លោកស្រី ចក់សុភាព ជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(Cambodian Center for Human Rights) ។ លោកស្រីបានផ្ដល់បទសម្ភាសន៍ដល់សិក្ខាកាម Newsroom Cambodia ព្រះតេជគុណ មេង គ្រុយពន្លក អំពីអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ។
Q: តើអ្វីទៅជាអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ ដែលកម្ពុជាក្លាយជារដ្ឋភាគីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២?
A: ច៎ា! ព្រះអង្គ អនុសញ្ញានេះគឺពាក់ព័ន្ធនឹងការចូលរួមទប់ស្គាត់នឹងការរើសអើងប្រឆាំងនឹងរាល់ទម្រង់នៃការប្រើប្រាស់ហិង្សា ឬក៏ការរើសអើងគ្រប់ទម្រង់ទៅលើស្ត្រីហើយ និងក្មេងស្រីផងដែរដោយសារឆ្លើយតប យើងឃើញហើយស្ថានភាពពាក់ព័ន្ធនឹងការរើសអើងលើស្រ្តីនេះនៅតែមានបើទោះបីជានៅលើសកលលោកហាក់ដូចជាមានវឌ្ឍនភាពពាក់ព័ន្ធនឹងសមភាពយេនឌ័រយ៉ាងណាក៏ដោយ ប៉ុន្តែកិច្ចការទាំងអស់នេះគឺនៅតែប្រឈមហើយដែលធ្វើឱ្យជាតិ អន្តរជាតិហ្នឹងមានការទទួលស្គាល់ថា ទាមទារនូវកិច្ចការងារចាំបាច់បន្ថែមទៀតដើម្បីធ្វើការលុបបំបាត់នូវរាល់ទម្រង់រើសអើងទៅលើស្រ្តីភេទនេះ។ ច៎ា! អ៊ីចឹងហើយបានជានៅឆ្នាំ១៩៧៩ អង្គការសហប្រជាជាតិក្នុងមហាសន្និបាតហ្នឹងបានដាក់ចេញនូវអនុសញ្ញា ព្រះអង្គ។
Q: ពរ! សូមអរគុណ ចំពោះសំណួរទីពីរវិញមុនពេលដែលកម្ពុជាទទួលសច្ចាប័ន តើមានការរើសអើងទៅលើស្ដី្រភេទដែរឬទេ? បើមាន មានលក្ខណៈយ៉ាងដូចម្ដេច?
A:ជាការពិតហើយ កម្ពុជាយើងក៏ដូចក្នុងបរិបទសកលហ្នឹង គឺដូចដែលករុណាបានលើកខាងដើម គឺស្ថានភាពស្ត្រីនៅតែប្រឈមនូវរាល់ទម្រង់នៃការរើសអើង ហើយយើងឃើញមានវិសមភាពរវាងស្រ្តីហើយនិងបុរស ហើយមកដល់បច្ចុប្បន្ននេះយើងជជែកដល់អ្នកដែលស្រលាញ់ភេទដូចគ្នាថែមទៀត។ អ៊ីចឹងហើយយើងឃើញថាមុនពេលមានការដាក់ចេញនូវអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីនេះ គឺសឹងតែលើពិភពលោកហ្នឹងគឺមានការប្រឈម ហើយប្រទេសកម្ពុជាយើងក៏មិនខុសពីស្ថានភាពប្រទេសដទៃដែរ ដោយសារប្រទេសយើងមានប្រវត្តិ បើទោះបីក្នុងប្រទេសកម្ពុជាយើងមានប្រវត្តិយូរអង្វែងដែលមានការឱ្យតម្លៃលើស្រ្តីជាធំ មានស្រ្តីជាថ្នាក់ដឹកនាំក៏ដោយ ប៉ុន្តែយើងឃើញតួនាទីរបស់ស្រ្តីនេះត្រូវបានធ្លាក់ចុះ ហើយដែលសង្គមយើងមិនបានឱ្យតម្លៃ ហើយមាននូវវប្បធម៌ប្រពៃណីជាច្រើនដែលបានរឹតបន្ដឹង ហើយធ្វើឱ្យមានវិសមភាពយេនឌ័រមានភាព មានស្ថានភាពនេះកាន់តែអាក្រក់ហើយយើងឃើញវិសមភាពនៃអំណាចរវាងបុរសដែលជាទូទៅបានប្រើអំណាចទាំងអស់នោះក្នុងការបំពានទៅលើស្រ្តី ដោយផ្អែកលើយេនឌ័រហ្នឹង យើងហៅដូចផ្អែកលើយេនឌ័រហ្នឹងដោយសារវិសមភាពផ្នែកយេនឌ័រនេះ ធ្វើឱ្យស្រ្តីប្រឈម។
អ៊ីចឹងហើយយើងឃើញថា ប្រទេសកម្ពុជាយើងបើទោះបីជាចំនួនស្ត្រីបុរសមានចំនួនស្មើគ្នា ប៉ុន្តែបើយើងមើលសមាសភាពនៃការចូលរួមរបស់ស្រ្តីហ្នឹងគឺនៅមានកម្រិតនៅឡើយ អ៊ីចឹងទាំងមុនពេលដែលយើងទទួលស្គាល់នូវលិខិតតុបករណ៍របស់អន្តរជាតិ របស់អង្គការសហប្រជាជាតិ ស្ថានភាពនេះបានប្រឈមរួចទៅហើយ ហើយទោះបីជាយើងបានបានទទួលស្គាល់ហើយក្ដី ក៏មិនបានន័យថា នៅពេលយើងទទួលស្គាល់ហ្នឹង ស្ថានភាពនេះវានឹងប្រសើរជាស្វ័យប្រវត្តិក៏អត់ដែរ គ្រាន់តែការទទួលស្គាល់របស់រដ្ឋាភិបាលទៅលើលិខិតតុបករណ៍អន្តរជាតិនេះ វានឹងជួយជាការបង្ហាញនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការចូលរួមលុបបំបាត់នូវរាល់ទម្រង់ការរើសអើងលើស្រ្តី ហើយដែលជាបទដ្ឋានមួយដែលកម្ពុជាយើងអាចប្រើប្រាស់ក្នុងការតាក់តែងគោលនយោបាយជាតិ ហើយនិងសកម្មភាព ផែនការ សកម្មភាពផ្សេងៗដោយអនុលោមទៅតាមគោលការណ៍អន្តរជាតិនេះ ។
Q: បន្ទាប់ពីកម្ពុជាក្លាយជារដ្ឋភាគីនៃអនុសញ្ញាអស់រយៈពេលជាង៤២ឆ្នាំមកនេះ តើលោកស្រីយល់ថាមានការផ្លាស់ប្ដូរយ៉ាងដូចម្ដេចដែរ?
