គ្រឿងញៀនកំពុងរីករាលដាល និងពង្វក់យុវជនទៅដល់ទីជនបទនៃប្រទេសកម្ពុជា។ ខាងក្រោមនេះជាមតិយល់ឃើញរបស់ប្រជាពលរដ្ឋ ជុំវិញកត្តាជំរុញឲ្យយុវជនសព្វថ្ងៃឈានទៅប្រើប្រាស់គ្រឿងញៀន។
អ្នកស្រី សុផាត ដែលមានវ័យ៣៦ឆ្នាំ ជាអ្នកលក់ចាប់ហួយនៅផ្សារតាកែវ បាននិយាយប្រាប់ Newsroom Cambodia ថា អ្នកស្រីព្រួយចិត្តជាខ្លាំងចំពោះបញ្ហាគ្រឿងញៀននេះ។
អ្នកស្រីថា៖ «ពិបាកណាស់ក្មួយអើយ! កូនមីងម្នាក់បានជ្រុលខ្លួនចូលទៅសេពអាគ្រឿងឆ្កួតហ្នឹង (គ្រឿងញៀន) វាវក់វង្វេងគ្មានស្គាល់ផ្ទះសម្បែងស្អីទេ។ ពេលប្រលប់ៗ មិត្តភក្តិវាមកយកហើយមិនដឹងវាទៅរកស្អីវាទេ និយាយមិនដែលស្ដាប់មីងទេវាស្ដាប់តែមិត្តភក្កិវាហ្នឹង ពីមួយថ្ងៃទៅមួយថ្ងៃៗកាន់តែពិបាកឡើងៗ ពីមុនកូនមីងមិនមែនវាពាលាចឹងទេក្មួយ! និយាយឱ្យអស់ទៅមកពីវាដើរតាមគ្នាវាហ្នឹងម៉ង់បានជាខូចមនុស្សអស់ទៅ»។
និស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ថ្លែងដោយសុំមិនបញ្ចេញឈ្មោះនិយាយថា កញ្ញាបានឃើញករណីការប្រើប្រាស់គ្រឿងញៀនច្រើនគួរសមដែរ ពួកគេធ្វើដោយមិនខ្លាចញញើតច្បាប់នោះទេ។
កញ្ញាបាននិយាយថា៖ «ឥឡូវកាន់តែពិបាកព្រោះអីគ្រឿងញៀនបានសុះសាយនៅក្នុងសង្គមច្រើន មានក្មេង និងយុវជនខ្លះលែងមានភាពគ្រប់គ្រងនៅលើខ្លួនទៅហើយ សម្រាប់នាងខ្ញុំបើតាមយល់ឃើញមានកត្តាច្រើនដែលធ្វើឱ្យយុវជនទាំងនោះធ្វើ ពួកគេឈាននឹងលង់ខ្លួនទៅដល់ការប្រើប្រាស់គ្រឿងញៀន មានខ្លះមានបញ្ហាគ្រួសារច្រើនជាង ដូចនៅក្នុងគ្រួសារមួយដែលខ្វះការអប់រំណែនាំ ជម្លោះគ្រួសារ ភាពមិនចុះសម្រុងរវាងសមាជិកគ្រួសារកូនៗនៅក្នុងបន្ទុក មានរកាំរកូសច្រើន។ កក្តាទាំងនេះហើយដែលធ្វើកូនៗមិនចង់នៅផ្ទះ ហើយជាពិសេសការរាប់អានជាមួយមិត្តដែលបានដើរផ្លូវខុស ការអូសទាញពីមិត្តមិនល្អជាដើម»។
