សហជីព និងអង្គការសង្គមស៊ីវិលចំនួន ២២ នៅថ្ងៃសុក្រ ទី៣ ខែឧសភានេះ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយអំពាវនាវសារជាថ្មីឱ្យមានការដោះលែងអ្នកទោសមនសិការ ដោយសារពួកគេបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងពន្ធនាគារ។
យោងតាមសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសហជីព សង្គមស៊ីវិលចំនួន ២០ទៀត បានចេញសេចក្ដីថ្លែងការណ៏រួមសារជាថ្មីនេះ បន្ទាប់ពីមានរបាយការណ៏ស្ដីពីការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ។
នៅក្នុងសេចក្ដីថ្លែងការណ៏រួមនោះផងដែរ សង្គមស៊ីវិលទាំងនោះក៏បានលើកឡើងថា សុវត្ថិភាព និងសុខភាពរបស់អ្នកទោសមនសិការទាំងអស់គឺជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល។ បន្ថែមពីនេះសេចក្ដីថ្លែងការណ៏ក៏បានបញ្ជាក់ថា «ដោយមើលឃើញពីរបាយការណ៍នៃករណីកើតឡើងនៃជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារកម្ពុជា រួមផ្សំនឹងចំនួនអ្នកទោសច្រើនពេកនៅក្នុងពន្ធនាគារ, យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការអហិង្សាទាំងអស់ ដែលជាវិធានការដើម្បីកាត់បន្ថយហានិភ័យបណ្ដាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណា»។
សេចក្ដីថ្លែងការណ៍ដដែលក៏បានគូសបញ្ជាក់ផងដែរថា ក្នុងប្រទេសប្រជាធិបតេយ្យ រដ្ឋាភិបាលមិនត្រូវចោទប្រកាន់ ឬផ្ដន្ទាទោសចំពោះអ្នកទោសមនសិការឡើយ។ ផ្ទុយទៅវិញរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ពលរដ្ឋសកម្ម ដែលរួមចំណែកដល់ការធ្វើឱ្យសង្គមមានភាពប្រសើរឡើង ដែលស្របនឹងមាត្រា៥១ នៃរដ្ឋធម្មនុញ្ញដែលបានចែងថា «ពលរដ្ឋកម្ពុជាគឺជាម្ចាស់នៃប្រទេសរបស់ខ្លួន»។
ជាងនេះទៅទៀត សេចក្ដីថ្លែងការណ៍បានចង្អុលបង្ហាញថា ប្រសិនបើពលរដ្ឋមិនអាចចូលរួមក្នុងកិច្ចការសង្គមនិងបញ្ចេញមតិរបស់ពួកគេទេ នោះពលរដ្ឋមិនអាចក្លាយជាម្ចាស់ប្រទេសបានឡើយ។
តាមសេចក្ដីថ្លែងការនេះដែរ អ្នកទោសមនសិការសំដៅលើបុគ្គលដែលត្រូវបានគេចាប់ដាក់គុកដោយសារតែការបញ្ចេញមតិដោយសន្ដិវិធីទាក់ទងនឹងបញ្ហានយោបាយ សង្គម ជំនឿសាសនាឬជំនឿផ្សេងៗតាមមនស្សការឬអត្ថសញ្ញាណរបស់ពួកគេ។
ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល លោកជិន មាលីន ដែលជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល តាមរយៈគណនីហ្វេសបុក បានបដិសេធទាំងស្រុងថាការចេញសេចក្ដីថ្លែងការណ៏ស្នើសុំឱ្យមានការដោះលែងអ្នកទោសមនសិការ ថាជាការមិនសមស្រប ខុសនឹងនីតិវិធីច្បាប់និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ។
លោកបានលើកនៅមូលហេតុប្រាំចំណុចរួមមាន រដ្ឋាភិបាលមិនមានអំណាចដោះលែងអ្នកជាប់ឃុំដែលស្ថិតក្រោមសម្ថកិច្ចរបស់តុលាការ និងគ្មានបុគ្គលឬស្ថាប័នណាបញ្ជាតុលាការបានទេ។ លោកបានបន្តថា មិនមានអ្នកទោសមនសិការទេ ការដោះលែងមិនមែនជាវិធានការសមស្របទេ រដ្ឋាភិបាលមានវិធានការគ្រប់គ្រង ហើយការអំពាវនាវរបស់សង្គមស៊ីវិល ផ្ទុយនឹងច្បាប់និងមានលក្ខណៈនយោបាយ។
គួររំលឹកផងដែរថាតាំងពីសប្ដាហ៍មុនមកម្លេះ មានការឆ្លង់ជំងឺកូវីដ១៩នៅក្នុងពន្ធនាគារចំនួនបីរួមមាន ពន្ធនាគាររាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារខេត្តព្រះសីហនុ ដែលមានការរកឃើញវិជ្ជមានកូវីដ១៩ជាង ១០០នាក់៕