ស្ថានទូតសហរដ្ឋអាមេរិកបានទទូចដល់រដ្ឋាភិបាលកម្ពុជាកុំឲ្យកាត់ទោសសកម្មជនបរិស្ថានទាំងឡាយណា ដែលបញ្ចេញមតិរិះគន់ក្នុងគោលបំណងការពារបរិស្ថាន ដោយបានអះអាងថានេះមិនមែនជារឿងដែលខុសច្បាប់នោះទេ ហើយគឺជាសេរីភាពបញ្ចេញមតិមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ការកត់សម្គាល់បែបនេះត្រូវបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតអាមេរិក លោកW. Patrick Murphy ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកស ខេង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ នេះយោងតាមគណនី Twitter លោក W. Patrick Murphy។
លោក W.Patrick Murphy បានបង្ហោះសារកាលពីយប់ថ្ងៃទី៧ ខែមិថុនានេះថា៖ «ខ្ញុំបានជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលធ្វើឲប្រជាជនកម្ពុជានិងសហរដ្ឋអាមេរិកមានសុវត្ថិភាពពីការជួញដូរ និងឧក្រិដ្ឋកម្មដទៃទៀត។ យើងលើកទឹកចិត្តឲអាជ្ញាធរធ្វើជាដៃគូជាមួយសកម្មជនបរិស្ថានសង្គមស៊ីវិល មិនមែនកាត់ទោសពួកគេពីបទនិយាយចេញដើម្បីការពារធនធានធម្មជាតិឡើយ។»
ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏បានបង្ហោះសារសម្តែងការព្រួយបារម្ភផងដែរចំពោះការដាក់ទោស អ្នកដែលជួយអភិរក្សសម្បត្តិធនធានធម្មជាតិពីការគំរាមគំហែង ដោយការកេងចំណេញផ្នែកពាណិជ្ជកម្មបាន ពីការកាប់បំផ្លាញព្រៃឈើ។
សារនោះបានសរសេរថា៖ «សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការហ៊ាននិយាយដើម្បីការពារបរិស្ថាន ដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសេីរទៅវិញទេ។»
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បាននិយាយថាលោកមិនដឹងពីជំនួបនេះទេ ដោយបានសំអាងថាមិនបានចូលរួមក្នុងកិច្ចប្រជុំ ក៏ប៉ុន្តែលោកបានច្រានចោលការការចោទប្រកាន់ថារដ្ឋាភិបាលបំបិទសិទ្ធិបញ្ចេញមតិ។
លោកខៀវ សុភ័គ បានអះអាងថាលោក «ខ្លាច» ថាសកម្មជនទាំងនោះជាសកម្មជនក្លែងក្លាយ ព្រមទាំងអាចបង្កភាពវឹកវរ ក៏ដូចជាបដិវត្តពណ៌ទៅថ្ងៃមុខ។ លោកបានប្រាប់ Newsroom Cambodia ថា៖ «ប្រសិនបើអ្នករៀបចំបរិស្ថានទាំងអស់នោះមានបំណងពិតប្រាកដ ពិតជាផ្តោតទៅលើបរិស្ថានមែន អើសសូមអបអរសាទរ ពួកខ្ញុំក៏អញ្ចឹងដែរ ទាំងអស់គ្នាក៏អញ្ចឹងដែរ រដ្ឋាភិបាលក៏អញ្ចឹងដែរ។»
កន្លងមក ក៏មានអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការរួម ទាមទារឲរដ្ឋាភិបាលដោះស្រាយឲបានយុត្តិធម៌តាមផ្លូវច្បាប់លើករណីសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ មកអាជ្ញាធរកម្ពុជាបានឃុំខ្លួនចំនួន២០នាក់ រួមមាន លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក្រុមសកម្មជនបរិស្ថាន ក្រុមយុវជនខ្មែរថាវរៈ សមាជិកសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សកម្មជនបក្សប្រឆាំង៕