ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​ស្តុក​ទឹករបស់រដ្ឋ នៅ​ក្នុង​ភូមិធ្លក ឃុំក្រោល​គោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បង្ហាញការមិនពេញចិត្ត និង​ក្តី​អស់​សង្ឃឹម​ចំពោះ​សំណង​ថោក​ជាង​តម្លៃ​​ទីផ្សារ​ខ្លាំង។​

អ្នកស្រី សូ សីណា លរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋជាច្រើនគ្រួសារទៀត​ដែល​មាន​ដី​ស្រែរ​ង​ផល​ប៉ះពាល់​​ពី​គម្រោងអភិវឌ្ឍន៍​អាងស្តុក​ទឹក​​របស់​រដ្ឋ​​ ស្ថិត​ក្នុងឃុំក្រោលគោ ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះថា អ្នកស្រី​មាន​ដីស្រែទំហំ​៣០អា​ដែល​ជាកេរ្តិ៍​របស់​ម្តាយ​អ្នកស្រី​ សម្រាប់​ប្រកប​របរ​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ។ អ្នក​ស្រី​បន្ត​ថា ការអភិវឌ្ឍ​អាង​ស្តុក​ទឹក​​នេះ​ប៉ះពាល់​ដល់​ដីស្រែ​រប​ស់​អ្នកស្រី​ទាំង​ស្រុង ប៉ុន្តែ​សំណងដែលរដ្ឋផ្តល់ឱ្យ​មានតម្លៃ​ថោកខ្លាំង​។

អ្នកស្រីថា៖​ «សំណង​វា​តិច​ខ្លាំង​ពេក ឱ្យតែ ៦កាក់​ក្នុងមួយអា អត់​បាន​នំ​បញ្ចុក​មួយ​ចាន​ផង​។ ហើយ​ដី​ធ្វើ​ស្រែ​រាល់​ឆ្នាំ ដី​របប​មាន​តែ​ប៉ុណ្ណឹង ការពិ​តរបប​ម្នាក់​២​៣​អា​ផង អានេះ​ម៉ែ​ចែក​ឱ្យ​៣០​អា​ អញ្ចឹង​ណ៎ា! ក្នុង​កូន​ម្នាក់។ ហើយ​ប៉ះ​ទាំងអស់ ហើយបា​ន​តែប៉ុន្មាន​នឹ​ង ហើយ​យក​អាលុយ​ប៉ុណ្ណឹង​ទៅ​ទិញ​​វិញ ទិញ​បាទ​ទី​ (ដីមួយ​ដុំ​តូច) មួយ​ទិញ​មិន​បាន​ផង វា​តិច​តួច​ខ្លាំង​ពេក»។

ពលរដ្ឋរងផលប៉ះពាល់ម្នាក់ទៀត អ្នកគ្រូ នាង ​​បានបញ្ជាក់ថា ដំបូងឡើយមិនមានគ្រួសារច្រើនទេ ដែល​ព្រ​ម​ទទួលយកសំណង ប៉ុន្តែក្រោយៗមកដោយមានសកម្មភាពចាប់ខ្លួន ការគំរាមកំហែង និងថា​​ពលរដ្ឋខ្លួ​ន​ឯង​​មិនចេះច្បាប់ ក៏ព្រមទទួលយក​សំណង​។

អ្នកស្រីថា៖ «ខ្ញុំនៅឃុំក្រោល​គោហ្នឹង! មានផលប៉ះពាល់ខ្ទង់៣០គ្រួសារជាង ប៉ុន្តែគេព្រមអស់ហើយ ឥឡូវ​នៅ​៥គ្រួសារ។ ពួកខ្ញុំការពិត ពួកគាត់អត់ព្រមទេដំបូង ប៉ុន្តែគាត់ភ័យខ្លាច ដោយសារ​គេ​និយាយ​ប្រាប់​ពួក​ខ្ញុំ​ថា ទី១​គេ​ឱ្យ​ធ្វើតា​ម​នីតិវិធី ការអភិវឌ្ឍ​ហ្នឹង​វា​ប៉ះពាល់។ អញ្ចឹង​ពួកគាត់​ឱ្យ​ខ្ញុំ​​ដាក់​ពាក្យ​បណ្តឹង​ទៅ​ឃុំ​រយៈពេល​១៥​ថ្ងៃ បន្ទាប់មក​ក៏​ទៅ​ខាង​ស្រុក​១៥​ថ្ងៃ ហើយ​ទៅ​ដល់​ខេត្ត​៣០​ថ្ងៃ រួចហើយ​ឡើង​តុលាការ។ អញ្ចឹង​ប្រជាពលរដ្ឋ​គាត់​ភ័យ​ខ្លាច ព្រោះគាត់​ថាមិនដឹងស្វែងរកអន្តរាគមន៍ពីអ្នកណា​ ដោយសា​រវាជារបស់​រដ្ឋ ហើយទៅប្តឹងរដ្ឋដដែលបានអី!»។

អ្នកស្រីបន្ត​ថា ខាងរដ្ឋផ្តល់សំណងឱ្យត្រឹម៦កាក់​ ឬ០.៦ដុល្លារ​ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែ​ប្រជាពលរដ្ឋ​ចង់​បាន​១ ទៅ​២​ដុល្លារ​ក្នុង១ម៉ែត្រការ៉េ។ អ្នកស្រី​ថា កន្លងមកខាងអាជ្ញាធរមូលដ្ឋាន​​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ចរចា​ចំពោះប​ញ្ហា​នេះ​ ប៉ុន្តែជាក់ស្តែងពួកគាត់មិនឱ្យពលរដ្ឋបញ្ចេញមតិ ឬយោបល់នោះទេ គឺ​ត្រឹម​សួរ​ថាព្រម ឬមិនព្រម។

