អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃអង្គារ ជូនដំណឹងជាការរំឮកដល់ម្ចាស់អចលនទ្រព្យទាំងអស់នៅទូទាំងប្រទេសឲ្យប្រញាប់ទៅបង់ពន្ធទាំងលើអចលនទ្រព្យ និងដីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ មុនថ្ងៃផុតកំណត់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពុំនោះទេនឹងទទួលទោសតាមច្បាប់។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១បញ្ជាក់ថា ដើម្បីជំរុញការប្រមូលពន្ធឲ្យមានប្រសិទ្ធភាពខ្ពស់ និងជៀសវាងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានភាពអសកម្មណាមួយ នាយកដ្ឋានពន្ធដារចង់រំឮកចំពោះម្ចាស់អចលនទ្រព្យដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ប្រញាប់អញ្ជើញទៅប្រកាសបង់ពន្ធឲ្យបានទាន់ពេលកំណត់។
ក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់ថា៖ «ចំពោះការខកខានមិនទាន់បានដាក់លិខិតប្រកាសពន្ធឲ្យបានទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»។
គួរបញ្ជាក់ថា ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធនេះជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ៕