ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ពុធ ទី៩ ខែមិថុនា ឆ្នាំ២០២០១​នេះ​ បាន​​ប្រកាសឲ្យអាជីវកម្មមក​ចុះ​ឈ្មោះ​​ទុក​ជា​មុន បើសិនចង់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រ cambodiatrade.com ដែលទើបតែបង្កើតឡើងថ្មីៗដោយក្រសួង។

តាមរយៈសេចក្តីប្រកាស ក្រសួង​ពាណិជ្ជ​កម្ម​បាននិយាយថាផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិចមួយនេះ មានគោល​បំណង​ជួយ​ដល់​សហគ្រាស​ធុនតូច ​និងមធ្យម​ ​ក្នុង​ការ​លក់​ផលិតផល​​ដល់អតិថិជន​សក្តានុពល​ទាំងក្នុងស្រុក ​និងក្រៅស្រុក​។

ក្រសួង​ពាណិជ្ជកម្មបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាសដដែល​នោះថា សហគ្រាស​ធន់តូច​ និងមធ្យមអាច ប្រើប្រាស់​ផ្សារ​នេះបាន​​លុះត្រា​ណាតែ​បាន​ចុះ​ឈ្មោះជា​​ផ្លូវ​ការរួចហើយ​ជាមួយ​ក្រសួង​ ឬមានលិខិត​អនុញ្ញាតប្រកប​អាជីវកម្មដែល​មានវិញ្ញាបនបត្រពន្ធប៉ាតង់ និងលេខអត្តសញ្ញាណសារពើពន្ធមានសុពលភាព និងលក់ផលិតផលដែលផលិតនៅប្រទេសកម្ពុជាប៉ុណ្ណោះ។

ក្រោយ​ពេល​ការ​ចុះ​ឈ្មោះ​និងអនុម័ត​រួចហើយ សហគ្រាស​ធុនតូច​និងមធ្យម​អាចបង្ហោះ​ផលិត​ផល​របស់​ខ្លួន​នៅ​លើទំព័រ​ហាងរបស់ខ្លួន​បាន​ ហើយ​ផលិត​ផលទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅលើ​ផ្សារ​នៅពេល​ដែល​ផ្សារ​បាន​ដាក់​ដំណើរការជា​ផ្លូវការ។ នេះតាម​សេចក្តី​​ប្រកាសក្រសួងដដែល៕