ក្រសួង​សុខា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​ថា​រក​ឃើញ​ករណី​ឆ្លង​វី​រុស​កូវីដ-១៩​បម្លែងថ្មី​ប្រភេទ​ B.1.617-2 (Delta) ​ក្រោយ​ទទួល​លទ្ធផល​ធ្វើ​វិភាគ​ដោយ​វិទ្យា​​ស្ថាន​ប៉ា​ស្ទ័រ​​កម្ពុជា​​លើអ្នក​ដំណើរ​ចូល​មក​កម្ពុជា​​០៧​នាក់ ​​តាម​ច្រក​ព្រំ​ដែន​កម្ពុជា​ថៃ។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​កាល​ពី​ថ្ងៃទី​១៨​ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​ ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​ទាំង ​០៧​នាក់​នោះ​ជា​ជន​ជាតិ​ខ្មែរ​ដែល​មាន​ទី​លំនៅ​ក្នុង​​ខេត្តចំនួន ​៥​ផ្សេងៗ​គ្នា រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ​១នាក់ ខេត្ត​ឧត្តរមាន​ជ័យ ​០២នាក់​​ ខេត្ត​សៀម​រាប ​០២នាក់ ខេត្ត​កំពង់​ចាម​ ០២​នាក់ និង​ខេត្ត​កំពត​ ០១នាក់។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់ថា​អ្នក​ធ្វើ​ដំណើរ​ដែល​រក​ឃើញ​ឆ្លង​វីរុស​កូវីដ​-១៩​ B.1.617-2(Delta)ទាំង​នោះ​មាន​ស្រី​ចំនួន​ ០៤នាក់​ និង​បុរស​ចំនួន​ ០៣នាក់និង​មាន​អាយុ​ចន្លោះ​ពី ​១៩ ដល់​ ៤៧ឆ្នាំ​។ ពួក​គេ​សុទ្ធ​មាន​មុខ​របរ​ជា​​ពលករ​ និង​កម្មករ​សំណង់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មុន​ពេល​ឆ្លង​ចូល​មក​កម្ពុជា​។

បច្ចុប្បន្ន​នេះ​ ពួ​កគេ​ត្រូ​វ​បាន​យក​ទៅ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​​ផ្សេងៗ​គ្នា​នៃ​ខេត្ត​នីមួយៗដោយ​ដាក់​នៅ​ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង​។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ។

សូម​បញ្ជាក់​ផងដែរ​ថា កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មិថុនា ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ​កម្ពុជា​ក៏​បាន​​រក​ឃើញ​ប្រភេទ​វី​រុសកូវីដ​-១៩ ​បម្លែង​ថ្មី​ប្រភេទ B. 1.617 លើ​ពល​ករ​កម្ពុជា​ដែល​ត្រលប់​មកពី​ប្រទេស​ថៃ​ចំនួន​ ០៣នាក់​រួច​មកហើយ​៕