ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងសមាសភាព១៥ រូបធ្វើជាក្រុមការងារឌីជីថល បច្ចេកវិទ្យា និងព័ត៌មាន នៅកម្ពុជាដើម្បីជំរុញឲ្យការអនុវត្តការងារផ្នែកឌីជីថលតាមស្ថាប័នរដ្ឋនានាមានភាពប្រសើរឡើង។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើតក្រុមការងារឌីជីថល បច្ចេកវិទ្យាគមនាគមន៍ ក្រសួងមហាផ្ទៃ ចេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា សមាសភាពចំនួន១៥រូប ដែលមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ជាប្រធាន លោក ហ៊ុយ វណ្ណ: រដ្ឋលេខាធិការ ជាអនុប្រធាន លោក ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ បូករួមទាំងសមាជិក១២ នាក់ផ្សេងទៀតជាសមាជិក ធ្វើជាក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកផ្នែក ឌីជីផល បច្ចេកវិទ្យា និងព័ត៌មានប្រចាំនៅប្រទេសកម្ពុជាចាប់ពីថ្ងៃចុះហត្ថលេខា ពីរដ្ឋមន្រ្តី ស ខេង តទៅ។
សមាជិករដ្ឋាភិបាលឌីជីថល និងព័ត៌មានទាំង១៥រូប មានភារកិច្ច និងតួនាទីដូចជា ជាសេនាធិកាក្រោមក្រសួងមហាផ្ទៃ ក្រោមចំណុះអគ្គនាយកដ្ឋាន និងអង្គភាពក្នុងការគ្រប់គ្រងគម្រោងបច្ចេកវិទ្យា និងព័ត៌មាន។ រៀបចំមេបច្ចេកវិទ្យា គមនាគមន៍ ព្រមទាំងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស។ ធ្វើសមាហរណកម្មតភ្ជាប់បណ្តាញប្រពន្ធ័ គមនាគមន៍និង ព័ត៌មាន របស់ក្រសួងមហាផ្ទៃទៅនឹង ប្រព័ន្ធបច្ចេកវិទ្យារបស់បណ្តាក្រសួង ស្ថាប័នពាក់ពន្ធ័នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ទទួលខុសត្រូវ ក្នុងការវាយតម្លៃប្រព័ន្ធ និងសម្ភារ:បច្ចេកទេស ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក ដែលជំរុញដល់ការងារជំនាញ និងការងារក្នុងការផ្តល់សេវាសាធារណ:ឱ្យមានប្រសិទ្ធភាព។ រៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធផ្សេងៗ និងធុរកិច្ចឌីជីថល។ រៀបចំរបាយការណ៍លទ្ធផលការងារតាមដំណាក់កាលនីមួយៗ ដើម្បីស្នើមតិដឹកនាំចាំបាច់។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ តែរហូតមកដលថ្ងៃចន្ទនេះ មិនមានការឆ្លើយតប៕