ងាកមកស្ដាប់សម្តីរបស់អ្នកគ្រូ ឡុង ធីដា វ័យ២៩ឆ្នាំ ជាគ្រូបង្រៀននៅខេត្តកំពង់ស្ពឺលើកឡើងថា៖ «អាចថាជាកត្តាមួយសំខាន់ក្នុងការសេពគប់មិត្តភក្តិដូចពាក្យស្លោក សេពគប់បណ្ឌិតជាបណ្ឌិត សេពគប់ពាលគឺពាល នៅជាមួយមនុស្សប្រភេទណាក្លាយជាបែបនោះ ព្រោះមនុស្សយើងម្នាក់ៗត្រូវការមិត្តភក្តិសំខាន់បន្ទាប់ពីគ្រួសារ បើមិត្តភក្តិអ្នករៀន គឺរៀនតែបើយើងឃើញគេមិនល្អ យើងបញ្ឈប់ការសេពគប់ទៅ កុំបន្តការទំនាក់ទំនង ឬក៏នៅរាប់អានតែត្រឹមស្គាល់ នោះយើងក៏មិនលង់ខ្លួនហើយមនុស្សក៏មានចរិតរបស់ខ្លួនបង្ហាញឱ្យយើងឃើញ»។
យុវជន វង្ស រក្សា ដែលជានិស្សិតសិក្សានៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានប្រាប់Newsroom Cambodia ថា៖ «ពេលដែលគាត់ប្រើប្រាស់គ្រឿងញៀនធ្វើឱ្យគាត់ឈ្លក់វង្វេង ការប្រើប្រាស់គ្រឿងញៀនទី១បំផុត គឺធ្វើឱ្យគាត់ខូចសុខភាព ខូចសុខភាពហ្នឹងខូចទាំងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត រាងកាយរបស់គាត់ និងធ្វើឱ្យទ្រុឌទ្រោម អាចនឹងមានជំងឺជាច្រើន ហើយបញ្ហាផ្លូវចិត្តរបស់គាត់ទៀតសោតក៏មានការប៉ះទង្គិចដែលធ្វើឱ្យការចងចាំ ការគិត ការពិចារណាគឺវាមានការថយចុះជាខ្លាំង ហើយធ្វើឱ្យគាត់បាត់បង់ទ្រព្យសម្បត្តិ ការប្រើប្រាស់គ្រឿងញៀនធ្វើឱ្យមនុស្សបាត់បង់ការចងចាំ កក្តាអស់ហ្នឹងហើយគឺបាត់ជាច្រើនតែម្តង»។
លោកបានបន្ថែមថា៖ «ទី២ កត្តាមិត្តភក្តិសម្រាប់ផ្នែកមួយដែលធ្វើឱ្យមនុស្សហ្នឹងសេពនូវគ្រឿងញៀនហ្នឹង។ កត្តាទី៣ដែលធ្វើឱ្យគាត់សេពគ្រឿងញៀនហ្នឹងគឺកត្តាខ្លួនឯងផ្ទាល់ ដែលគាត់ចង់សាកចង់ដឹង ហើយកត្តាមួយទៀតគឺកត្តាស្មុគស្មាញដែលគាត់មានវិបត្តិដោះស្រាយមិនចេញអ៊ីចឹងទៅ។ គាត់គិតថាអាគ្រឿងញៀនហ្នឹងអាចជួយបញ្ហាគាត់បានមួយពេលអ៊ីចឹងទៅ។ ទាល់តែពេលគាត់សាកហើយធ្វើឱ្យគាត់ដកខ្លួនលែងរួច»។
យុវតីមួយរូបទៀតដែលមានស្រុកកំណើតនៅខេត្តកណ្ដាលនិយាយដោយសុំមិនបញ្ចេញឈ្មោះថា អ្នកប្រើប្រាស់គ្រឿងញៀននៅពេលដែលញៀន លែងខ្វល់អ្វីទាំងអស់ ចូលចិត្តការសប្បាយ ចង់សាកចង់ដឹង តែអ្នកខ្លះភ្ងាក់ខ្លួនចង់កែតែក៏ពិបាក។
កញ្ញាបានលើកឡើងថា៖ «ហ្នឹងហើយ! ដូចជានៅក្នុងភូមិរបស់ខ្ញុំជាដើម តាំងពីមុនអត់អីទេទាល់តែដល់ពេលឥឡូវគឺរបៀបថាស្រុកភូមិវាមិនសូវដូចពីមុន។ វាបង្កចលាចលដូចជាថា ឱ្យតែយប់ៗឡើងពួកគេជិះម៉ូតូ ធ្វើឱ្យរំខានអ្នកស្រុកភូមិមិនបានដេកបានពួន»៕