កញ្ញាហឿន​ យូអៀង ជា​សមាជិក​ស្ម័គ្រ​ចិត្ត​នៃ​បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំវ័យ​ក្មេង ហើយក៏​ជាបុគ្គលិក​អង្គការក្រៅ​រដ្ឋា​ភិបាលមួយ​ដែល​មាន​តួ​នាទី​ជា​មន្ត្រី​ផ្នែក​សម្របសម្រួល​ផ្នែក​ទំនាក់​ទំនង​។ កញ្ញា​បាន​បទ​សម្ភាសន៍​ដល់​សិក្ខាកាម Newsroom Cambodia កញ្ញា​ឆន រស្មី អំពី​បញ្ហាស្ត្រីនិង​បរិបទសង្គម​មួយ​ចំនួនដែល​ស្រ្តី​កំពុង​ប្រឈម។

Q:​ ជម្រាប​សួរ​បង​ស្រី!​​​ ជាបឋម​សូមឱ្យបងអាចជួយណែនាំខ្លួនប្រាប់ប្អូនបន្តិច?

A: សួស្ដី! នាង​ខ្ញុំ​ឈ្មោះ​​ហឿន​ យូអៀង ជា​សមាជិក​ស្ម័គ្រ​ចិត្ត​នៃ​បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំវ័យ​ក្មេង ហើយក៏​ជាបុគ្គលិក​អង្ការក្រៅ​រដ្ឋា​ភិបាលមួយ​ដែល​មាន​តួ​នាទី​ជា​មន្ត្រី​ផ្នែក​សម្របសម្រួល​ផ្នែក​ទំនាក់​ទំនង​។

Q: បង​ទាក់​ទង​នឹង​បរិ​បទ​សង្គម​(social construction)មួយ​បាន​និយាយ​ថា​«កូន​ស្រី​មិន​ចាំ​បាច់​រៀន​ច្រើន​ពេក​ទេ រៀន​ឱ្យ​ចេះ​ល្មម​ៗ​ទៅបាន​ហើយ​ពេល​មាន​កូន​-ប្ដី​ទៅ​នៅ​ផ្ទះ​ដដែល​ហ្នឹង»តើ​បង​យល់​យ៉ាង​ណា​ដែរ​ចំពោះ​បរិបទ​មួយ​នេះ​?

A. សម្រាប់​ឃ្លា​តាម​គំនិត​របស់​ខ្ញុំ​ផ្ទាល់​តែម្ដង​ ខ្ញុំ​យល់​ថា​វា​ជាការ​យល់​ឃើញ​តៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំ​នាន់ដោយ​សារតែមនុស្ស​ប្រុស​ភាគ​ច្រើនមាន​គំនិត​ថា​ខ្លួនឯង​គួរ​តែ​ជា​មេ​គ្រួសារ​ ខ្លួន​ឯង​គួរ​តែជា​អ្នក​រកចំ​ណូល​ហើយ​ចិញ្ចឹម​មនុស្ស​ស្រី​ ហើយមនុស្ស​ស្រី​គួរ​តែជាអ្នក​ដែល​នៅ​ផ្ទះ​មើល​ថែ​ទាំកូន​ នេះ​ជា​ការ​យល់​ឃើញ​របស់​មនុស្ស​នៅក្នុង​សង្គមពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ប៉ុន្តែ…​ខ្ញុំ​​គិត​ថា​ការ​គិត​ហ្នឹងជា​ការ​គិត​ដ៏​លំ​អៀង​បំ​ផុត​សម្រាប់​មនុស្ស​ស្រី​ស្រប​ពេល​ដែល​មនុស្ស​ស្រី​នៅ​ផ្ទះមើល​កូន​ហើយ​ប្តី​អ្នកចិញ្ចឹម​គេ​គិត​ថា​ជា​មនុស្ស​ស្រី​ដែល​មាន​សំណាង​។

