នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានប្រកាសនៅថ្ងៃសៅរ៍នេះថាលោកនឹងចាប់ផ្តើមធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩នេះរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩។
តាមរយៈសារលើទំព័រហ្វេសប៊ុករបស់ខ្លួន លោកហ៊ុន សែនបាននិយាយថា លោកលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ និងទាំងការជួបតាមវីដេអូ។
«ខ្ញុំសូមអភ័យទោសដែលតម្រូវឱ្យខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១ខាងមុខនេះនៅវិមានសន្តិភាព»។
ទោះបីជាយ៉ាងនេះក្តី លោកបានបញ្ជាក់ក្នុងសារលើទំព័រហ្វេសប៊ុកនោះថា លោកនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល កងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាមZOOMផងដែរ៕