ចំនួន​អ្នកបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ទូទាំង​ប្រទេស ​ចាប់​តាំងពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ដល់​ត្រឹម​ថ្ងៃទី​២០​ខែ​មិថុនា​ឆ្នាំ​២០២១នេះ​ មាន​ចំនួន​​ជាង​៣លាន​នាក់ ឬ​ស្មើ​ប្រហែល​ជា​​៣៣ភាគរយ​​ នេះ​បើធៀប​​នឹង​គោល​ដៅ​១០​លាននាក់​ដែល​កម្ពុជា​គ្រោង​នឹង​សម្រេច​។

យោង​តាមរបាយ​ការណ៍​អនុគណៈកម្មការ​តាម​ដាន ​និង​វាយ​តម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ចេញ​​នៅ​ថ្ងៃទី២០ ​ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​បញ្ជាក់​​ថា លទ្ធផល​សរុប​នៃ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩​ទូ​ទាំង​ប្រទេស ​កើន​ដល់​៣៣.៦៦%​ ​បើប្រៀប​ធៀប​នឹង​គោល​ដៅ​១០លាន​នាក់​ដែល​បាន​គ្រោង​ទុក​។

​ក្នុង​របាយ​ការណ៍​ដដែលបន្ថែម​​ថា ​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​មក​ចាក់​វ៉ាក់​សាំង​សរុប​មាន​៣.៤២៤.៦៥៤៧នាក់​ ហើយ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​លើកទី១មាន​៣.៣៦៦.២០៧នាក់ និង​ចំនួន​៥៧.៤៤០នាក់​ទៀត​ គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​បាន​ដោយ​សារ​តែ​បញ្ហា​សុខភាព។

អ្នក​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩បាន​ទាំង​ពីរ​លើក​ មាន​ចំនួន​២.៧៣២.៣៧៧នាក់ ​គិត​ត្រឹម​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០២១នេះ​។ នេះ​បើ​តាម​របាយការណ៍ខាងលើ​​។

គួរ​បញ្ជាក់ផងដែរ​ថា​ កម្ពុជា​បាន​នឹង​កំពុង​ប្រើ​ប្រាស់​វ៉ាក់សាំង​ចំនួនបី​ប្រភេទ​​ដែល​ផលិត​នៅ​ប្រទេស​ចិន ​និង​ក្រោម​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោកក្រោម​ទិដ្ឋភាព​នៃ​ការ​បញ្ជាទិញ​និង​ការ​ផ្តល់​ជំនួយ។ វ៉ាក់សាំងទាំងបីប្រភេទនោះ​រួម​មានឈ្មោះថា​​ Sinopharm/Beijing វ៉ាក់សាំង Sinovac និង​វ៉ាក់សាំង COVISHIELD (AstraZeneca) ផលិត​នៅ​ប្រទេស​ឥណ្ឌា៕