អង្គបុរេជំនុំជម្រះនៃ​សាលាក្ដីខ្មែរ​ក្រហមចេញដីកាដំណោះស្រាយ ឬហៅ​ថា​សេចក្តីសម្រេចពី​រ​ដែល​ផ្ទុយ​​គ្នារវាង​សហចៅក្រម​ស៊ើបអង្កេត​ជាតិ ​និងអន្តរជាតិ ​​ដោយ​ធ្វើ​ឲ្យ​មានការ​​ពន្យារ​ពេល​ជំនុំ​​ជម្រះ​​​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត ក្នុង​សំណុំរឿង​ ០០៣។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គបុរេជំនុំជម្រះនៃ​សាលាក្ដីខ្មែរ​ក្រហម ចេញ​នៅ​ថ្ងៃ​​ពុធ​សប្តាហ៍​មុន បញ្ជាក់ថា សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ចេញ​ដីកា​ដំណោះស្រាយ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​ ២០១៨ ​បញ្ជូន​សំណុំរឿង​លោក មាស មុត​ ទៅ​ជំនុំ​ជម្រះ ​ប៉ុន្តែ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​​ សហចៅក្រម​ស៊ើប​អង្កេត​ជាតិ​បាន​ចេញ​ដីកា​សម្រេច​លើកលែង​ការចោទប្រកាន់។

ការចេញ​ដីកា​ដំណោះស្រាយ​នៅថ្ងៃតែមួយ​ ដោយ​មាន​អំណះអំណាង​ខុសៗគ្នា​ រវាង​សហ​ចៅក្រម​​ស៊ើប​អង្កេត​ជាតិ​ និង​អន្តរជាតិ​លើករណីថា​ តើត្រូវចេញដីកា​បញ្ជូនសំណុំរឿង​លោក​ មាស​ មុត​ ទៅជំនុំ​ជម្រះក្តី ឬអត់ ​គឺជា​ទង្វើខុសច្បាប់​ រំលោភបំ​ពាន​លើ​ក្រប​ខណ្ឌគតិយុត្តិ​របស់​តុលាការ​ខ្មែរក្រហម។

អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមឲ្យដឹងផងដែរ​ថា ​សហចៅក្រម​ជាតិ​​ដែល​មាន​ចំនួន​បួន​រូប​សម្រេច​ថា ​ដីកាលើកលែង​ចោទ​ប្រកាន់ ​និង​ដីកាបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​របស់​សហ​ចៅក្រមស៊ើប​អង្កេតអន្តរជាតិ​​ គឺមាន​តម្លៃស្មើគ្នា ដូច្នេះ​ត្រូវ​តម្កល់ដីកាដំ​ណោះស្រាយ​ទាំង​ពីរ​ ក្នុង​បណ្ណាសារ​របស់​សាលាក្តីខ្មែរ​ក្រហម។

ចំណែកឯសហចៅក្រមអន្តរជាតិយល់ឃើញថា ដីការបស់សហចៅក្រមជាតិ​ ដែល​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក មាស មុត គឺជានីតិវិធីដែលមិនពេញលេញ និង​មិន​ត្រឹមត្រូវ។ ដូច្នេះ​ អង្គជំនុំ​ជម្រះសាលា​ដំបូង ​ត្រូ​វទ​ទួលយក​ដីកាសំណុំរឿងនេះ ទៅជំនុំជម្រះ​បន្ត។​

ការចាប់ផ្តើមចោទប្រកាន់ជាផ្លូវការរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ តាំង​ពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ២០១៥ ចំពោះលោក មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភ​​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញាទីក្រុងហ្សឺណែវ និងការរំលោភបំពានក្រម​ព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦។ បទចោទទាំងនេះ​ត្រូវបានកែប្រែ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ និងបទចោទបន្ថែម (រួមទាំង បទប្រល័យពូជសាសន៍) ត្រូវបាន​ចោទ​ប្រកាន់ប្រឆាំង មាស មុតផងដែរ។

កាលពី​ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៨ ​សហចៅក្រមស៊ើប​អង្កេត​អន្តរជាតិ ​បានសម្រេច​បញ្ជូន​សំណុំរឿង ​អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ​ទៅ​​ជំនុំ​ជម្រះ​ ដោយលើក​ជា​សម្អាង​​ថា​ ​មាន​​ភ័ស្តុតាង​​គ្រប់គ្រាន់​​បញ្ជាក់​​ថា​ លោក មាស មុត ​ស្ថិត​​ក្នុង​​ចំណោម​​ជន​​​ដែល​ទទួល​ខុស​ត្រូវ​​ខ្ព​ស់​បំផុតមួយ​ ក្នុង​របប​ខ្មែរក្រហម​។ ប៉ុន្តែនៅថ្ងៃដដែលនេះ សហចៅក្រម​ស៊ើប​អង្កេត​ជាតិវិញ ក៏បានចេញដីកាសម្រេច លើកលែងការចោទប្រកាន់ ដោយសំអាង​ហេតុផល​ថា មាស មុត មិនមែន​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ចំពោះ​បទឧក្រិដ្ឋ​ ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

លោក មាស មុត ​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​នៃ​របប​ខ្មែរ​ក្រហម ​ត្រូវ​បាន​សាលាក្តី​កូនកាត់​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​បទល្មើស​ជាតិ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​កម្ពុជា។