទប្រកាន់ និងដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ គឺមានតម្លៃស្មើគ្នា ដូច្នេះត្រូវតម្កល់ដីកាដំណោះស្រាយទាំងពីរ ក្នុងបណ្ណាសាររបស់សាលាក្តីខ្មែរក្រហម។
ចំណែកឯសហចៅក្រមអន្តរជាតិយល់ឃើញថា ដីការបស់សហចៅក្រមជាតិ ដែលលើកលែងការចោទប្រកាន់លើលោក មាស មុត គឺជានីតិវិធីដែលមិនពេញលេញ និងមិនត្រឹមត្រូវ។ ដូច្នេះ អង្គជំនុំជម្រះសាលាដំបូង ត្រូវទទួលយកដីកាសំណុំរឿងនេះ ទៅជំនុំជម្រះបន្ត។
ការចាប់ផ្តើមចោទប្រកាន់ជាផ្លូវការរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ តាំងពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ចំពោះលោក មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងការរំលោភបំពានក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។ បទចោទទាំងនេះត្រូវបានកែប្រែនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ និងបទចោទបន្ថែម (រួមទាំង បទប្រល័យពូជសាសន៍) ត្រូវបានចោទប្រកាន់ប្រឆាំង មាស មុតផងដែរ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានសម្រេចបញ្ជូនសំណុំរឿង អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ទៅជំនុំជម្រះ ដោយលើកជាសម្អាងថា មានភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក មាស មុត ស្ថិតក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុតមួយ ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែនៅថ្ងៃដដែលនេះ សហចៅក្រមស៊ើបអង្កេតជាតិវិញ ក៏បានចេញដីកាសម្រេច លើកលែងការចោទប្រកាន់ ដោយសំអាងហេតុផលថា មាស មុត មិនមែនស្ថិតក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ ចំពោះបទឧក្រិដ្ឋ នៅក្នុងសម័យខ្មែរក្រហមនោះឡើយ។
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកនៃរបបខ្មែរក្រហម ត្រូវបានសាលាក្តីកូនកាត់រវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ ចោទប្រកាន់ពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងបទល្មើសជាតិដែលស្ថិតនៅក្រោមច្បាប់របស់កម្ពុជា។