អ្នកនិពន្ធប្រលោមលោកខ្មែរម្នាក់ដែលបានឆ្លងកាត់ជំងឺបាក់ទឹកចិត្ត បានរៀបរាប់ពីបទពិសោធន៍ និងវិធីដោះស្រាយបញ្ហា រួមទាំងការនិពន្ធសៀវភៅ «មនុស្សបាក់ទឹកចិត្ត»។
កញ្ញា គឹម ឌីណា គឺជាអតីតនិស្សិតអក្សសាស្រ្តអង់គ្លេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងបានក្លាយជាអ្នកនិពន្ធប្រលោមលោកខ្មែរប្រចាំហាងសៀវភៅ Le Story និងជាពិធីការិនីឯករាជ្យ។ ក្រៅពីនេះកញ្ញា ក៏ជាអ្នកសរសេរអត្ថបទភាពយន្ត និងទំនុកច្រៀង ចម្រៀងក្នុងប្រលោមលោករបស់ខ្លួនដែរ។ ស្នាដៃសៀវភៅរបស់កញ្ញាមានដូចជា ភរិយាខ្ញុំអាយុ១៨ឆ្នាំ មនុស្សបាក់ទឹកចិត្ត ស្នេហ៍អស់ពីហឫទ័យ និងផ្ការីកវិញទេ?។
កញ្ញា គឹម ឌីណា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃចន្ទសប្តាហ៍មុនថា កញ្ញាបានសរសេរសៀវភៅមនុស្សបាក់ទឹកចិត្ត ដោយសារមានកម្លាំងជំរុញទឹកចិត្តចំនួពីរ ដែលធ្វើឱ្យកញ្ញាសរសេរសៀវភៅនេះឡើង។
ទាំងនេះគឺជាកញ្ញារៀបរាប់លម្អិតរបស់កញ្ញា គឹម ឌីណា ពាក់ព័ន្ធនឹងបទពិសោធន៍នៃការធ្លាក់ទឹកចិត្ត និងការសរសេរសៀវភៅ៖
ទី ១ ខ្ញុំខ្លួនឯងធ្លាប់ឆ្លងកាត់បញ្ហានេះ ហើយដឹងថាវាពិបាកខ្លាំងណាស់ បើបើសិនយើងមិនប្រញាប់រកដំណោះស្រាយ ឬព្យាបាលទេ គឺអាចប៉ះពាល់ដល់គុណភាពនៃជីវិត ឬអាយុជីវិតរបស់យើងក៏ថាបាន។ ដូច្នេះខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់មនុស្សដទៃទៀតថាគាត់មិនជួបបញ្ហាបាក់ទឹកចិត្តតែម្នាក់ឯងទេ ព្រោះក្នុងនោះក៏មានខ្ញុំ។
ខ្ញុំអាចក្រោកមកវិញបាន ខ្ញុំជឿជាក់ថាពួកគាត់គឺអាចដូចគ្នា អ្នកខ្លះគាត់មានជំងឺធ្លាក់ទឹកចិត្ត តែដល់ពេលគាត់មិនធ្លាប់បានដឹងពីវាសោះ គាត់មិនដឹងថាគាត់មានបញ្ហាអ្វី។ អ្នកខ្លះទៀតគាត់គ្រាន់តែពិបាកចិត្តធម្មតា តែគាត់គិតថាគាត់មានជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សាពីជំងឺធ្លាក់ទឹកចិត្ត និងដឹងពីបទពិសោធន៍របស់អ្នកដទៃមិនអាចធានាបានទេថាយើងនឹងអាចគេចផុតពីជំងឺនេះ ប៉ុន្តែវាជួយយើងឱ្យចេះសង្កេតពីការផ្លាស់ប្តូរនៃការគិត និងឥរិយាបថរបស់ខ្លួន ឬមនុស្សនៅជុំវិញខ្លួន ថាកំពុងតែមានរោគសញ្ញា ឬបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត ឬអត់។ បើសិនជាយើងសង្ស័យ យើងគួរទៅរកគ្រូពេទ្យជំនាញផ្នែកផ្លូវចិត្ត ដើម្បីទទួលបានការព្យាបាលឱ្យទាន់ពេលវេលា។