​​ផ្ទុយ​មកវិញ​ខ្ញុំ​គិត​ថា​ការ​ដែល​មនុស្ស​ស្រី​បោះ​បង់​ក្ដី​ស្រមៃ​ខ្លួន​ឯង​​​​​​​ហើយ​រស់នៅរំពឹង​ចាំ​ការមើល​ថែ​ពី​ដៃ​គូរ​គឺ​ជា​ការ​ប្រថុយ​ប្រថាន​មែនទែន​នៅ​ពេល​ដែលយើង​អត់​មាន​ចំណេះ​ជំនាញខ្លួន​ឯង​​ពិតប្រាកដ​​ណាមួយ​​ហើយ​យើង​រំ​ពឹង​ទៅ​លើការ​ចិញ្ចឹមឬការ​យក​ចិត្ត​ទុកដាក់​មើល​ថែ​ពី​គេ​ទាំង​ស្រុង​គឺ​ជីវិត​របស់​យើង​ហ្នឹង អាច​និយាយ​បាន​ថា​វា​ប្រថុយ​ប្រថាន​។

ឧទាហរណ៌​ថា​ នៅ​ពេលដែល​អត់​មាន​គេ​ឬ​ក៏មានឧបទ្ទវហេតុ​និយាយ​ឱ្យ​អាក្រក់​ស្ដាប់បន្តិច​ទៅ​មាន​រឿង​អី​កើត​ឡើង​ហើយយើង​ត្រូវ​រស់​នៅ​ដោយ​ខ្លួន​​ឯង​តើ​យើង​ទៅ​រំ​ពឹង​អី​?​ ចឹង​វាប្រថុយ​ប្រថាន​មែន​ទែន​សម្រាប់​ជីវិត​របស់​មនុស្ស​ស្រី​ដែល​ត្រូវ​ទៅ​រស់នៅ​មើល​ថែ​គ្រួសារ​ហើយ​អត់​មាន​ចំណេះ​ជំនាញ​ខ្លួន​​ឯង​ផ្ទាល់។​

អ៊ីចឹង!​ ឃ្លា​ដែល​គេ​លើក​ឡើង​ថា​អត់​ចាំ​បាច់​រៀន​ច្រើន​គង់​តែ​នៅផ្ទះ​ ទោះ​បី​យើង​គង់​តែនៅ​ផ្ទះ​ក៏​ដោយ​តែ​ចំ​ណេះ​ដឹង​នឹង​ជំនាញហាស​! វា​ជួយ​យើង​ច្រើន​មែន​ទែន​ក្រៅ​ពី​មាន​ភាព​ឯក​រាជ្យ​ខ្លួន​ឯង​ ផ្គត់​ផ្គង់​គ្រួសារ​បាន​ល្អ​ប្រសើរ​ អាច​ដោះ​ស្រាយ​បញ្ហា​បាន​គឺ​វា​ជា​រឿង​ចាំ​បាច់​សម្រាប់​ការ​រស់នៅ​របស់​យើង​។

ឪពុក​ម្ដាយ​ឬអាណាព្យាបាល​ដែល​មាន​កូន​ស្រី​ភាគ​ច្រើន​គឺ​គាត់​គិត​ថា ហ៊ឺស!​ គួរ​តែ​​ឱ្យកូន​ស្រី​មាន​គ្រួសារ​ទៅ​ត្រូវ​បាន​គេ​មើល​ថែ​ទាំ​គឺ​ជីវិត​របស់​កូន​គាត់​និង​ស្រួល​និង​ល្អ​ប្រសើរ​…អ៊ីចឹងទៅ ប៉ុន្តែ​តើគាត់​ធ្លាប់​ដែល​គិត​អត់​ថា​ក្មេង​ស្រី​ត្រូវ​រស់នៅ​ក្នុង​ជីវិត​ដែល​រំពឹង​ទៅ​លើ​ដៃ​គូរ​ហ្នឹង​វា​ប្រថុយ​ប្រថាន​មួយ​សម្រាប់​ពួក​គេ អាច​និយាយ​បាន​ថា​៥០/៥០​ដូច​ជា​ការ​យក​ជីវិត​ទៅ​ផ្ញើគេ​។

នោះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ហើយ​ចំណេះ​ជំនាញ​ ការ​អប់​រំ​មិន​ត្រឹម​តែធ្វើ​ឱ្យ​ក្មេងស្រី​មាន​ទំ​នុក​ចិត្ត​ ភាព​ជឿ​ជាក់​ធ្វើ​ជា​ម្ដាយ​ល្អ​ ជំ​ហរគ្រួសារ​ល្អ​ និង​គំរូល្អ​នោះ​ទេពួក​គេ​ក៏​អា​ច​ក្លាយ​ជាអ្នកដឹក​នាំ​ដ៏​ល្អ​ដែរ​ហើយ​ពួក​គេ​ក៏​អាចធ្វើ​ឱ្យ​ឪពុក​ម្ដាយមាន​មោទន​ភាព​ចំ​ពោះ​ពួកគេ​ដែរ​ក្រៅ​ពីអាច​ធ្វើ​ម្ដាយ​នៅក្នុងគ្រួសារ​ឬ​ក៏​ជា​ប្រពន្ធ​នៅ​ក្នុង​គ្រួសារ​។

Q: តើ​បង​​​គិត​ថា​ក្មេង​ស្រី​នៅ​តែ​ទទួល​រង​នូវ​គំនៀប​នេះ​ភាគ​ច្រើន​កូន​ដែល​ស្ថិត​ក្នុង​​ស្ថានភាព​បែប​គ្រួសា​របែប​ណា​(គ្រួសារ​ក្រី​ក្រ មធ្យម មាន)?

A. សម្រាប់​នាង​ខ្ញុំ​គិតថា​ក្មេង​​ស្រី​ដែលស្ថិត​ក្នុង​ស្ថាន​ភាព​គ្រួសារ​ក្រី​ក្រ​និង​មធ្យម​ព្រោះ​ថា​គ្រួសារ​ក្រី​ក្រគាត់​អាច​និងមានលទ្ធភាព​គ្រាប់​គ្រាន់​ដើម្បី​បញ្ជូន​កូន​គាត់​ទៅ​សាលា​រៀន​ អ៊ីចឹង​ហេតុ​ផលមួយ​ហ្នឹង​ក៏អាច​សម្រួល​ដល់​គាត់​ដែល​អត់​ចាំ​បាច់​ត្រូវ​បញ្ជូន​កូនទៅ​រៀន​ខ្ពង់​ខ្ពស់​វែង​ឆ្ងាយ​ដែល​ត្រូវ​ចំណាយ​លុយ​ចំណាយ​ពេល​ច្រើន​ គាត់​រំពឹង​ចាំវាសនា​កូន​គាត់​ទៅ​លើ​ដៃ​គូ​របស់​នាង ព្រោះ​តែ​គាត់​ចង់​​​​ឱ្យ​កូន​ស្រី​របស់​គាត់​ឆាប់​មាន​ទំ​នួល​ខុស​ត្រូវ ឆាប់​មាន​ជីវិត​គូមាន​គ្រួសារ​មាន​លំ​នឹង​អ៊ីចឹង​ទៅ​ហ្នឹង​ប្រហែល​អ្វី​ដែល​ជា​ការ​គិត​របស់​គាត់​ឬក៏​គ្រួសារ​មធ្យម​ហើយ​សម្រាប់​គ្រួសារ​ដែល​មាន​ជីវ​ភាព​​ធូរ​ធារគាត់​អាច​នឺង​រស់នៅ​បានសមរម្យ​…អ៊ីចឹង​គាត់​ក៏​ចំណាយ​ពេល​វេលា​តិច​ទន់​តិច​ឱ្យ​​​កូន​សិក្សា​ព្រោះ​ថាកូន​របស់​គាត់​អាច​មាន​វាសនា សម្រេច​ក្ដីប្រថ្នា​របស់​ខ្លួន​របស់​ពួក​គេ​។

Q: តើ​បង​ធ្លាប់​​ឆ្លង​កាត់​បរិបទ​សង្គម ចេញ​ពី​គ្រួសារ​ឬ​បង​ប្អូន​ដែ​ររឺ​ទេ?

A: សម្រាប់​បទ​ពិសោធន៍​ខ្ញុំ​ផ្ទាល់ពាក់​ព័ន្ធ​និង​បរិបទ​សង្គម​ហ្នឹង​ហាស!​ ក៏​​ខ្ញុំ​ធ្លាប់​ជួប​ដែរ​ប៉ុន្តែវា​ប្រហែល​ជា​មិន​តឹង​តែង​ពេក​រហូត​ដល់​ខ្ញុំ​រើ​បម្រាស់​មិន​រួច​នោះទេ​។ ការ​ពិតទៅ​វា​គ្រាន់​តែជា​មតិ​យោបល់​និង​ការ​យល់​ឃើញ​របស់​មនុស្ស​ជុំ​វិញ​ខ្លួន​ដែលគេ​ប្រាប់​ថាមនុស្ស​ស្រី ទោះ​ខំ​ប្រឹង​រៀន​យ៉ាង​ណា​ក៏​ដោយ ខ្ពស់​យ៉ាង​ណា​ក៏ដោយ​ត្រូវ​តែចេះធ្វើ​ការ​ងារ​ផ្ទះ​ព្រោះ​អី?

