ក្រសួងមហាផ្ទៃនៅថ្ងៃពុធនេះបានណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យគាំទ្រដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅតាមទីតាំងរាជធានីខេត្តសាម៉ី ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយសារមានមន្ត្រីពន្ធនាគារ និងជនជាប់ឃុំមួយចំនួនមានវិជ្ជមានជំងឺនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១នេះ បានចេញ សេចក្តីណែនាំមួយជូនអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យចូលរួមគាំទ្រដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅតាមទីតាំងរាជធានីខេត្តសាម៉ី ឱ្យអនុវត្តវិធានការគ្រប់គ្រងចាត់ចែងព្យាបាលអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ពង្រឹងការអនុវត្តវិធានការសុខាភិបាលលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និងសុវត្ថិភាពឱ្យបានល្អ។
លោក ស ខេង បានបញ្ជាក់ពីការអនុវត្តវិធានការសំខាន់ៗដើម្បីឱ្យមានការគាំទ្រដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារពីអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំង២៥នោះថា៖ «គ្រប់គ្រង ចាត់ចែងព្យាបាលអ្នកវិជ្ជមានកូវីដ១៩ និងពង្រឹងការអនុវត្តវិធានការសុខាភិបាលនៅតាមមណ្ឌលអប់រំកែប្រែទាំងនោះ និងពន្ធនាគារ ដើម្បីបង្ការការឆ្លងជំងឺនេះមកលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និងសុវត្ថិភាពឱ្យបានល្អ»។
លោក ស ខេង បានណែនាំបន្ថែមទៀតថា៖ «ចំពោះមណ្ឌលអប់រំ និងកែប្រែ និងពន្ធនាគារខេត្តមិនទាន់មានឆ្លងជំងឺកូវីដ១៩ ត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ការធ្វើអនាម័យដៃជាប្រចាំតាមទីកន្លែងបំពេញការងារ តាមបន្ទប់ឃុំឃាំង ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូនិងទឹកអាល់កុលឬជែល វាស់កម្តៅលើអនុរក្សពន្ធនាគារ និងជនជាប់ឃុំ»។
លោក ស ខេង បន្ថែមដោយណែនាំឲ្យត្រួតពិនិត្យសុខភាពអ្នកដែលបានអនុញ្ញាតឱ្យចេញ-ចូលក្នុងពន្ធនាគារ។ ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ ឬពន្ធនាគារណាមួយ អភិបាលរាជធានីខេត្ត ត្រូវសហការជួយធ្វើអន្តរាគមន៍ឆ្លើយតប និងត្រូវរាយការណ៍ជាបន្ទាន់មកក្រសួងមហាផ្ទៃ។
ជំងឺកូវីដ១៩នៅកម្ពុជាបានឆ្លងរាលដាលខ្លាំង ដោយបានឆ្លងចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាលើកទី៣ កាលពីចុងខែកុម្ភៈមក។ បច្ចុប្បន្ន ក្នុងមួយថ្ងៃមានករណីថ្មីត្រូវបានគេរកឃើញប្រមាណជា៦០០ ទៅ៧០០នាក់។
គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣៦,២៤០នាក់។ មានអ្នកជាសះស្បើយចំនួន ២៩,០៤៧ និងមានអ្នកស្លាប់ចំនួន២៨៩នាក់៕