ទី២ គឺ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តស្ត្រីខ្មែរដែលត្រូវប្រឈមបញ្ហាជាច្រើនក្នុងការរស់នៅឱ្យចាប់ផ្តើមមានភាពរឹងមាំ និងយុវជនដទៃទៀតដែលធ្លាក់ក្នុងសភាពបាក់ទឹកចិត្តឱ្យងើបឡើងតស៊ូនឹងបញ្ហា ពីព្រោះក្នុងសៀវភៅមនុស្សបាក់ទឹកចិត្តមានជារឿងខ្លីផងដែរ ដែលនិយាយពីបញ្ហារបស់មនុស្សស្រី។
«មនុស្សស្រី» ជាពាក្យដែលធ្វើឱ្យខ្ញុំគិតថា ខ្ញុំត្រូវតែតស៊ូក្នុងភាពដែលខ្លួនឯងជាស្រ្តី មិនថាជួបបញ្ហា ឬការកៀបសង្កត់ដោយគំនាបសង្គមណាមួយឡើយ។ រាល់ពេលជួបបញ្ហាលំបាក ខ្ញុំប្រាប់ខ្លួនឯងថា ព្រោះខ្ញុំជាកូនស្រី ទើបខ្ញុំត្រូវតែតស៊ូ។ ខ្ញុំធ្លាប់បានជួបស្ត្រីដែលលាក់ទុកសមត្ថភាព និងទេពកោសល្យនៅពីក្រោយរូបរាងមិនសមសួនរបស់ខ្លួន ស្ត្រីដែលបោះបង់ចោលអ្វីៗទាំងអស់នៅពេលស្នេហាមិនសមប្រកប ស្ត្រីដែលអនុញ្ញាតឱ្យគ្រួសារ ឬអ្នកដទៃសម្រេចចិត្តលើអនាគតរបស់ខ្លួនទាំងដែលស្ត្រីទាំងនោះជាអ្នកប្រឈមដោយផ្ទាល់ទៅលើលទ្ធផលដែលកើតចេញពីការសម្រេចចិត្តរបស់អ្នកដទៃ។ល។
ដូច្នេះ សៀវភៅ «មនុស្សបាក់ទឹកចិត្ត» ហាក់និយាយច្រើនពីបញ្ហារបស់មនុស្សស្រី តែក្នុងន័យលើកទឹកចិត្តឱ្យគាត់គិតវិជ្ជមានក្នុងជីវិត។
ខ្ញុំចង់ឱ្យអ្នកអានចងចាំថា នេះមិនមែនជារូបមន្តសម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តនោះទេ ពោលគឺវាគ្រាន់តែជាបទពិសោធន៍ប៉ុណ្ណោះ។ មួយទៀត មុននឹងជួយស្រោចស្រង់ខ្លួនឯងឱ្យផុតពីជំងឺធ្លាក់ទឹកចិត្ត គឺយើងត្រូវទទួលស្គាល់ថា យើងមានជំងឺនេះជាមុនសិន។
ងាកមកបទពិសោធរបស់ខ្ញុំនៅឆ្នាំ ២០១៨ វិញ គឺមុនដំបូងខ្ញុំមិនដឹងទេថាខ្ញុំមានបញ្ហាធ្លាក់ទឹកចិត្ត តែក្រោយពេលខ្ញុំចូលរួមសិក្ខាសាលាដែលនិយាយពីជំងឺធ្លាក់ទឹកចិត្ត ទើបខ្ញុំសម្គាល់មើលលើរោគសញ្ញារបស់ខ្លួន ហើយក៏ទទួលស្គាល់ថាខ្លួនមានជំងឺនេះ។
ខ្ញុំបានព្យាយាមស្រោចស្រង់ខ្លួនឯងតាមវិធីដូចខាងក្រោម៖
១. អានសៀវភៅ និងមើលវីដេអូលើកទឹកចិត្ត ពីព្រោះវាជួយខ្ញុំក្នុងការបណ្តុះភាពវិជ្ជមានក្នុងខ្លួន។ តែមិនមែនអានហើយ មានគំនិតវិជ្ជមានតែពេលអានឬមើលទេ ពោលគឺខ្ញុំយកវាមកអនុវត្តក្នុងជីវិតរបស់ខ្លួនជាពិសេសគឺពេលកំពុងជួបបញ្ហា។