គឺ​នៅ​តែ​ក្លាយ​ជា​ប្រពន្ធ​គេ​​មើល​ថែ​ទាំ​កូន​ដដែល​ហ្នឹង​ យេស!​ ស្ដាប់​មើល​ទៅ​ហាក់ដូច​ជាការ​ខិតខំ​រៀន​សូត្រ​របស់​យើង​អត់​សូវ​មានន័យ​។ព្រោះ​អី​យើង​គួរ​តែទៅ​ធ្វើ​ការ​ងារ​ផ្ទះ​និង​ប្រពន្ធ​របស់​គេ​ប៉ុន្តែ​ពាក្យ​ទាំង​អស់​ហ្នឹង​វា​ឮវា​ជា​ការ​បញ្ចេញ​មតិ​យោបល់​របស់​គេ​ អ៊ីចឹង​វា​ជា​ការ​សម្រេច​ចិត្ត​របស់យើង​ថា​យើង​ជឿ​គេ​ធ្វើ​តាម​គេឬក៏​ជឿ​ជាក់​លើក្ដី​ស្រមៃ​របស់​ខ្លួន​​ឯង​​ធ្វើ​តាម​បេះ​ដូង​ខ្លួន​​​ឯង​ ក៏​ប៉ុន្តេ​បញ្ហា​មួយទៀតនៅ​ពេល​ដែល​ឪពុក​ម្ដាយ​ឬអាណាព្យាបាល​របស់​យើង​ត្រូវ​បាន​ប្រាប់​ឬបញ្ចេញ​មតិ​ជុំ​វិញ​ខ្លួន​ពី​រឿង​ហ្នឹង​ពួក​គាត់​នឹង​ដាក់​សម្ពាធ​មកលើ​យើង។​

ពួក​គាត់​ក៏មាន​សម្ពាធ​រង​ឥទ្ធិពលពី​ពាក្យ​ទាំង​ហ្នឹង​ពី​សង្គម​ដែរ​ ពួក​គាត់​ចាប់​ផ្ដើម​យល់​ឃើញ​ថា​​ ​មនុស្ស​ភាគ​ច្រើន​គឺ​គិត​ចឹង​ហេតុ​អ្វី​បានកូន​ខ្ញុំ​គិត​ខុស​គេ​ខ្ញុំ​មិន​អាច​​​​ឱ្យ​កូន​ខ្ញុំ​ខុស​គេ​បាន​ទេត្រូវ​តែ​ធ្វើ​តាម​គេ។​ អ៊ីចឹង​គាត់​ចាប់​ផ្ដើម​ដាក់​សម្ពាធ​លើ​យើង ​ប៉ុន្តែ​យើង​ក៏​ត្រូវ​រើ​បម្រាស់​ដែរ​ដូច​ខ្ញុំ​ចឹង ខ្ញុំ​ខំ​រៀន​​​​ឱ្យ​ពូកែ​ដើម្បី​​​​ឱ្យ​គេ​ឃើញ​ថា​ខ្ញុំ​រៀន​បានលទ្ធ​ផល​ល្អ​ដែរ​ចឹង​ហេតុ​អី​ខ្ញុំ​ត្រូវ​បោះ​បង់ការ​សិក្សា​​ចោល​ទៅ​ខំ​ប្រឹង​ធ្វើ​ការងារ​ផ្ទះ​វិញ​?

Q: តើកូនស្រីត្រូវព្យាយាមលុបបំបាត់បរិបទសង្គមទាំងនេះដោយរបៀបណា ឬគួរតែនៅត្រងត្រាប់តាមបរិបទសង្គមនេះដដែល?

A: តាម​ពិត​ទៅ​យើង​អត់​អាច​លុប​បំបាត់​ហ្មងទេ តែ​ដូច​ខ្ញុំ​និយាយ​មុន​ហ្នឹង​ចឹង​វា​ជា​ការ​ជ្រើស​រើស​នូវ​ការ​សម្រេច​ចិត្ត​របស់​យើង​ ប្រសិន​បើ​យើង​គិត​ថា​អ្វី​ដែល​យើង​ធ្វើ​ត្រឹម​ត្រូវ​យើង​មាន​ក្ដី​ស្រមៃ​របស់​យើង​និង​វិធីដែល​យើង​ដើរ​ទៅ​រក​ក្ដី​ស្រមៃ​របស់​យើង​ត្រឹមត្រូវ​ហេតុ​អ្វី​បាន​ជា​យើង​សម្រេច​ចិត្ត​​​​​​​ឱ្យ​​បរិបទ​សង្គម​មក​រារាំង​ដែល​វា​ជា​ការ​យល់​ឃើញ​និង​ការ​ជឿ​របស់​មនុស្ស​មួយ​ចំនួន​។

