សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃថ្ងៃព្រហស្បតិ៍ថាខ្លួនកំពុងបញ្ចប់ជំនួយដល់ក្រសួងបរិស្ថាន នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដោយសារកម្ពុជានៅតែបន្តរកឃើញករណីការកាប់បំផ្លាញព្រៃឈើ និងការឃាត់ខ្លួនសកម្មជនបរិស្ថានមានការកើនឡើងជាលំដាប់។
យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ថវិកានឹងបង្វែរទៅសង្គមស៊ីវិលវិញហើយថាខ្លួនបានចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការការពារបរិស្ថាននៅកម្ពុជា។
សេចក្ដីថ្លែងការណ៍បាននិយាយថា «ថ្វីបើប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែសហរដ្ឋអាមេរិកបាន សម្តែងនូវកង្វល់ម្តងហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន»។
សេចក្ដីថ្លែងការណ៏ដដែលបានបញ្ជាក់បន្ថែមថា តាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិកដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល នូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើនៅទីនោះ។
«ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃនៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសំឡេង ហើយធ្វើទុក្ខសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូរបស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល លើការបាត់បង់ធនធានធម្មជាតិរបស់គេ»។
សេចក្តីថ្លែងការណ៏បានបន្តថា «ដោយសារមានបញ្ហាទាំងនេះ ដែលមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្រ្តា បានច្រានចោលការចោទប្រកាន់ ដោយបានអះអាងថា មិនមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតនោះទេ គឺមានតែបទល្មើសទ្រុងទ្រាយតូចៗកើតឡើងប៉ុណ្ណោះ។
លោកនេត្រ ភក្រ្តា បាននិយាយថា «នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ»។
លោកបានបន្តថា៖ «ការបញ្ចប់គម្រោងព្រៃឡង់បៃតងដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ ក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន»៕