សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការចំនួន ១១៣ករណី កាលពីថ្ងៃទី២៩​ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ​ ខណៈប្រទេសជាតិកំពុងមានវិបត្តិកូវីដ ហើយនេះបង្ហាញពីការគំរាមកំហែងជាបន្តយ៉ាងធ្ងន់ធ្ងរដល់គម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ។

តាមរយៈការចុះប្រមូលទិន្នន័យទាំងពីរលើកនៅដែនជម្រកសត្វព្រៃព្រះរការ បើគិតពីខែមីនា CYN បានអះអាងតាមរយរយៈហ្វេសប៊ុកថាមានរហូតដល់ ២១៣ករណី ឬស្មើនឹងការបាត់បង់ព្រៃឈើ ២១៣ដើម។

សមាគមន៍បានអះអាងថា៖ «ប្រភេទឈើដែលទទួលរងការកាប់បំផ្លាញភាគច្រើនជាប្រភេទឈើកម្ររដូចជា
ស្ទៀង សុក្រំ ឈើទាល ដួងចែម ពពេល ផ្តៀក ត្រាច ត្រសេក កកោះ ជាដើម»។

CYN បាននិយាយថាបន្តថាខណៈការរាតត្បាតពីជំងឺកូវីដ-១៩ កំពុងតែរាតត្បាតខ្លាំងនៅប្រទេសកម្ពុជាការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែន ជម្រកសត្វព្រៃព្រះរកា ក៏ដូចជាតំបន់ផ្សេងទៀតរួមមានតំបន់ព្រៃឡង់ផងដែរនោះ ក៏នៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់។

‌‌«ទន្ទឹមនឹងការរាតត្បាតពីជំងឺកូវីដ-១៩នៅក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដែលបានបង្កឱ្យមានវិបត្តិផ្នែក សុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជាដោយឡែកចំពោះវិបត្តិកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែន ជម្រកសត្វព្រៃព្រះរកា ក៏ដូចជាតំបន់ផ្សេងទៀតរួមមានតំបន់ព្រៃឡង់ផងដែរនោះ ក៏នៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់»។

សមាគមបណ្តាញយុវជនកម្ពុជា បាននិយាយផងដែរថា ចាប់តាំងពីការមានការរារាំងអង្គការសង្គមស៊ីវិល សមាគមក្នុងស្រុក និងសហគមន៍មូលដ្ឋានមិន ឱ្យចូលរួមល្បាតព្រៃមក ចំនួនបទល្មើសនៅតែបន្តកើតឡើង និងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានឆ្លុះបញ្ចាំងអំពីប្រសិទ្ធិភាពការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ទហាក់ពុំទាន់មានប្រសិទ្ធិភាព និងនៅមានចន្លោះខ្វះខាតច្រើន។

របាយការណ៍របស់អង្គការគ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva) រកឃើញថាក្នុងមួយទស្សវត្សចុងក្រោយនេះថាប្រទេសកម្ពុជាបានរងនូវការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ និងបាត់បង់ព្រៃឈើអស់ជាងកន្លះលានហិកតា ដោយសាររាជរដ្ឋាភិបាលវិនិយោគដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន ការផ្តល់ដីសម្បទាន សង្គមកិច្ច និងគម្រោងស្ដារព្រៃឈើឡើងវិញ បូករួមទាំងសកម្មភាព កាប់ឈើខុសច្បាប់ ដែលបានធ្វើឱ្យបាត់បង់ព្រៃឈើរួមទាំងតំបន់ដែនជម្រកសត្វព្រៃព្រះរកានេះផងដែរ។

លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានប្រាប់សារព័ត៌មាន Newsroom Cambodia
ថាអង្គការសង្គមស៊ីវិលមួយចំនួនកំពុងប្រើប្រាស់ពលរដ្ឋនៅក្នុងសហគមន៍ដើម្បីដើររាប់គល់ឈើធ្វើរបាយការ
ណ៍ស្វែងរកប្រាក់ជំនួយ។ ពួកគេចាំបាច់ត្រូវធ្វើសកម្មភាពផ្សេងៗដើម្បីបំពេញចិត្តម្ចាស់ជំនួយ ហើយគល់ឈើដែលពួកគេដើររាប់ គឺខ្លះជាគល់ឈើចាស់ៗដែលនៅសល់ពីមុន និងមួយចំនួនជាដើមច្បោះជ័ររបស់ប្រជាពលរដ្ឋដែលពួកគាត់បានស្នើសុំដកហូតដើម្បីប្រើប្រាស់ស្របតាមច្បាប់។

ចំណែកគល់ឈើមួយចំនួនទៀតគឺមន្ត្រីអនុវត្តច្បាប់របស់ក្រសួងបរិស្ថានបានចាប់ជនដៃដល់ធ្វើការផាកពិន័យ
និងបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចអស់ទៅហើយ។ នេះបើយោងតាមលោកនេត្រ ភក្រ្តា។