២. ប្រាប់បញ្ហានេះដល់អ្នកជិតស្និទ្ធ៖ សម្រាប់ខ្ញុំការឈឺចាប់ដែលពិបាកនឹងស្រោចស្រង់គឺនៅពេលដែលមានបញ្ហា ហើយមិនដឹងនិយាយប្រាប់អ្នកណា។ ពេលខ្ញុំបាក់ទឹកចិត្ត ខ្ញុំគ្រាន់តែចង់ឱ្យមានអ្នកណាម្នាក់ស្តាប់ពីបញ្ហារបស់ខ្ញុំ យល់ពីខ្ញុំ និងលើកទឹកចិត្តខ្ញុំ ឬសរសើរខ្ញុំ និងប្រាប់ខ្ញុំថាខ្ញុំអាចឆ្លងកាត់វាបាន។ ខ្ញុំបាននិយាយពីបញ្ហារបស់ខ្ញុំទៅកាន់មិត្តជិតស្និទ្ធរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាធូរស្បើយខ្លាំង។ ឆ្លងកាត់រឿងនេះខ្ញុំតែងតែចាំពាក្យមួយថាបើមិនបានលើកទឹកចិត្តគេ កុំបំបាក់ទឹកចិត្តគេព្រោះតែពាក្យសម្តីរបស់យើង។
៣. រំឭកពីស្នាដៃ និងសមត្ថភាពរបស់ខ្លួន៖ អំឡុងពេលបាក់ទឹកចិត្ត ខ្ញុំមើលឃើញខ្លួនឯងអន់គ្រប់រឿង មើលទៅអ្នកដទៃពូកែគ្រប់រឿង។ ខ្ញុំសរសេររឿងលែងចេញ។ ខ្ញុំហាក់ដូចជាបាត់បង់ការជឿជាក់ និងព្រងើយជាមួយនឹងទេពកោសល្យរបស់ខ្លួនមួយទំហឹង។ ក្រោយមកខ្ញុំក៏ចាប់ផ្តើមសើរើអតីតកាលរបស់ខ្លួន ហើយក៏ឃើញថាខ្ញុំធ្វើរឿងបានច្រើនដែរតើ ដូច្នេះខ្ញុំគួរតែមានមោទនភាព ហើយចាប់ផ្តើមបន្តធ្វើវាទៀត។
៤. ការហាត់ប្រាណ៖ ពិតជាសំខាន់ខ្លាំងណាស់! វាជួយទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត! ជាពិសេសជួយបង្កើតជាតិសេរ៉ូទីនីននៅក្នុងខួរក្បាល ដែលជាសារធាតុសម្រាប់បំបាត់ជំងឺធ្លាក់ទឹកចិត្ត។
៥. រាប់អានមនុស្សវិជ្ជមាន៖ មនុស្សប្រភេទនេះជួយខ្ញុំឱ្យឃើញពីភាពស្រស់បំព្រងនៃជីវិត និងរំឭកខ្ញុំពីភាពវិជ្ជមាន។
៦. លែងផ្តាច់ខ្លួនពីសង្គម និងមិត្តភក្តិ៖ ខ្ញុំធ្លាប់សម្ងំនៅតែក្នុងបន្ទប់ លែងចង់ជួបអ្នកណាពេលមានបញ្ហាធ្លាក់ទឹកចិត្ត។ ដូច្នេះខ្ញុំក៏ចាប់ផ្តើមរក្សាទំនាក់ទំនងជាមួយនិងមិត្តរបស់ខ្ញុំ ហ៊ានចេញទៅក្រៅ ឬចូលរួមកម្មវិធីផ្សេងៗឡើងវិញ។ ពេលនៅម្នាក់ឯង គំនិតចេះតែគិតផ្តេសផ្តាស ដូច្នេះខ្ញុំលែងឃុំខ្លួនក្នុងបន្ទប់។
៧. ធ្វើរឿងដែលខ្លួនស្រឡាញ់ តែមិនធ្លាប់បានធ្វើ៖ ខ្ញុំបាននិពន្ធ និងច្រៀងបទ «មនុស្សបាក់ទឹកចិត្ត»។ ខ្ញុំសប្បាយចិត្ត ហើយរកឃើញន័យនៃជីវិតបន្ថែមទៀត បើទោះជាមានគេថាខ្ញុំច្រៀងមិនកើតក៏ដោយ។ ខ្ញុំហៅថាជាការសាកល្បងថ្មីមួយ សម្រាប់ជីវិត! កុំជឿខ្ញុំត្រង់ចំណុចនេះ! ប៉ុន្តែបើសិនជាអ្នកអានដល់ត្រង់នេះ ហើយអ្នកក៏ស្រាប់តែគិតថាខ្លួនមានរឿងអីដែលមិនធ្លាប់ធ្វើទេ ហើយសាកចាប់ផ្តើមធ្វើ អ្នកប្រាកដជាអាចយល់ពីអារម្មណ៍មួយនេះបាន។
