បម្រែ​បម្រួល​ក្នុង​ការ​រស់​នៅ​ ពី​ការ​ធ្លាប់​តែ​មមារញឹក​ និង​ប្រជ្រៀត​គ្នា​តាម​ដងវិថី​នានា ទៅ​កន្លែង​ធ្វើ​ការ​ តូប​លក់​ដូរ​ ទៅ​ភោជនីយដ្ឋាន​ ហាងទំនើប​នានា​ ដែល​គ្រប់​គ្នា​សុទ្ធ​តែ​ប្រើ​ក្រដាស​ប្រាក់​ ហូត​ចេញ​ពី​កាបូប​ ឬ​កាតាប​យួរ​ដៃ​ ដើម្បី​គិត​បញ្ជី​ទូទាត់ ថ្លៃ​ទំនិញ​​នៅ​កន្លែង​ទិញ​លក់​ផ្ទាល់​ ដែល​ជា​ទម្លាប់​ដែល​យើង​បាន​មើល​ឃើញ​យ៉ាង​ស៊ាំទៅ​ហើយ​ក្នុង​សង្គមខ្មែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ ក្រោយ​ពេល​ការ​ផ្ទុះ​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​​កូវីដ១៩​ ភ្លាមៗ ​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២០​ ហាង​លក់​ទំនិញ​ ផ្សារ​ដែល​តែង​មាន​មនុស្ស​អ៊ូអរ​​ ប្រែ​ជា​ស្ងាត់​ច្រងំ​ ឯ​ក្រដាស់​ប្រាក់ដែល​ធ្លាប់​តែ​កាន់​សម្រាប់​ហុច​ចុះហុច​ឡើង​សម្រាប់​ដោះ​ដូរ​ និង​គិត​ថ្លៃ​ឥវ៉ាន់​​ទៀត​សោត ប្រែ​ជា​របស់​ដែល​​ពលរដ្ឋ​មួយ​ចំនួន​ខ្លាចរអា​។

ទន្ទឹម​​​គ្នា​នោះ​ដែរ គេ​សង្កេត​ឃើញ​ការ​ទូទាត់​ថវិកា​បែបទំនើប​​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ដែល​គ្រប់​គ្នា​តែង​ហៅ​ថា «លុយអេឡិចត្រូនិច»​ ឬ​ហៅតាម​ភាសា​អង់គ្លេស​ថា​ អ៊ី​ខែស​ (​​E-cash) បានបម្រើ​ការ​យ៉ាង​សកម្ម​ ដោយ​ដើរតួ​នាទី​ជំនួស​ ក្រដាស​ប្រាក់​សុទ្ធ​ (Real Cash) ដែល​មិន​អាច​ខ្វះ​បាន​។​

ដោយ​ឡែក​យើង​នៅ​មិន​ទាន់​ដឹងច្បាស់​ទេ​ថា​ តើ​រវាង​ការ​ចាយ​បែប​ទម្លាប់​ចាស់​ ជា​ក្រដាស​ប្រាក់​ និង​ការ​ចាយ​ជា​លុយ​អេឡិចត្រូ​និច​ ដែល​​គ្រាន់​តែ​ប្រើ​កាត​ធនាគារ​មួយ​បន្ទះ​ ឬទូរស័ព្ទ​ដៃ​ស្កែន​ QR-Code ជាការ​ស្រេច​នេះ​ មាន​ភាព​ខុសគ្នា​ ឬ​លក្ខណ:សម្បត្តិ​ពីគ្នា​យ៉ាង​ណា​ទេ ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​កម្ពុជា​មួយ​នេះ​ ។ 
Newsroom Cambodia បាន​​ចុះ​​សាក​សួរ​ប្រជាពលរដ្ឋក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ប្រាំ​រូប​ ដែល​មាន​​គ្រប់​​វ័យ​ ដោយ​ពួកគេ​​បាន​​សម្តែង​ការ​យល់​ឃើញ​ចំពោះ​ការ​ប្រើ​ប្រាស់​រវាង​លុយ​ក្រដាស​ប្រាក់​ផ្ទាល់​ និង​លុយ​អេឡិច​ត្រូនិច​។ ​

អ្នកស្រី​ រិទ្ធ សុធា​រ័ត្ន​ ដែល​ជា​អ្នក​ប្រើ​ការងារ​ក្នុង​ក្រុម​ហ៊ុន​អចលនទ្រព្យ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​​ការ​យល់​ឃើញ​របស់​ខ្លួន​ចំពោះ​ការ​ចាយ​ថវិកា​ជា​ក្រដាស​ប្រាក់​ និង​ការ​ទូទាត់​បែប​ទំនើប​ជា​លុយអេឡិច​ត្រូនិច​ថា អ្នកស្រី​រក​ឃើញ​ទាំង​គុណសម្បត្តិ​ និង​គុណវិបត្តិ​។