លោកបានបញ្ជាក់ថា៖ «ក្រសួងបរិស្ថានគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ចំពោះជនណាឬសមាគមនិងអង្គការណាមួយដែលបន្តធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច បំពានច្បាប់ក្នុងតំបន់ការពារធម្មជាតិរាប់ទាំងជនល្មើសក្នុងបទល្មើសធនធានធម្មជាតិ»។

លោកសាន់ ម៉ាឡា មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិបានច្រានចោលការលើកឡើងរបស់លោកនេត្រ ភក្រ្តា
ដែលថាក្រុមអង្គការសង្គមស៊ីវិលមួយចំនួនធ្វើការងារដើម្បីស្វែករកប្រាក់ជំនួយថា «ជារឿងគួរឲ្យអស់សំណើច» ហើយបានអំពាវនាវឲ្យក្រសួងបរិស្ថានអនុវត្តការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ហើយត្រូវធានាថាបទល្មើសព្រៃឈើលែងកើតមានទាំងនៅតំបន់ព្រៃព្រះរការ និងតំបន់ព្រៃឡង់ឬតំបន់ផ្សេងៗទៀត។

លោកបានបន្ថែមទៀតថា ចំណាត់ការរបស់ក្រសួងបរិស្ថានបញ្ជូនជនដៃដល់ទៅផ្ទន្ទាទោស ផាកពិន័យ និងខ្លះកសាងសំណុំរឿងនៅតុលាការ ជារឿងល្អ ក៏ប៉ុន្តែពិត ឬយ៉ាងណា គួរមើលតាមជាក់ស្តែង។

«យើងនៅតែអាចមើលបានតាមរយៈលទ្ធផលជាក់ស្តែងពីបទល្មើសព្រៃឈើ ថាតើពិតជាថយចុះ ឬកើនឡើង
បើបទល្មើសព្រៃឈើនៅតែខ្លាំងជាងមុន ដូចជាក់ស្តែងយើងបានឃើញកាលពីខែមីនានេះ បូកសរុបទៅឃើញថាមានបទល្មើសព្រៃឈើចំនួន ២១៣ករណីជាង ចឹងមានន័យថាអ្វីដែលក្រសួងបរិស្ថានលើកឡើងថាបានពង្រឹងការងារខ្លួនហើយគឺហាក់បីដូចជាមិនអាចទទួល យកបាននោះទេ»។

លោកសឹង សែនករុណា​ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក(ADHOC) ក៏បានឆ្លើយតបទៅនឹងលោក នេត្រ ភក្រ្តា ផងដែរថា វាមិនចំឡែកអ្វីទេដែលក្រសួងបរិស្ថានតែងតែច្រានចោលនូវរបាយការណ៍របស់សកម្មជនបរិស្ថានឬអង្គការសង្គមស៊ីវិល។

លោកបាននិយាយថាអង្គការសង្គមស៊ីវិលនិងសកម្មជនបរិស្ថានមិនមែនចេះតែទទួលបានជំនួយនោះទេ
ម្ចាស់ជំនួយដែលផ្តល់ឲ្យអង្គការសង្គមស៊ីវិលទាំងអស់សុទ្ធតែមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ មុននឹងគេផ្តល់ឲ្យ។

លោកសឹង សែនករុណា​បានបន្តថា លោកលោកនេត្រ ភក្ត្រាអាចដឹងហើយថាសង្គមស៊ីវិលមុននឹងទទួលបានជំនួយគឺត្រូវសរសេរពាក្យស្នើសុំ ធ្វើរបាយការណ៍ពីសកម្មភាពរបស់ខ្លួន ហើយរបាយការណ៍ហ្នឹងមិនអាចប្រឌិតបានទេ ព្រោះម្ចាស់ជំនួយទាំងអស់គេមានការត្រួតពិនិត្យ ​ឬហៅថា(អូឌីត) គឺពិនិត្យលើការចាយវាយផ្សេងៗដោយមានតម្លាភាព ហើយមិនចេះតែយកលុយយកមកប្រើប្រាស់ផ្តេសផ្តាសក្រៅពីការចុះធ្វើសកម្មភាពការងារនោះទេ។

លោកបានបញ្ជាក់បន្ថែមថា៖ «ចំពោះចំណាត់ការរបស់មន្រ្តីបរិស្ថាន យើងទទួលស្គាល់មានករណីខ្លះមានការចាត់វិធានការទៅលើជនខិលខូចបានខ្លះ ប៉ុន្តែនៅមិនទាន់មានប្រសិទ្ធិភាពនោះទេ ព្រោះដរាបណានៅមិនទាន់មានការចូលរួមពីភាគីពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋ សហគមន៍ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលទាំងអស់»។

លោកសឹង សែនករុណាក៏បានទទួចឲ្យក្រសួងបរិស្ថានត្រូវធ្វើយ៉ាងណាផ្តល់នូវសិទ្ធិសេរីភាពទៅដល់ក្រុមយុវជន សហគមន៍ សកម្មជនបរិស្ថានឲ្យពួកគេបានរួមចំណែកការពារព្រៃឈើដែលជាព្រៃឈើរួមរបស់ជាតិ៕