សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ បានសម្រេចចុះកិច្ចព្រមព្រៀងប្រគល់សម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលរឹបអូសបានពីការកាន់កាប់ដោយខុសច្បាប់ មកឱ្យកម្ពុជាគ្រប់គ្រងវិញ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី និងមេធាវីតំណាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក លោក ស៊ីរូស វ៉ានស៍ (Cyrus Vance) នៅថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូបមកកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។
សេចក្តីប្រកាសដដែលនោះបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរទាំងនោះរួមមានរូបបដិមាផ្នែកព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាសម័យអង្គររួមមាន ព្រះពុទ្ធគង់សម្មាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ជាដើម។
សម្បត្តិវប្បធម៌ខ្មែរដែលសហរដ្ឋអាមេរិកប្រគល់មកកម្ពុជានោះ មិនទាន់អាចដឹកមកកម្ពុជាបានភ្លាមៗនោះទេ ហើយពេលនេះវត្ថុបុរាណទាំងនោះត្រូវបានថែររក្សាទុក និងវេចខ្ចប់តាមបច្ចេកទេសដើម្បីត្រៀមដឹកជញ្ជូនមកកម្ពុជាវិញ។
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវចិត្រសិល្បៈ លោក ហាប់ ទូច ប្រាប់ Newsroom Cambodia តាមទូរសព្ទថា៖ «ការចុះព្រមព្រៀងហើយ បានន័យថាកម្មសិទ្ធិរបស់យើងហើយ។ យើងនឹងចាត់ចែងបន្ត។ ក្រសួងបានធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ហើយពេលនេះគេកំពុងវេចខ្ចប់ទៅតាមបច្ចេកទេស ហើយរក្សាទុកក្នុងឃ្លាំងស្តុកសុវត្ថិភាពសិនដើម្បីរៀបចំឯកសារ ហើយដោយសារស្ថានភាពកូវីដផង ប្រហែលជាមួយ ឬពីរខែអីទៀតយ៉ាងយូរមើលទៅ»។
លោក ហាប់ ទូច បន្តថា រហូតមកដល់ពេលនេះ មិនទាន់មានតួលេខនៃវត្ថុបុរាណដែលបានប្រគល់ជូនមកកម្ពុជាពីរដ្ឋាភិបាលអាមេរិកនៅឡើយ ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជាសហការជាប្រចាំជាមួយភាគីសហរដ្ឋអាមេរិកក្នុងស្វែងរក និងទាមទារមកវិញនូវសម្បត្តិវប្បធម៌របស់កម្ពុជាដែលបានលួចនាំចេញទៅក្រៅប្រទេសដោយខុសច្បាប់។
លោក ហាប់ ទូចបានបន្ថែមទៀតថា៖ «ទោះជាយ៉ាងក៏លទ្ធផលបានឃើញច្រើនហើយ បើជាក់ស្តែង មានបញ្ជីដែលធំនៅគណៈរដ្ឋមន្ត្រី យើងឃើញថានៅឆ្នាំ២០១៣ ឆ្នាំ២០១៤ដែលមានរូបសំខាន់ៗ ដែលមានរូបមកពីប្រាសាទកោះកេរ្តិ៍ ហើយយើងបានរៀបចំពិធីយ៉ាងធំដុំកន្លងមកហ្នឹង គឺសុទ្ធតែជាលទ្ធផលកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកហើយ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងតម្កល់ថែររក្សាវត្ថុបុរាណដែល អាមេរិកប្រគល់ឱ្យទាំងអស់ នៅសារៈមន្ទីរជាតិ ក្នុងរាធានីភ្នំពេញ៕