រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបណ្តែតទឹក និងជាម្ចាស់បែចិញ្ចឹមត្រីលើផ្ទៃទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី និងផ្ទះទូកតូចៗទាំងនោះចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុកពេលត្រឹម១សប្តាហ៍ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនានេះ ជាកំហិត។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីស្តីពី ការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា ការលួចសាងសង់សំណង់អនាធិបតេយ្យនៅលើទន្លេ រួមមានទាំងលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងផ្ទះតូចៗ គឺជារឿងខុសច្បាប់។
សេចក្តីជូនដំណឹងនោះបន្ថែមតាមន័យដើមថា៖ «ដោយសំអាងថាកន្លែងស្នាក់នៅតាមផ្លូវទឹកបែបនេះជាឧបសគ្គផ្លូវនាវាចរ ប៉ះពាល់ដល់ប្រពន្ធ័អេកូឡូហ្សីដែលជាចរន្តទឹកហូរ នាំឲ្យប៉ះពាល់ការប្រើប្រាស់ចំណីត្រីចិញ្ចឹម ព្រមទាំងចាត់ទុកជាការបំពុលបរិស្ថាន ជីវ:ចម្រុះក្នុងទឹកធ្ងន់ធ្ងរ រហូតដល់ខូចគុណភាពទឹកដែលប្រើប្រាស់ និងភាពស្រស់ស្អាតនៃរាជធានីភ្នំពេញថែមទៀត»។
សាលារាជធានីបានកំណត់រយៈពេលមួយសប្តាហ៍សម្រាប់ការរុះរើ មុនហឹ្នងសម្រេចចាត់វិធានការរដ្ឋបាល៖ «ផុតរយ:ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាតឬ ការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់»។
ក្នុងសេចក្តីជូនដំណឹងនោះបន្ថែមថា រដ្ឋបាលរាជធានីស្នើឲ្យប្រជាពលរដ្ឋប្តូរទៅចិញ្ចឹមត្រីតាមស្រះ ជំនួសឲ្យការដែលធ្លាប់តែចិញ្ចឹមត្រីតាមបែលើទន្លេផងដែរ៕