អ្នកស្រីបន្ថែមថា៖ «ហៅប្រជាជនទៅចរចាហ្នឹង! គឺមិនដែលប្រជុំឱ្យពួកយើងបញ្ចេញយោបល់អីទេ គឺ​គ្រាន់​សួរ​ព្រមលក់ ឬមិនព្រមតែប៉ុណ្ណឹង បើព្រមផ្តិតមេដៃ បើមិនព្រមហីទៅ។ គឺហៅពួកខ្ញុំទៅដដែលៗ អត់​មាន​ថា​ហី  អាចឡើង ឬមិនអាចឡើង គេត្រឹមសួរយើងព្រម ឬមិនព្រម»។

ពលរដ្ឋម្នាក់ទៀតដែលមិនព្រមទទួលសំណងដែរនោះ កញ្ញា ភោគ ម៉ារី ដែល​រង​ប៉ះពាល់​ខ្លំាំង​ពី​គម្រោង​អភិវឌ្ឍន៍​​នេះបាន​អះអាង​​ថា​ កញ្ញា​មិនអាចទទួលយកបានទេចំពោះសំណងនេះ ដែល​វា​ថោក​ពី​តម្លៃ​ទីផ្សារ​ខ្លាំង។ កញ្ញថា  កញ្ញាមិនអាចយកលុយ​ពី​ការ​ផ្តល់​សំណង​នោះ​ទៅ​ទិញ​ដី​កន្លែង​ផ្សេង​ទៀត​ទុក​ធ្វើស្រែ​បាន​ទេ។

កញ្ញាថា៖ «ខ្ញុំមិនបានបដិសេធក្នុងការអភិវឌ្ឍន៍ហ្នឹងទេ ប៉ុន្តែខ្ញុំមានសំណួមពរឱ្យគេ (រដ្ឋ) ដំឡើងតម្លៃ ពីព្រោះ​អី ឱ្យសមស្របនឹងទីផ្សារខ្លះ។ ដោយសារនៅពេលដែលខ្ញុំប៉ះដីទាំងអស់ហ្នឹងហើយ ខ្ញុំ​មិនមាន​ដី​ធ្វើ​ស្រែ អ៊ីចឹង​ខ្ញុំត្រូវការឱ្យរដ្ឋគាត់ដំឡើងតម្លៃឱ្យខ្ញុំខ្លះ»។

ដោយឡែកចំពោះបញ្ហានេះមេឃុំក្រោកគោ លោក ភោគ ថន អះអាង​ថា សំណង​ដែល​ផ្តល់​ឱ្យ​ប្រជា​ពលរដ្ឋ​ប៉ុណ្ណឹង​គឺជាការកំណត់ចេញពីរដ្ឋាភិបាល ហើយកន្លងមកក៏មានក្រុមការងារអន្តរក្រសួង​ ចុះ​មក​សម្រប​សម្រួល និងចរចាដែរ។ លោក​ថា គ្រួសារមួយចំនួនធំ ព្រមទទួលសំណងនេះដែរ ហើយ​ក៏​មាន​គ្រួសារ​មួយចំ​នួន​ទៀត មិនព្រមទទួលយកសំណងនេះទេ ដូច្នេះ​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណ​ង​ទៅដាក់ពាក្យបណ្តឹង។

លោកថា៖ «ដាក់ពាក្យប្តឹងមកមេឃុំ រួចប្តឹងមកមេស្រុក រួចទៅតុលាការ។ ព្រោះ​យើង​កំណត់​សេវា​របស់​រដ្ឋ​តែ​ប៉ុណ្ណឹង​ ហើយបើការណាចង់បានលើសពីហ្នឹងទៀត  គឺ​ក្រុម​ការងារ​យើង​អត់​បាន​ដោះស្រាយ​ជូន​ទេ (អត់ហ៊ានទេ)។ ហើយចង់បានតម្លៃលើសពីហ្នឹង អាហ្នឹង!ជាសិទ្ធិរបស់ពួកគាត់ ឱ្យ​គាត់ដាក់​ពាក្យ​ចុះអ​ត់អី​ទេ»។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និង​ជាក្រុម​ការងា​រ​ចុះសម្រប​សម្រួល​នោះ​បាន​បញ្ជាក់​ថា មានប្រជាពលរដ្ឋព្រមទទួលសំណងនេះ​ជាបណ្តើរៗហើយ ហើយ​ក្រុមការងារ​ក៏​ចុះធ្វើ​កា​រនេះជារាងរាលថ្ងៃផងដែរ។

លោកថា៖ «កំពុងចាំមើលទាក់ទងជាមួយខាងក្រុមការងារអន្តរក្រសួង ប៉ុន្តែ​អ្វី​ដែលសំខាន់​គឺ​គោល​ការណ៍​របស់រដ្ឋាភិបាលបានចែងច្បាស់មកហើយ ថាតម្លៃប៉ុនហ្នុង»។

យោងតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មាត្រា៤៤ ចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិត​ក្រោម​ការគាំពារ​នៃច្បាប់ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និង​យុត្តិធម៌៕​