ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានប្រកាសថារកឃើញករណីឆ្លងវីរុសកូវីដ-១៩បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ក្រោយទទួលលទ្ធផលធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើអ្នកដំណើរចូលមកកម្ពុជា០៧នាក់ តាមច្រកព្រំដែនកម្ពុជាថៃ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកដំណើរចូលមកកម្ពុជាទាំង ០៧នាក់នោះជាជនជាតិខ្មែរដែលមានទីលំនៅក្នុងខេត្តចំនួន ៥ផ្សេងៗគ្នា រួមមានខេត្តបន្ទាយមានជ័យ១នាក់ ខេត្តឧត្តរមានជ័យ ០២នាក់ ខេត្តសៀមរាប ០២នាក់ ខេត្តកំពង់ចាម ០២នាក់ និងខេត្តកំពត ០១នាក់។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថាអ្នកធ្វើដំណើរដែលរកឃើញឆ្លងវីរុសកូវីដ-១៩ B.1.617-2(Delta)ទាំងនោះមានស្រីចំនួន ០៤នាក់ និងបុរសចំនួន ០៣នាក់និងមានអាយុចន្លោះពី ១៩ ដល់ ៤៧ឆ្នាំ។ ពួកគេសុទ្ធមានមុខរបរជាពលករ និងកម្មករសំណង់ដែលធ្វើការនៅប្រទេសថៃមុនពេលឆ្លងចូលមកកម្ពុជា។
បច្ចុប្បន្ននេះ ពួកគេត្រូវបានយកទៅព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពផ្សេងៗគ្នានៃខេត្តនីមួយៗដោយដាក់នៅដាច់ដោយឡែកតែម្នាក់ឯង។ នេះបើយោងតាមសេចក្តីជូនដំណឹងខាងលើ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាក៏បានរកឃើញប្រភេទវីរុសកូវីដ-១៩ បម្លែងថ្មីប្រភេទ B. 1.617 លើពលករកម្ពុជាដែលត្រលប់មកពីប្រទេសថៃចំនួន ០៣នាក់រួចមកហើយ៕