អ្នកស្រី​​ថា​៖ «គុណវិបត្តិវា (លុយ​អេឡិចត្រូនិច​ ឬE-cash)  គឺប្រសិន​បើ​យើង​យក​កាត​ទៅ​ទិញ​តាម​ផ្សារ​ធម្មតា​ គឺ​អត់​មាន​ពី​ណាគេ​យក​ទេ​។ អញ្ចឹង​ យើង​ក៏ត្រូវ​ការ​ប្រើប្រាស់លុយ​ខ្លះ​ ដើម្បី​យក​ទៅ​ទិញ​នៅ​តាម​ផ្សារ​តូចៗ​ អីអញ្ចឹង​ដែរ​​»។

អ្នកស្រី​បន្ថែម​ថា ទោះ​បី​ជា​អនាគត​ការ​ប្រើប្រាស់​លុយ​ក្រដាស​ត្រឡប់​មក​មាន​សុវត្ថិភាព​វិញ​ ក្រោយ​កូវីដ១៩ត្រូវ​បាន​បញ្ចប់​ទៅក៏​ដោយ​ ក៏​អ្នកស្រី​រូបនេះ​នៅ​តែ​បន្ត​ការ​ប្រើ​ប្រាស់​វិធី​ចាយ​ប្រាក់​បែប​ថ្មី​នេះ​ដដែល​។ យោង​តាម​ការ​រក្សា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ ដោយ​​មិន​បាច់​បារម្ភ​ពី​ការ​បាត់​បង់​សាច់​ប្រាក់ ពោល​មាន​តែ​ទូរស័ព្ទដៃ​វ័យ​ឆ្លាត​មួយ​គ្រឿង​ ដោយ​គ្រាន់​តែ​ចាំ​បាន​នូវ​លេខ​កូដ​សំងាត់​ជា​ការ​ស្រេច​ ។

​លោក​ ចាន់​ វាសនា​ ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​តាកែវ​ បាន​ប្រាប់​ ​ Newsroom Cambodia ​ថា៖ ​«បើ​សម្រាប់​ខ្ញុំ​ បើ​យើង​ប្រើ E-cash [លុយអេឡិចត្រូនិច​] វា​ស្រួល​ជា​យើង​កាន់​សាច់ប្រាក់​ទៅ​ផ្ទាល់​ ព្រោះ​ឥឡូវ​បច្ចុប្បន្ន​ យើង​មាន​ជំងឺ​កូវីដ អីអញ្ចឹង​។ ប្រសិន​បើ​យើង​កាន់​លុយ​ផ្ទាល់​វា​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​យើង​ ហើយ​មួយ​ទៀត​ បើយើង​ប្រើ​ E-cash [លុយអេឡិច​ត្រូនិច] វាស្រួល​សម្រាប់​យើង​ បានន័យ​ថា​យើង​អាច​ចាយ​នៅ​ណា​ក៏​បាន​ដែរ​ សម្រាប់​ស្កែន ហើយ​វា​លឿន​ទៀត​»។

លោក​បាន​បញ្ជាក់​ដែរ​ថា​ លោក​នឹង​​នៅ​តែ​បន្ត​គាំទ្រ​ការ​ប្រើ​ប្រាស់​លុយ​បែប​ឌីជីថល​នេះ​ដដែល ដោយ​មើល​ឃើញ​ថា​បច្ចុប្បន្ន​នៅ​តាម​បណ្តា​ខេត្ត​នានា​ចាប់​ផ្តើម​មាន​កន្លែង​ដក ​និង​​ដាក់​ប្រាក់​ច្រើន​ជាង​មុន​ ហើយ​​​មាន​ភាព​រហ័ស​ជាង​ការ​ចាយ​លុយ​ជាង​ក្រដាស​ប្រាក់​។

​យុវតី​មួយ​រូប​ ប្រាប់ Newsroom Cambodia ដោយ​សុំ​មិនបញ្ចេញ​ឈ្មោះ​ថា​ ​មកទល់​​​ពេល​នេះកញ្ញា​​មិន​ទាន់​មាន​កាត​ធនាគារ​នោះទេ​ ដោយ​​ថា កញ្ញា​មិន​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​យក​ទៅ​ដាក់​ក្នុង​គណនី​ធនាគារ​ និង​គិត​ថា​មិន​ចាំបាច់​ក្នុង​ការ​ប្រើ​ប្រាស់​លុយ​អេឡិចត្រូនិច ​ស្រប​ពេល​ដែល​ខ្លួន​ទម្លាប់​ទៅ​នឹង​ការ​ចាយ​ក្រដាស​ប្រាក់​ផ្ទាល់ៗ​​។​