យេស មនុស្សស្រី​មួយ​ចំនួន​គាត់​ធំ​ធាត់​ឡើង​ទាំង​ដែល​គាត់​យល់​ស្រប​និង​ជឿលើ​ផ្នត់​គំនិត​បាត់​ទៅ​ហើយ​ គាត់​អត់​បាន​ដឹង​ថា​អាហ្នឹង​វា​ជា​ការ​គៀប​សង្កត់​ជាឧបសគ្គ​មួយ​សម្រាប់​គាត់​ទេ ប៉ុន្តែ​ទន្ទឹមហ្នឹង​ដែរ​ក្មេងស្រី​មូយ​ចំ​នួន​ដែល​ស្រ​មៃ​ខ្ពស់​ហើយ​ព្យាយាម​ជម្នះ​នូវ​ការ​យល់​ឃើញ​របស់​សង្គម​មួយ​នេះ​ព្រោះ​​ពួកគេ​ចង់​រស់​នៅ​ដោយ​​ឯក​​រាជ្យ​ពឹង​ពាក់​លើ​ជីវិត​ខ្លួន​​​ឯង​រីក​រាយក្នុងការ​រស់នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ពូកគេ។​

Q: តើ​​ក្នុងនាម​បង​ជា​កូន​ស្រី​ម្នាក់ ស្រី្ត​ម្នាក់ តើ​បង​រង់​ចាំ​​ឱ្យ​​សង្គម​ជា​អ្នក​ផ្លាស់​ប្ដូរ​របរិបទ​នេះ ឬ​មួយ​ក៏​បង​ខិត​ខំ​កែ​ប្រែ​វា​ដោយ​ផ្ដើម​ចេញ​ពី​ខ្លួន​​​ឯង?

A: ក្នុង​នាម​ខ្ញុំ​ជាកូន​ស្រី​ម្នាក់​​ ជា​ស្រ្តី​ម្នាក់​ខ្ញុំ​នឹងមិនរង់ចាំ​​ឱ្យ​នរណាម្នាក់​ឬក៏​​​ឱ្យ​សង្គម​ទាំ​ង​មូល​នៅ​សុខ​ៗមក​ផ្លាស់​ប្ដូរទេ! ខ្ញុំ​គិតថា​វា​អត់​អាចទៅ​រួចទេ​ដែល​នៅ​សុខ​ៗ​សង្គម​ផ្លាស់​ប្ដូរ តែ​ត្រូវ​​​ឱ្យ​សង្គម​ដឹង​សិន​ថា​មាន​បញ្ហាអ្វី​ខ្លះ​កំពុង​កើតឡើង​ចំ​ពោះ​យើង​ដែល​យើងគិត​ថាត្រូវ​ផ្លាស់​ប្ដូរ​ខ្លះ​​ ឬ​ផ្លាស់ប្ដូរកន្លែងនេះ ត្រូវ​ផ្លាស់ប្ដូរ​កន្លែងនេះ​ចេញ ព្រោះ​អី​វា​បានប៉ះ​ពាល់​ដល់ខ្ញុំ​មែនទែន។​​ អ៊ីចឹង​ មាន​តែ​យើង​ខ្លួន​​ឯង​​ដែល​ជា​ស្ត្រី​ហ្នឹង​បង្ហាញ​នូវ​​ការ​ពិបាក​របស់យើង​និយាយ​​​ឱ្យ​ឮ​​ឱ្យ​គេ​ដឹង​ថា​មាន​បញ្ហា​អី​?​ ហើយសម្រាប់​ខ្ញុំ​ ខ្ញុំ​នឹងចាប់​ផ្ដើម​បង្ហាញ​​​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​ឃើញ​ថាខ្ញុំ​គឹ​ជា​ស្ត្រី​ដែល​ខុស​ពីស្ត្រីនៅ​ក្នុង​រង្វង់​យេ​នឌ័រ​ដែល​គេ​បាន​កំណត់​ គេ​បាន​កំ​ណត់​នៅ​ក្នុង​ប្រអប់​មួយ​ថា​មនុស្ស​ស្រី​តែ​អញ្ចេះៗ​ ​​ អ៊ីចឹង​ខ្ញុំ​នឹងបង្ហាញ​​ឱ្យ​​គេឃើញ​ថា​មិន​មែន​មនុស្ស​ស្រី​ទាំង​អស់​សុទ្ធ​តែ​ចង់​បានដូច​អ្វី​ដែល​គេកំណត់ទេ​។

