រាជរដ្ឋាភិបាលកម្ពុជានៅល្ងាចថ្ងៃពុធនេះ បានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបចោលការបោះឆ្នោតសាកល្បងក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមលិខិតរបស់រាជរដ្ឋាភិបាលនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យលុបចោលការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេស។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងសារសំឡេងដែលបានផ្សព្វផ្សាយដោយបណ្តាញសង្គមនៅល្ងាចថ្ងៃពុធនេះថា លោកទើបបានទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ លោកថា លោកទើបទទួលបានព័ត៌មានពីខេត្តសៀមរាប អំពីតម្រូវការនៃការហ្វឹកហ្វឺនប្រជាជនសម្រាប់ការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២១។
លោកកបញ្ជាក់ថា៖ «ដោយយោងទៅលើសភាពការណ៍ជាក់ស្តែងនៅកម្ពុជា ជំងឺកូវីដកំពុងវាយលុក ហើយក្នុងមួយថ្ងៃៗប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះគ្មានការចាំបាច់ណា ដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងនោះទេ ព្រោះពេលវេលានេះយើងត្រូវផ្តល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩»។
លោកថា នេះមិនមែនជាពេលវេលាដើម្បីប្រមូលប្រជាជន មកធ្វើការរៀនសូត្រហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ពេលវេលានេះសូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ការប្រមូលប្រជាជនណាមួយមកជួបជុំដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បង គឺគ្មានការចាំបាច់នោះទេ»។
លោក ហ៊ុន សែន បានចេញបទបញ្ជាក្នុងសារសម្លេងដដែលនោះជូនដល់គ្រប់អភិបាលរាជធានី-ខេត្តទាំងអស់ ដោយមិនឱ្យមានការប្រមូលប្រជាជនមកធ្វើការបណ្តុះបណ្តាលរៀនសូត្រសម្រាប់ការបោះឆ្នោតសាកល្បងនេះចាប់ពីការទទួលបទបញ្ជានេះតទៅ។
ភ្លាមៗនោះដែរ នៅថ្ងៃពុធដដែល អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នុត សុខុម បានសម្រេចលើកពេលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១នោះ ដោយមិនទាន់កំណត់ពីកាលបរិច្ឆេទថ្មី៕