រដ្ឋបាល​រាជធានី​ភ្នំពេញ​​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ជូន​ដំណឹង​ឲ្យ​​​​ប្រជាពលរដ្ឋ​​ដែល​ជា​ម្ចាស់​ផ្ទះ​បណ្តែត​ទឹក​ និង​ជា​ម្ចាស់​បែ​​ចិញ្ចឹម​ត្រី​​លើ​ផ្ទៃ​ទន្លេ ​រុះ​រើ ​ឬ​​ចល័ត​បែ​ចិញ្ចឹមត្រី​ ​និង​ផ្ទះ​ទូក​តូច​ៗ​ទាំងនោះ​ចេញ​ពី​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ដោយ​ទុក​ពេល​ត្រឹម​១​សប្តាហ៍​ គិត​ចាប់​ពី​ថ្ងៃ​ទី​​២​ ដល់​ថ្ងៃទី​​៨​ ខែ​មិថុនា​នេះ​ ជា​កំហិត​។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលរាជធានី​ស្តីពី​ ការ​រុះ​រើ​ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី​ ​ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូកតូចៗ និង​សំណង់​មិន​រៀប​រយ​លើ​ផ្ទៃ​ទន្លេ​ នៅ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ ចេញ​នៅ​ថ្ងៃ​​ទី​២ ខែមិថុនា ឆ្នាំ​២០២១​នេះ​បញ្ជាក់​​ថា​ ការ​លួច​សាង​សង់​សំណង់​អនាធិបតេយ្យ​នៅ​លើ​ទន្លេ​ រួម​មាន​ទាំង​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី​ ផ្ទះ​បណ្តែត​ទឹក​ និង​ផ្ទះ​តូចៗ​ ​ គឺ​ជា​រឿង​ខុស​ច្បាប់​។

សេចក្តី​ជូន​ដំណឹង​នោះ​បន្ថែម​តាម​ន័យ​ដើម​​ថា៖ «ដោយ​សំអាង​ថា​កន្លែង​ស្នាក់​នៅ​តាម​ផ្លូវទឹក​បែប​នេះ​ជា​ឧបសគ្គ​ផ្លូវ​នាវាចរ​ ប៉ះ​ពាល់​​ដល់​ប្រពន្ធ័​អេ​កូ​ឡូ​ហ្សី​ដែល​ជា​ចរន្តទឹក​ហូរ​ នាំ​ឲ្យ​ប៉ះពាល់​ការ​ប្រើប្រាស់​ចំណី​ត្រី​ចិញ្ចឹម​ ព្រម​ទាំង​ចាត់​ទុក​ជា​ការ​បំពុល​បរិស្ថាន​ ជីវ:​ចម្រុះ​ក្នុង​ទឹក​ធ្ងន់​ធ្ងរ​ រហូត​ដល់​ខូច​គុណភាព​ទឹក​ដែល​ប្រើប្រាស់​ និង​ភាព​ស្រស់​ស្អាត​នៃ​រាជធានីភ្នំពេញ​ថែម​ទៀត»​។

សាលារាជធានី​បាន​កំណត់​រយៈពេល​មួយ​សប្តាហ៍​សម្រាប់​ការ​រុះ​រើ មុន​ហឹ្នង​សម្រេច​ចាត់​វិធាន​ការ​រដ្ឋបាល៖ «ផុត​រយ:ពេល​នេះ​ រដ្ឋបាលរាជធានីភ្នំពេញ​នឹង​ចាត់​វិធានការ​រដ្ឋបាល​ដោយ​ពុំ​​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​ឬ ការបាត់បង់​ណា​មួយ​ឡើយ​ ហើយ​ក្នុង​ករ​ណី​រឹង​រូស​អាជ្ញាធរ​​មូល​ដ្ឋាន​ និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​តាម​ផ្លូវ​ច្បាប់​»។​

ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​​បន្ថែមថា រដ្ឋបាល​រាជធានី​​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​​ប្តូរ​ទៅ​ចិញ្ចឹម​ត្រី​តាម​ស្រះ​ ជំនួស​ឲ្យ​​ការ​ដែល​​​​ធ្លាប់​តែ​ចិញ្ចឹម​ត្រី​តាម​បែ​លើ​ទន្លេ​​ផង​ដែរ៕