ខ្ញុំ​ចង់​លោត​ចេញ​ពី​ប្រអប់​ហ្នឹង!​ ខ្ញុំ​ចង់​មើល​ឃើញ​ពិភព​លោក​ ចង់​ដើរ​ហើរ​មាន​សេរី​ភាព​ អូខេ​! ​ចឹងខ្ញុំ​ចាប់​ផ្ដើម​តាម​ចាប់​ក្ដី​ស្រមៃ​តាម​វិធី​ត្រឹម​ត្រូវ​ដែល​ខ្ញុំ​ជឿ​ជាក់​ហើយ​ប្រសិន​បើទោះ​បីជា​វា​លំ​បាក​ត្រូវ​ជម្នះ​ ប៉ុន្តែ​ក្នុង​នាមយើង​ជា​ស្ត្រី​ខ្លួន​ឯង​​បើ​យើង​មិន​ក្រោក​ឡើង​ដោយ​ខ្លួន​​ឯង​ទេ​តើ​អ្នក​ណា​នឹង​មក​ធ្វើ​វាជំ​នួស​យើង​បើ​យើង​ជា​អ្នក​ជួប​បញ្ហា​ដោយ​ខ្លួន​​ឯង​ហ្នឹង។

Q: តើ​អ្វី​ជា​ការ​រំពឹង​ទុក​របស់​បង​ក្នុង​ការ​ជួយ​ជម្រុញ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ស្រី​ជំនាន់​ក្រោយ​ឲ្យ​មាន​ភាព​ក្លា​ហាន​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ចៀស​វាង​រស់​នៅ​ក្រោម​បរិបទ​បុរាណ​របស់​គ្រួសារ​?

A: នាង​ខ្ញុំ​សូម​មាន​សារ​សូម​លើក​ទឹក​ចិត្តមួយ​សូម​​​ឱ្យស្ត្រី​និង​ក្មេង​ស្រី​ក្នុង​នាម​យើង​ជា​មនុស្ស​ស្រី​ត្រូវ​កសាង​សមត្ថភាព​ខ្លួន​​ឯង​ឱ្យ​រឹង​មាំ បង្ហាញ​​ឱ្យ​គេ​ឃើញ​ថា​យើង​អាច​មាន​លទ្ឋភាព​មើល​ថែ​ទាំ​ខ្លួន​​​ឯង​បាន​នៅ​ថ្ងៃ​មុខ​ យើង​ត្រូវ​ការ​ជ្រើស​រើសដៃ​គូជីវិត​​គឺមិន​មែន​ដើម្បីយើង​ក្លាយ​ទៅ​ជា​អ្នក​ធ្វើ​កិច្ច​ការ​ផ្ទះ​ឬ​រស់​នៅរំ​ពឹង​គេទេ គឹ​យើង​ជ្រើស​រើសយក​គេដើម្បី​ដើរ​រួម​ផ្លូវ​ជា​មួយ​គ្នា​ បង្កើត​ជំនាន់​ក្រោយ​ជា​មួយ​គ្នា​ និង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​យើង​ក្លាយ​ទៅ​ជា​ម្ដាយក៏​ក្លាយ​ដែល​មាន​ការ​អប់​រំ​ សម្រាប់ជាគំ​រូដល់​កូន​ៗ។​

ហើយ​អ្វី​ដែល​សំខាន់​នៅ​ពេល​ដែល​យើង​មាន​ចំ​ណេះ​ដឹង​ជំ​នាញគឺ​យើងនិងមាន​សមត្ថភាព​អាច​ដោះស្រាយ​ក្នុង​ជី​វិត​គ្រួសារ​របស់​យើង​អាចគ្រប់គ្រងគ្រួសារ​របស់​យើង​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ល្អ​ប្រ​សើរ​ជា​ជាង​ដែល​យើង​រស់​រំពឹង​ទៅ​លើ​ដៃ​គូរ​របស់​យើង​តែ​ម្ខាង​៕