អាជីវករមួយចំនួនបាននិយាយកាលពីពេលថ្មីៗនេះថា ពួកគាត់មានការស្ទាក់ស្ទើរក្នុងការចុះឈ្មោះដើម្បីលក់ទំនិញតាមអ៊ីនធឺណិត គិតថាជាការលំបាកក្នុងការលក់ ហើយការរកស៊ីដោយផ្ទាល់គឺងាយស្រួលជាង។
ក្រសួងពាណិជ្ជកម្មនៅថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២០១នេះ បានប្រកាសឲ្យអាជីវកម្មមកចុះឈ្មោះទុកជាមុន បើសិនចង់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រ cambodiatrade.com ដែលទើបតែបង្កើតឡើងថ្មីៗដោយក្រសួង។
ក្រសួងពាណិជ្ជកម្មបាននិយាយថាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមួយនេះ មានគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការលក់ផលិតផលដល់អតិថិជនសក្តានុពលទាំងក្នុងស្រុក និងក្រៅស្រុក។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ អាជីវករខ្លះមានការស្ទាក់ស្ទើរក្នុងការចុះឈ្មោះដើម្បីលក់តាមអ៊ីនធឺណិត។
អ្នកស្រីម្នាក់ដែលអះអាងថាជាម្ចាស់ហាងឈ្មោះ ផ្សារចំការខ្មែរ លក់បន្លែធម្មជាតិ នៅខណ្ឌសែនសុខ បានយល់ឃើញថានេះជាប្រយោជន៍ល្អ វាអាចប្រមូលព័ត៌មានបានជាលក្ខណ:ទិន្នន័យឱ្យខាងក្រសួងពាណិជ្ជកម្មអាចគ្រប់គ្រងបានពីខ្នាតតូច ខ្នាតមធ្យម។
ដោយមិនបានប្រាប់ឈ្មោះ អ្នកស្រីបានបន្តថា ជាផលល្អមួយទៀត ប្រសិនជាដាក់បញ្ចូលទៅ វាអាចជាបណ្តាញ រវាងអ្នកអ្នកផ្គត់ផ្គង់ និងអ្នកផ្គត់ផ្គង់ ដូចគ្នាឲ្យស្គាល់គ្នា។
អ្នកស្រី បានបន្តនិយាយដោយកំពុងពាក់ម៉ាស់ថា ខ្លួននឹងមិនចុះឈ្មោះសម្រាប់ដាក់លក់ផលិតផលកសិកម្មធម្មជាតិរបស់ខ្លួននៅលើផ្សារឌីជីថល Cambodia Trade នេះទេ ដោយហេតុថា តាមបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់ គឺទាមទារឱ្យម្ចាស់អាជីវកម្មមានលក្ខណ:លេចធ្លោ ពិសេសប្លែកពីគេ ទើបទទួលបានការចាប់អារម្មណ៍ច្រើន បូករួមទាំងតម្លៃទីផ្សារប្រកួតប្រជែងឈ្នះគេ ទើបអាចដំណើរការបានក្នុងទីផ្សារឌីជីថលមួយនេះបាន។
អ្នកស្រីនិយាយដោយសើចតិចៗថា៖ «ការលក់គឺចាញ់ការលក់នៅកន្លែងផ្ទាល់ ចាញ់បងមិនចាំបាច់ទៅផុសអី ទៅដាក់លក់ក្នុងឌីជីថលអីទេ។ ជួនកាលផុស (Post) មួយឆ្នាំអី មិនទាន់មានអ្នកទាក់ទងអីមកម្តងផង។ ណាមួយទីផ្សារចឹង ជាការប្រមូលផ្តុំតែ អ្នកលក់ អត់មានប្រមូលផ្តុំអ្នកទិញ»។
អ្នកលក់សម្លៀកបំពាក់មួយរូបឈ្មោះ តួ ចន្ទឌី ដែលមានតូបជួលមួយកន្លែងលក់នៅផ្សាររីករាយ អស់រយ:ពេលជាង១០ឆ្នាំ បាននិយាយពីចំណាប់អារម្មណ៍ទៅលើផ្សារឌីជីថលរបស់ក្រសួងពាណិជ្ជកម្មថា៖ «ដូចជាមិនបាច់ទេ មិនបាច់ក៏បានដែរ មិនចង់ចុះរញ៉េរញ៉ៃទេ ចង់លក់ចឹងបានហើយ»។
អ្នកស្រីញញឹមស្រស់រូបនេះ បានបញ្ជាក់ថា ខ្លួនសព្វថ្ងៃមានគេហទំព័រហ្វេសប៊ុក (Facebook Page) ផ្ទាល់ខ្លួនសម្រាប់តែបង្ហោះរូបភាពឱ្យអតិថិជនខ្លួនបានមើលតែប៉ុណ្ណោះ តែមិនងាយទទួលបានការបញ្ជាទិញតាមអនឡាញនោះទេ ផ្ទុយទៅវិញអ្នកដែលមកទិញភាគច្រើនជាអ្នកមកទិញដល់កន្លែងផ្ទាល់ ទោះធ្លាប់បានឃើញតាមរយ: រូបភាពលើគេហទំព័រក្តី។
លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងច្បាស់ថា Cambodia trade មិនមែនបើកសម្រាប់ប្រជាជនទូទៅទេគឺ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម ដែលផលិតនូវផលិតផលខ្មែរ ហើយមានបំណងចង់លក់ផលិតផលរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។
លោកសៀង ថៃ ក៏បានបង្ហាញពីគោលបំណងចំបង ២យ៉ាងដែលបង្កើត ផ្សារអេឡិចត្រូនិចបែបឌីជីថល ទាន់សម័យកាលនេះថាជាការភ្ជាប់ទំនាក់ទំនង បង្កើនខ្សែចង្វាក់តម្លៃរវាងអ្នកផលិត អ្នកទិញ អ្នកលក់ នៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស៕