សហរដ្ឋ​អា​មេ​រិក​បានប្រកាសកាលពីថ្ងៃថ្ងៃព្រហស្បតិ៍ថាខ្លួនកំពុង​បញ្ចប់​ជំ​នួយ​​ដល់​ក្រសួង​បរិ​ស្ថាន នៅ​ក្រោម​គម្រោង​ព្រៃ​ឡង់បៃ​តង ដែល​ទ្រ​ទ្រង់​​ដោយ​ទី​​ភ្នាក់​ងារ​ជំ​នួយ​​អា​មេ​រិក​​ USAID ដោយ​សារ​​កម្ពុជា​នៅ​តែបន្ត​រក​ឃើញ​ករណីការ​កាប់​បំ​​​ផ្លាញ​ព្រៃ​ឈើ​ និង​ការ​ឃាត់​ខ្លួន​សកម្មជន​បរិ​ស្ថាន​​មាន​ការ​កើន​ឡើង​ជា​លំ​ដាប់​។

យោង​តាម​សេច​ក្តី​ថ្លែង​ការណ៍​​របស់​ស្ថាន​ទូត​អា​មេ​រិក​នៅ​ភ្នំ​ពេញ ថវិកានឹង​បង្វែរទៅសង្គមស៊ីវិលវិញហើយថាខ្លួនបាន​ចំ​ណាយ​ថវិកា​ចំនួន​ជាង​ ១០០ លាន​ដុល្លារ លើ​កម្ម​វិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការការពារបរិស្ថាននៅកម្ពុជា។

សេច​ក្ដី​ថ្លែង​ការណ៍​បាននិយាយថា «ថ្វី​បើ​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​ដំ​ណើរ​​ចម្រើន​ទៅ​​មុខ​ខ្លះ នៅ​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន​ក្តី តែ​​សហ​រដ្ឋ​អា​មេ​រិក​បាន សម្តែង​នូវ​កង្វល់​ម្តង​​ហើយ​ម្តង​ទៀត​លើ​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ ដែល​នៅ​តែ​មាន​ច្រើន​ នៅ​ក្នុង​តំបន់​ការ​ពារ​ ពិ​សេស​​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​​នៅ​ព្រៃ​ឡង់​ ជា​​ទី​ដែល​ទី​​ភ្នាក់​ងារ​ជំ​នួយ​​អា​មេ​រិក USAID បាន​ចំ​ណាយ​​ធន​ធាន​ជា​ច្រើន»។​​

សេច​ក្ដី​ថ្លែង​ការណ៏ដដែលបាន​បញ្ជាក់បន្ថែម​ថា​ តាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្រ​របស់ទីភ្នាក់ងារជំនួយ​អាមេរិកដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏​ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល នូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើ​នៅទី​នោះ។

«ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន​ នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ​នៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំង​នេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសំឡេង ហើយធ្វើទុក្ខសហគមន៍​មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូ​របស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល លើការបាត់បង់ធនធានធម្មជាតិ​របស់គេ»។

សេចក្តីថ្លែងការណ៏បានបន្តថា «ដោយសារមានបញ្ហាទាំងនេះ ដែលមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID»។

អ្នក​នាំ​ពាក្យ​ក្រ​សួង​បរិស្ថាន លោកនេត្រ ភក្រ្តា​ បាន​ច្រានចោលការចោទប្រកាន់ ដោយបានអះអាងថា មិនមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតនោះទេ គឺមានតែបទល្មើសទ្រុងទ្រាយតូចៗកើតឡើងប៉ុណ្ណោះ។

លោកនេត្រ ភក្រ្តា​ បាននិយាយថា «នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ»។

លោក​បានបន្តថា៖ «ការបញ្ចប់គម្រោងព្រៃឡង់បៃតងដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ ក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន»៕