ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​ព្រហស្បត្តិ៍នេះ​បាន​ប្រកាស​រក​ឃើញ​ផលិត​ផល​សម្លាប់​មេរោគ​ឈ្មោះ​អាល់កុល​លាងដៃ​(ALCOHL75%) គ្មាន​លេខ​បញ្ជិការ ថា​មាន​គុណ​ភាព​មិន​ត្រឹម​ត្រូវ​ដោយ​មាន​លាយ​សារធាតុ​មេតា​ណុល​ដល់​ទៅ​៧២%។

​​សេចក្តី​​ប្រកាស​​​របស់​​ក្រសួងសុខា​ភិបាល​​​កាល​​ពី​​ថ្ងៃ​​ទី​​១៧​​ ខែ​​មិថុនា ​​ឆ្នាំ​​២០២១​នោះ​​ បានបញ្ជាក់ថា​ក្រសួង​​​បានរក​ឃើញ​ទៀត​ថាផលិត​ផល​សម្លាប់​មេរោគ​មួយ​ចំនួន​ដែល​លក់​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ អន​ឡាញ​ឬ​ទី​ផ្សារ​ ដូច​ជា​អាល់​កុល​ ជែល​អាកុល និង​ផលិត​ផល​សម្លាប់​មេរោគ​ទាំង​នោះ​ភាគ​ច្រើន​ជា​ផលិត​ផល​ក្លែង​បន្លំ​ ដែល​មាន​គុណ​ភាព​មិន​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​សម្លាប់​មេរោ​គ​ឡើយ។

ក្រសួង​បាន​បន្ថែម​ទៀត​ថា៖ «ផលិត​ផល​ទាំង​នោះ​មាន​លាយ​ជា​មួយ​មេតា​ណុល​កម្រិត​ខ្ពស់ ឬ​ផ្ទុក​សារធាតុ​មេតាណុល​សុទ្ធ​តែ​ម្តង»។

ក្រសួង​សុខាភិបាល​បាន​ពន្យល់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​ទៀត​ថា​៖ «អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ឱសថ​ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ឱសថ​ តម្រូវ​ឱ្យ​​រាល់​ការ​ចរាចរ​អាល់​កុល​ ជែល​អាកុល និង​សារធាតុ​សម្លាប់​មេរោគ​ ដែល​ប្រើ​ប្រាស់​សម្រាប់​វិស័យ​សុខា​ភិបាល​ក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជាត្រូវ​មាន​លេខ​ទិដ្ឋា​ការ​​ ឬ​បញ្ជិកា​ឬ​ប្រវេទន៍​ពី​ក្រសួង​សុខាភិបាល»។

ជាមួ​យគ្នា​នេះ​ផង​ដែរ ក្រសួង​ណែនាំ​ឱ្យ​បញ្ឈប់​ការ​លក់​ផលិត​ផល​នេះ​ជា​បន្ទាន់​ ហើយ​ជម្រាប​ដល់​ប្រជា​ពល​រដ្ឋឱ្យ​​បញ្ឈប់​ប្រើ​ប្រាស់​ផលិត​ផលនេះ​ជា​បន្ទាន់​ ដោយ​ទិញ​តែ​ផលិត​ផល​ដែល​មាន​លេខទិដ្ឋាការ​ ឬបញ្ជិការ ឬ​ប្រវេទន៍​ពី​ក្រសួង​ប៉ុណ្ណោះ ព្រោះ​ផលិត​ផល​នេះ​មិន​អាច​សម្លាប់​មេរោគ​បាន​ទេ ហើយ​ប៉ះ​ពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​និង​ឈាន​ដល់​ការ​បាត់​បង់​ដល់​ជីវិត​ទៀត​ផង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួងខាង​លើ។

ក្រសួង​បាន​បន្ត​ទៀត​ថា៖ «ក្រសួង​សុខា​ភិបាល​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ផ្សេងៗទៀត ដើម្បី​ស្រាវជ្រា​វ​រក​ជន​ខិល​ខូច​ដែល​កំពុង​បន្ត​ចែក​ចាយ​ឬ​លក់​ផលិតផល​ឈ្មោះ​ អាល់​កុលលាងដៃ(ALCOHL75%)ខាងលើ​ឬ​លក់​ផលិត​ផល​សម្លាប់​មេរោគ​ដទៃទៀត​ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍​មកផ្តន្ទាទោសជាធរមាន»។

សូមបញ្ជាក់ថា ផលិត​ផល​អាកុល​ដែល​ប្រើ​សម្រាប់​សម្លាប់​មរោគ​ជា​ប្រភេទ​អេតាណុល (៦០%-៨០%) ហើយ​សារធាតុ​មេតាណុល​មិនត្រូវ​បាន​ណែ​នាំ​ឱ្យ​ប្រាស់​ក្នុង​ការ​សម្លាប់​មេរោគ​ឡើយ​ព្រោះ​វា​ប៉ះពាល់​សុខភាព​និង​អាច​គ្រោះថ្នាក់​ដល់​ជិវិត​បាន៕