៨. T2MM (Talk to Motivate Myself ឬនិយាយលើកទឹកចិត្តខ្លួនឯង) និង W2MM (Write to Motivate Myself ឬសរសេរលើកទឹកចិត្តខ្លួនឯង)៖ អ្នកតាមដានយូធូបរបស់ខ្ញុំមួយចំនួនប្រហែលជាបានឃើញញឹកញាប់នូវពាក្យថា T2MM ពីព្រោះខ្ញុំបានយកវាមកដាក់ជាឡូហ្គូរបស់ខ្លួន។
ការបង្កើតទាំង T2MM និង W2MM ពេលដែលខ្ញុំស្ថិតនៅក្នុងដំណាក់កាលស្រោចស្រង់ខ្លួនឯង ពីព្រោះខ្ញុំយល់ថា មុននឹងអាចនិយាយ ឬសរសេរលើកទឹកចិត្តអ្នកដទៃ ខ្ញុំត្រូវចេះនិយាយ និងសរសេរលើកទឹកចិត្តខ្លួនឯងជាមុនសិន ឬបើអ្នកដទៃមិនលើកទឹកចិត្តខ្ញុំ គឺខ្ញុំនឹងលើកទឹកចិត្តខ្លួនឯងបាន។ ខ្ញុំមិនចង់ធ្វើជាខ្ញុំពីមុន ដែលលើកទឹកចិត្តគេបាន តែមិណអាចលើកទឹកចិត្តខ្លួនឯងបាននោះទេ។
មនុស្សម្នាក់ៗ អាចដោះស្រាយបញ្ហាបាននៅពេលគេហ៊ាននិយាយពីបញ្ហារបស់ខ្លួន។ ខ្ញុំបន្តអនុវត្ត T2MM និង W2MM រហូតមកដល់សព្វថ្ងៃនេះ។
ជាចុងក្រោយ បើសិនជាអ្នកប្រឹងប្រែងអស់ពីលទ្ធភាពហើយ តែនៅមិនអាចជួយខ្លួនឯងបានទៀត សូមប្រញាប់ទៅរកគ្រូពេទ្យផ្នែកផ្លូវចិត្ត ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
សូមកុំខ្វល់ថាអ្នកដទៃនឹងមើលមកអ្នកថាជាមនុស្សយ៉ាងម៉េចដោយសារតែជំងឺធ្លាក់ទឹកចិត្តរបស់អ្នក ពីព្រោះសុខភាពផ្លូវចិត្តរបស់អ្នក និងជីវិតរបស់អ្នកគឺពិតជាសំខាន់ណាស់។ សូមកុំលាក់ទុកបញ្ហាតែម្នាក់ឯង ហើយគួរចាំថាគ្រួសារអ្នក មិត្តរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកពិតជាមិនចង់ឃើញអ្នកពិបាកតែម្នាក់ឯងនោះទេ ហើយពួកគេនឹងរង់ចាំជួយអ្នក។
ខ្ញុំក៏សូមផ្ញើសារទៅកាន់មនុស្សផ្សេងទៀតផងដែរ ថាគួរតែបញ្ឈប់ការវិនិច្ឆ័យពីជីវិតរបស់អ្នកមានជំងឺធ្លាក់ទឹកចិត្ត និងជាពិសេសគិតថាពួកគេជាមនុស្សឆ្កួត ពីព្រោះការគិតបែបនេះហើយដែលរាំងស្ទះពួកគេមិនឱ្យនិយាយពីបញ្ហារបស់ខ្លួន ឬទទួលស្គាល់ថាខ្លួនមានបញ្ហាធ្លាក់ទឹកចិត្ត។ សូមព្យាយាមសង្កេតមើលពីឥរិយាបថ និងការផ្លាស់ប្តូរបែបអវិជ្ជមានណាមួយរបស់សមាជិកគ្រួសារ មិត្តភក្តិ អ្នករួមការងារ ឬមនុស្សជាទីស្រឡាញ់របស់អ្នក ពីព្រោះអ្នកប្រហែលជាអាចជួយពួកគេបានទាន់ពេល។ បើអ្នកមិនដឹងថានិយាយលើកទឹកចិត្តពួកគេយ៉ាងណា ឬជួយយ៉ាងណា អ្វីដែលអ្នកអាចធ្វើដំបូងគេ គឺស្តាប់ពួកគេ ដោយគ្មានការកាត់ក្តីពីរឿងរ៉ាវនៃជីវិតដែលពួកគេឆ្លងកាត់។
ជាចុងក្រោយ កុំបោះបង់ងាយ កុំរំលាយក្តីសង្ឃឹម! ឈឺបេះដូង ឈោងសុបិន!!