A:មែនទែនទៅ យើងឃើញថាស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជាយើង ឬក៏យើងហៅថាស្ថានភាពយេនឌ័រ មានវឌ្ឍនភាពបើយើងមើលជារួម វឌ្ឍនភាពក្នុងន័យថាយើងឃើងមានការចាប់ផ្ដើមយល់ច្រើនរបស់សាធារណជន របស់អ្នកតាក់តែងគោលនយោបាយហើយនិងស្ថាប័នពាក់ពន្ធទៅក្នុងការការបញ្ជ្រាបយេនឌ័រ យើងឃើញចាប់ផ្ដើមមានការជជែងអំពីយេនឌ័រ មានការលើកកម្ពស់អំណាចរបស់ស្រ្តីអីជាដើមនឹង នៅក្នុងសង្គមយើង ហើយនិងការយកចិត្តទុកដាក់ពីស្ថានប័នពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ទាំងឯកជន នៅក្នុងការធ្វើយ៉ាងម៉េចឱ្យមានការ គេហៅថាឱ្យមានការ ដូចថាសម្រេចបាននូវគម្លាត បានន័យថាកុំឱ្យមានគម្លាតធំរវាងវិសមភាពយេនឌ័ររវាងស្ត្រីហើយនិងបុរសហ្នឹង។
អ៊ីចឹងវាជាកិច្ចប្រឹងប្រែងដែលយើងឃើញថាមានការចូលរួមទាំងពីសំណាក់រដ្ឋាភិបាល ហើយនិងខាងតួអង្គមិនមែនរដ្ឋាភិបាល មានទាំងអង្គការសង្គមស៊ីវិលក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទោះបីជាមានវឌ្ឍនភាពនេះក៏ដោយការប្រឈមគឺនៅតែមាន យើងឃើញដូចដែលករុណាបានលើកពាក់ព័ន្ធនឹងសមាសភាពនៃការចូលរួមរបស់ស្រ្តីហ្នឹងគឺនៅមានតិចតូចទាំងនៅ វិស័យនយោបាយ ការសម្រចចិត្តនានា ការតាក់តែងគោលនយោបាយ ឬក៏ស្ត្រីនៅក្នុងវិស័យយុត្តិធម៌អីហ្នឹង គឺនៅមានចំនួនតិចតួចមែនទែន ហើយដែលទាំងអស់នេះគឺធ្វើឱ្យជាកូនឧបសគ្គ ដែលយើងឃើញថាអាចធ្វើឱ្យមានការមើលរំលងនូវការមើលពីជ្រុងខាងយេនឌ័រហើយមានបញ្ហាមួយចំនួនហ្នឹង ដែលធ្វើឱ្យជាឧបសគ្គរបស់ស្រ្តីក្នុងការក្នុងការទទួលបានយុត្តិធម៌ ។ល។ នេះជាចំណោទមួយ ហើយទីពីរយើងឃើញនូវការកើតឡើងនូវទម្រង់នៃការប្រើប្រាស់ហិង្សានៅក្នុងគ្រួសារឬក៏នៅក្នុងបរិបទសង្គមគឺនៅតែកើតមាន យើងឃើញមានករណីជាច្រើនដែលស្រ្តីនៅតែបន្តរងគ្រោះអំពីទម្រង់នៃហិង្សានេះ ហើយការទទួលបានយុត្តិធម៌នេះទៀតសោតហ្នឹងគឺនៅមិនទាន់បានពេញលេញ ហើយយើងឃើញករណីជាច្រើនបានរាយការណ៍ ប៉ុន្តែទន្ទឹមហ្នឹងមានករណីជាច្រើនផ្សេងទៀតមិនបានរាយការណ៍ដោយសារតែគម្លាតសង្គមវប្បធម៌ ហើយវប្បធម៌បន្ទោសលើជនរងគ្រោះជាដើម។ល។ ដែលជាឧបសគ្គធ្វើឱ្យស្រ្តីទទួលបាននូវយុត្តិធម៌និងការទទួលបានការគំាពារពីសង្គមផងដែរ។
Q: តើលោកស្រីយល់ថា រដ្ឋាភិបាលដែលបានអនុវត្តនូវការលុបបំបាត់ការប្រឆាំងនឹងស្រ្ដីភេទ បានគ្រប់គ្រាន់ហើយ ឬនៅ?
