​អ្នក​ស្រាវ​ជ្រាវ​​បណ្ឌិត្យ​សភា​បច្ចេក​ទេស​វិទ្យា​ឌី​ជី​ថល​កម្ពុជា​ (CADT​)​ នៃ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវកម្មវិធី (APP) ដែលអាច​ប្រែក្លាយ​សំឡេង​និយាយ​ភាសា​ខ្មែរ ទៅ​ជា​អត្ថបទ​សរសេរបាន ​នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ២០២១នេះ​។

បើ​​តាម​​គេហ​​ទំព័រ​​របស់​​ប្រព័ន្ធ​​(Khmer ASR) កម្ម​​វិធី​​នេះ​​គឺ​​ប្រើ​បា្រស់​​បច្ចេក​​វិទ្យា​​បញ្ញា​​សិប្ប​និមិត្តិ​​ (Artificial Intelligence) ក្នុង​​ការ​​ប្រើ​ប្រាស់​​បច្ចេក​​ទេស​​វិទ្យា​​សញ្ញា​​សិប្ប​និមត្ត ក្នុង​​ការ​​បំលែង​​សំឡេ​ង​​និយាយ​​​ និង​ឯ​ក​សារ​​ជា​​សំលេង​​ភាសា​​ខ្មែរ​​ ទៅ​​ជា​​អត្ថបទ​​ដោយ​​ស្វ័យ​​ប្រវត្តិ​​។

គេហ​​ទំព័រ​​នោះបាននិយាយថា «ប្រព័ន្ធស្វ័យប្រវតិ្តកម្មបំលែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR) គឺជាប្រព័ន្ធដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ក្នុងការបំលែងសំឡេងនិយាយនិងឯកសារជាសំលេងជាភាសាខ្មែរ ទៅជាអត្ថបទសរសេរដោយ ស្វ័យប្រវត្តិ។»

ចំណែកឯ​អត្ថ​​ប្រយោជន៍​​វិញ​​ អាច​​អនុញ្ញាត​​ឱ្យ​​សហគមន៍​អ្នក​ប្រើប្រាស់​ នៅ​កម្ពុជា​អាច​ប្រើ​បា្រស់​ ឬ​បំពាក់​ជា​មួយ​ប្រព័ន្ធ​ឬ​បច្ចេក​វិទ្យា​ដ៏ទៃ​ទៀត​ ដើម្បី​ប្រើប្រាស់​ការងារ​សំខាន់​ចំនួន​បី​​ រួមមានជួយ​សម្រួល​ និង​ពន្លឿន​ការងារ​កត់​ត្រា​នៅ​កិច្ច​ប្រជុំ​ ជាជំនួយ​ដល់​ជន​ពិការ​បំពេញ​ការងា​រ​ និងបង្កើត​ជា​បច្ចេក​វិទ្យា​បញ្ជា​ដោយ​សំឡេង​( Voice Command) ជា​ភាសា​ខ្មែរ​ទៅ​លើ​វត្ថុ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ​។

សម្រាប់អ្នក​ប្រើ​ប្រាស់​​ អាច​វាយ​ពាក្យ​ Khmer ASR ក្នុង Play Store និង App Store​ ដើម្បីតំឡើងកម្មវិធីនេះបាន។ កម្មវិធីនេះក៏អនុញ្ញាតិអោយ​អ្នកប្រើប្រាស់ថតចំលង​ឯកសារ​ទៅ​កាន់​កម្មវិធី​ផ្សេង​ទៀតផងដែរ​ដូច​ជា​តេឡេក្រាម​ Telegram។

អ្នកសារព័ត៌មាន Newsroom Cambodia បានសាកប្រើប្រាស់កម្មវិធីនេះ ហើយបានជួបប្រទះភាពខ្វះខាតបន្ដិចបន្តួចដូចជា ខុសអក្ខរាវិរុទ្ធ និងមានការដកឃ្លាច្រើន៕