អ្នកស្រាវជ្រាវបណ្ឌិត្យសភាបច្ចេកទេសវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី (APP) ដែលអាចប្រែក្លាយសំឡេងនិយាយភាសាខ្មែរ ទៅជាអត្ថបទសរសេរបាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
បើតាមគេហទំព័ររបស់ប្រព័ន្ធ(Khmer ASR) កម្មវិធីនេះគឺប្រើបា្រស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តិ (Artificial Intelligence) ក្នុងការប្រើប្រាស់បច្ចេកទេសវិទ្យាសញ្ញាសិប្បនិមត្ត ក្នុងការបំលែងសំឡេងនិយាយ និងឯកសារជាសំលេងភាសាខ្មែរ ទៅជាអត្ថបទដោយស្វ័យប្រវត្តិ។
គេហទំព័រនោះបាននិយាយថា «ប្រព័ន្ធស្វ័យប្រវតិ្តកម្មបំលែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR) គឺជាប្រព័ន្ធដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ក្នុងការបំលែងសំឡេងនិយាយនិងឯកសារជាសំលេងជាភាសាខ្មែរ ទៅជាអត្ថបទសរសេរដោយ ស្វ័យប្រវត្តិ។»
ចំណែកឯអត្ថប្រយោជន៍វិញ អាចអនុញ្ញាតឱ្យសហគមន៍អ្នកប្រើប្រាស់ នៅកម្ពុជាអាចប្រើបា្រស់ ឬបំពាក់ជាមួយប្រព័ន្ធឬបច្ចេកវិទ្យាដ៏ទៃទៀត ដើម្បីប្រើប្រាស់ការងារសំខាន់ចំនួនបី រួមមានជួយសម្រួល និងពន្លឿនការងារកត់ត្រានៅកិច្ចប្រជុំ ជាជំនួយដល់ជនពិការបំពេញការងារ និងបង្កើតជាបច្ចេកវិទ្យាបញ្ជាដោយសំឡេង( Voice Command) ជាភាសាខ្មែរទៅលើវត្ថុ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។
សម្រាប់អ្នកប្រើប្រាស់ អាចវាយពាក្យ Khmer ASR ក្នុង Play Store និង App Store ដើម្បីតំឡើងកម្មវិធីនេះបាន។ កម្មវិធីនេះក៏អនុញ្ញាតិអោយអ្នកប្រើប្រាស់ថតចំលងឯកសារទៅកាន់កម្មវិធីផ្សេងទៀតផងដែរដូចជាតេឡេក្រាម Telegram។
អ្នកសារព័ត៌មាន Newsroom Cambodia បានសាកប្រើប្រាស់កម្មវិធីនេះ ហើយបានជួបប្រទះភាពខ្វះខាតបន្ដិចបន្តួចដូចជា ខុសអក្ខរាវិរុទ្ធ និងមានការដកឃ្លាច្រើន៕