A: បើយើងមើលទៅតាមការត្រួតពិនិត្យចុងក្រោយរបស់គណៈកម្មការស៊ី-ដ (CEDAW) ជាគណៈកម្មការដែលគាត់ទទួលបន្ទុកក្នុងការត្រួតពិនិត្យទៅលើរបាយការណ៍របស់រដ្ឋភាគី ហើយនៅប្រទេសកម្ពុជាយើងក៏បានចូលរួមនៅក្នុងយន្តការ តាមរយៈការផ្ញើជូននូវរបាយការណ៍ ហើយឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការស៊ី-ដ (CEDAW) ហ្នឹងដែរ។ អ៊ីចឹងចុងក្រោយនោះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ហ្នឹងគឺប្រទេសកម្ពុជាយើងបានទទួលនូវអនុសាសន៍ជាច្រើនពីគណៈកម្មការ អ៊ីចឹងអនុសាសន៍ទាំងអស់នោះហើយដែលឆ្លុះបញ្ចាំងពីចំណុចចន្លោះប្រហោង ចំណុចខ្វះខាត ហើយចំណុចដែលរដ្ឋាភិបាលត្រូវបំពេញបន្ថែមទៅក្នុងការធានានូវសមភាពយេនឌ័រ ព្រមទាំងការលុបបំបាត់នូវការរើសអើងប្រឆាំងនឹងស្រ្តីភេទហ្នឹងដែលប្រទេសកម្ពុជាយើងត្រូវធ្វើកិច្ចការងារទាំងអស់នេះ ហើយនៅពេលដែលយើងឆ្លងកាត់នូវការត្រួតពិនិត្យជាថ្មីម្ដងទៀតដូចជានៅឆ្នាំ២០២៣ អ៊ីចឹងកម្ពុជាយើងអាចបង្ហាញនូវវឌ្ឍនភាពឆ្លើយតបនឹងបញ្ហា ឬក៏អនុសាសន៍ដែលគណៈកម្មការបានផ្ដល់ជូននោះ។ ករុណា!
Q: ហេតុអ្វីកម្ពុជាចាំបាច់ត្រូវទទួលសច្ចាប័នលើពិធីសារបន្ថែមលើអនុសញ្ញស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងស្ដ្រីភេទនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១០ បើទោះបីជាកម្ពុជាបានក្លាយជាភាគីអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ?
A: វាជាលិខិតតុបករណ៍បន្ថែមពីលើអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ស្ដីពីការរើសអើងប្រឆាំងនឹងនារីភេទ គឺខាងអង្គការសហប្រជាជាតិមានដាក់ចេញនូវលិខិតតុបណ៍បន្ថែមដែលផ្ដល់ជាជម្រើសបន្ថែមពីលើអនុសញ្ញាហ្នឹង គឺពិធីសារបន្ថែមនេះគឺអនុញ្ញាតឱ្យបុគ្គលអាចដាក់ពាក្យបណ្ដឹងបានទៅគណៈកម្មការ ដែលប្រសិនបើកម្ពុជាយើងមិនទទួលស្គាល់ មិនផ្ដល់សច្ចាប័នលើពិធីសារបន្ថែមនោះទេ បានន័យថាមានតែរដ្ឋភាគីប៉ុណ្ណោះដែលមានសិទ្ធិក្នុងការរាយការណ៍ហើយនិងការប្ដឹងផ្ដល់អីហ្នឹងគឺមិនមានជាលក្ខណៈបុគ្គលទេ អ៊ីចឹងនៅពេលដែលកម្ពុជាយើងបានផ្ដល់សច្ចាប័នទៅលើពិធីសារបន្ថែមនេះ អ៊ីចឹងអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា មិនមែនចាំបាច់ទាល់តែមានជាលក្ខណៈស្ថាប័នជារដ្ឋទេ ប៉ុន្ដែជាបុគ្គលហ្នឹងគឺយើងអាច នៅពេលណាដែលយើងមិនអាចទទួលបាននូវយុត្តិធម៌ នៅពេលដែលយើងបានព្យាយាមគ្រប់លទ្ធភាពអស់ហើយក្នុងយន្តការក្នុងស្រុក បានន័យថាដូចជាតាមរយៈបណ្ដឹងតាមតុលាការអីជាដើមហ្នឹង គឺយើងនៅតែមិនទទួលបាននូវយុត្តិធម៌នោះ គឺពលរដ្ឋសាមញ្ញអាចដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់ទៅតាមរយៈយន្តការស៊ី-ដ (CEDAW)បាន។ នេះជាផលប្រយោជន៍នៃការផ្ដល់សច្ចាប័នបន្ថែមទៅលើពិធីសារបន្ថែមនៃអនុសញ្ញានេះ។ ករុណា!
