អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែមិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយប្រតិកម្មទៅនឹងការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលថា កម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាអាមេរិកទៅកាន់មូលដ្ឋានសមុទ្ររាម ដោយបានចាត់ទុកថា ការលើកឡើងនេះជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត។
ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងកាពារជាតិកម្ពុជា ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ»។
ក្នុងសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតដដែលបន្ថែមថា៖ «ស្នើសុំឲ្យមន្រ្តីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត»។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានមួយបំភ្លឺដល់សាធារណមតិជាតិ និងអន្តរជាតិ ជុំវិញសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានចោទប្រកាន់កម្ពុជាថាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាអាមេរិក ទៅកាន់មូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា៖ «ក្រសួងការពារជាតិបានយកចិត្តទុកដាក់រៀបចំឱ្យមានដំណើរទស្សនកិច្ចដូចមានក្នុងសេចក្តីសម្រេចរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងស្របតាមការសំណើររបស់អនុព័ន្ធយោធាអាមេរិកនៅកម្ពុជា លោកវរសេនីយ៍ឯក Marcus Ferrara»។
សេចក្តីប្រកាសដដែលនោះបានបន្ថែមទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ក្រុមការងារសម្របសម្រួល បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបានកំណត់និងការព្រមព្រៀងគ្នា។ ក្នុងទស្សនកិច្ចនោះមានរយៈប្រមាណជា៣ម៉ោងដោយ មានជំនួបពិភាក្សាការងារដែលស្នើដោយភាគីអាមេរិក ការទៅពិនិត្យមើលអាគារសង់ថ្មី ការពិនិត្យមើលផែ និងនាវា ទស្សនារោងជាង មន្ទីរពេទ្យ ពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខជាដើម។
សេចក្តីប្រកាសព័ត៌មានដដែលក៏បានបន្តថា៖ «ភាគីអាមេរិកបានបង្កើតស៊ីណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែលមិនបានស្នើសុំពីមុនមក»។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចដដែលនោះ កម្ពុជាមើលឃើញពីភាពមិនប្រក្រតី និងបង្ហាញពីការមិនគោរពចំពោះអធិបតេយ្យកម្ពុជា ដែលជាចេតនាធ្វើមិនយល់ពីលក្ខណការណ៍របស់កងទ័ព ហើយក្រុមការងារបានបដិសេធចំពោះសំណើថ្មីនោះ និងហាក់បានបង្ហាញពីភាពមានះផងដែររបស់អនុព័ន្ធយោធាអាមេរិកនៅក្នុងការជំនះចូលទៅកាន់ទីនោះ។
ក្រសួងការពារជាតិក៏បានចាត់ទុកថាប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ នេះជាការលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌ដដែលនេះ។
កម្ពុជាក៏បានស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបង្កើតស៊ីណារីយ៉ូថ្មីៗ និងត្រូវគោរពដល់អធិបតេយ្យ និងលក្ខណការណ៍កងទព័កម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលនោះបានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជានៅតែគិតលើសំណើធ្វើទស្សនកិច្ចនាពេលអនាគតរបស់សហរដ្ឋអាមេរិក ថានឹងពិចារណាយ៉ាងហ្មត់ចត់ តាមករណីនីមួយៗ ហើយសកម្មភាពទាំងឡាយណានៅក្នុងបរិវេណមូលដ្ឋានទ័ពដែលបានទទួលការអនុញ្ញាត គឺជាទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរនោះឡើយ។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ មានសារព័ត៌មានក្រៅប្រទេសមួយបានចុះផ្សាយថា កម្ពុជាបានព្រមព្រៀងជាសម្ងាត់ជាមួយចិនអំពីការដាក់កងទ័ពជើងទឹកចិននៅរាម តែត្រូវបានរដ្ឋាភិបាលកម្ពុជាអះអាងថាជារឿងប្រឌិត៕