យុវតីរូបនេះ​មនិយាយ​​ថា​៖ «វា​ (ក្រដាសប្រាក់​) ស្រួល​ក៏​ស្រួល​ វា (ក្រដាសប្រាក់​)​ ​មានគុណវិបត្តិ​ ​ក៏មាន​គុណ​វិបត្តិ​ ប្រសិន​បើ​យើង​ដាក់​កាបូប​ទៅ​អាច​នឹង​គេ​ឆក់​ពេល​យើង​ស្ពាយ​។​ តែ​ពេល​ចាយ​លុយ​ក្រដាសទៅ​វា​នៅ​តែ​ងាយ​ស្រួល​ ពេល​យើង​ញ៉ាំអី កន្លែងខ្លះ​គេ​អត់​មាន​កាត​ យើង​អាច​ឱ្យ​លុយ​គេ​»។​

លោក ចែម​ សុភារ៉ា ដែល​ជា​អ្នក​មក​ពី​ខេត្ត​កណ្តាល​ បាន​សម្តែង​ការ​យល់​ឃើញ​វិជ្ជមាន​ទៅ​លើ​ការ​ប្រើប្រាស់​លុយ​អេឡិចត្រូនិច​ដែល​ទូទាត់​សាច់​ប្រាក់​តាម​កាត​ធនាគារ​ ជាជាង​ការ​ចាយ​តាម​ក្រដាស​ប្រាក់​ផ្ទាល់​។​

​លោកនិយាយ​ថា៖ «ប្រសិន​បើ​ចប់​កូវីដ តើ​អ្នក​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ជា​ធម្មតា​វិញ​ ឬនៅ​តែ​បន្ត​ប្រើ​ E-cash [លុយ​អេឡិចត្រូនិច] ​?​ និយាយរួមទៅ​ ៥០% ៗ យើង​អាច​នឹង​ប្រើ​ទាំង​ពីរ​។ និយាយរួម​ទៅ​ បើ​អាច​យើង​អាច​នឹង​ប្រើ​ក្រដាស​ប្រាក់​ច្រើន​ជាង​ ព្រោះ​ដោយ​សារ​វា​មាន​ភាព​ងាយស្រួល​អត់​ចាំបាច់​ប្រើ​ទូរស័ព្ទ ឧទាហរណ៍ពេល​យើង​អត់​បាន​យក​ទូរស័ព្ទ​មក​តាម​ខ្លួន​ ដោយ​ងាយ​ស្រួល​ចាយ​ជាង​។​

លោក រិទ្ធ​ ផូ​ ដែល​ជា​អ្នក​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​សន្តិសុខ​ និង​ឆ្លៀត​ពេល​មក​ជួយ​ភរិយាដែល​កំពុង​លក់​ដូរ​របស់​ញ៉ាំ​តាម​ផ្លូវជា​លក្ខណ:​គ្រួសារ បាន​ប្រាប់​ថា ការ​ចាយ​លុយ​អេឡិច​ត្រូនិច​នៅ​តែ​ល្អ​ជាជាង​ការ​ចាយ​ក្រដាស​ប្រាក់​ ដោយ​បង្កា​ពី​ការ​បាត់បង់​ និង​ការ​ខូច​ ឬ​រហែក​ក្រដាស​ប្រាក់​ពេល​ត្រូវ​ទឹក​ភ្លៀង​ ម៉្យាងទៀត​ជៀស​វាង​ការ​ឆ្លង​ជំងឺ​បាន​ ក្នុង​បរិបទ​កូវីដនេះ​។

លោក​បាន​បន្ថែម​ថា​៖ «ថ្ងៃ​អនាគត​ ពេល​ដែល​យើង​ចប់​កូវីដ​ យើង​ប្រើ​ក្រដាស​ប្រាក់​ខ្លះ​ E-cash [លុយ​អេឡិចត្រូនិច] ខ្លះ​ចឹង»។  

ដោយ​លោក ផូ​​ ក៏​ជា​ម្ចាស់​តូប​លក់​អាហារ​ចល័ត​នាពេល​រាត្រី​ នៅ​ទល់​មុខ​សួន​វត្ត​បទុមវត្តី ក៏​បញ្ជាក់​ថា​ខ្លួន​ក៏​គ្រោង​​ដាក់​ QR-Code ទុកសម្រាប់​ឱ្យ​អតិថិជន​ខ្លួន​បាន​ទូទាត់​តា​ម​បែប​ឌីជីថល​ដែរ។ តែ​លោក​ថា លោក​មិន​ប្រាកដច្បាស់​ក្នុង​ចិត្ត​ទេថា ក្រោយ​បញ្ចប់​កូវីដ​គួរ​ពិចារណា​បន្ត​ដាក់​ QR-Code សម្រាប់ឱ្យ​អតិថិជន​បាន​ស្កែន​ដែរ ឬយ៉ាង​ណាទេ ដោយ​ចាំ​ស្ទាបស្ទង់​មើល​ពី​អ្នកលក់​ដូរ​ដទៃ​ទៀត​​៕​  ​