Q: តើលោកស្រីមានអនុសាន៍បែបណាដើម្បីឱ្យប្រទេសកម្ពុជាមិនមានការរើសអើងប្រឆាំងនឹងស្រ្តីភេទនាពេលអនាគតឆាប់ៗនេះ?
A: ការងារទាំងអស់នេះមែនទែនទៅឃើញថាប្រទេសកម្ពុជាបានដាក់ចេញ ទីមួយយើងបានទទួលស្គាលលិខិតតុបករណ៍អន្តរជាតិដូចជា អនុសញ្ញាស៊ី-ដ (CEDAW) ឬក៏ពិធីសារបន្ថែមអីហ្នឹងគឺជាកិច្ចការមួយល្អហើយ ប៉ុន្តែការទទួលស្គាល់លើលិខិតតុបករណ៍ប៉ុណ្ណឹងគឺមិនទាន់គ្រប់គ្រាន់ទេ គឺទាមទារនូវការអនុវត្តជាក់ស្ដែងដែរ អ៊ីចឹងការអនុវត្តជាក់ស្ដែងនេះក្នុងនាមជារដ្ឋហត្ថលេខីហ្នឹងគឺទាមទារនូវការងារ បានន័យថាយើងមានកាតព្វកិច្ចសំខាន់បីគឺ ទីមួយគឺការធានាដល់ការគោរពទៅតាមអនុសញ្ញាទៅតាមពិធីសារបន្ថែម។ល។ ដែលយើងបានទទួលស្គាល់ហ្នឹង ហើយទីពីរនោះគឺយើងការពារ បានន័យថានៅពេលណាដែលមានបុគ្គលជាជនរងគ្រោះពីទម្រង់នៃការរើសអើងជាដើមហ្នឹងគឺរដ្ឋត្រូវផ្ដល់នូវកិច្ចគាំពារចាំបាច់ហើយនិងយុន្តការផ្សេងៗ ដើម្បីគាំពារក្នុងការទប់ស្កាត់ និងការដោះស្រាយចំពោះបញ្ហារើសអើងប្រឆាំងនឹងនារីភេទហ្នឹង ហើយទីបីនោះគឺកាតព្វកិច្ចក្នុងការបំពេញបន្ថែមគឺធានាថា ប្រសិនបើនៅក្នុងច្បាប់ជាតិយើងមិនមានច្បាប់គ្រប់គ្រាន់ ឬក៏ច្បាប់ដែលមានហើយ ប៉ុន្តែមិនបានអនុលោមទៅតាមគោលការណ៍អន្ដរជាតិអីហ្នឹង គឺរដ្ឋត្រូវធ្វើយ៉ាងម៉េចក្នុងការតាក់តែងច្បាប់ ឬក៏ធ្វើវិសោធនកម្ម ឬក៏ធ្វើកិច្ចការជាច្រើនថែមទៀតដូចជាការដាក់ចេញនូវគោលនយោបាយនានា ផែនការសកម្មភាពនានាហ្នឹងគឺដើម្បីធ្វើឱ្យសម្រេចបាននូវកិច្ចប្រឹងប្រែងក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ អ៊ីចឹងគឺចាំបាច់ណាស់គឺការទទួលស្គាល់លិខិតតុបករណ៍គ្រាន់តែជំហានមួយទេ ប៉ុន្តែការអនុវត្តការធានានូវសិទ្ធិទទួលបាននូវជំនុំជម្រេះដោយយុត្តិធម៌ សិទ្ធិទទួលបានយុត្តិធម៌ សិទ្ធិទទួលបាននូវការគាំពារពីអាជ្ញាធរពាក់ព័ន្ធគឺចាំបាច់ក្នុងការឆ្លើយតបចំពោះការ រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ។
Q: សូមអរគុណលោកស្រី សម្រាប់កិច្ចសម្ភាសន៍!
A: ករុណា ព្រះអង្គ!