ក្រសួង​សុខាភិបាល បាន​ប្រកាស​ឱ្យ​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ និង​សាធារណជន​ទាំងអស់​បញ្ឈប់​ ការ​ចែក​ចាយ​ លក់​ និង​ការ​ធ្វើ​តេស្ត​រហ័ស​ការពារ​រក​អង់ទី​ករ​ការពារ​កូវីដ​-១៩ ដែល​មិន​ទទួល​បាន​ការ​ចុះ​បញ្ជិ​កាពី​ក្រសួងសុខាភិបាល និង​ទទួល​ស្គាល់ពី​អង្គការ​សុខភាព​ពិភព​លោកជា​បន្ទាន់​ ក្រោយ​រក​ឃើញ​​ចរាចរផ្តេសផ្តាសជា​ប្រភេទ​ទី​ផ្សារ​អនឡាន​ របស់​​គណនី​បណ្តាញ​សង្គម​មនុស្ស​៤​ នាក់​​​ដោយ​មិន​ស្រប​ច្បាប់​​។

សេចក្តី​ជូន​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​ចន្ទ​ ទី​២១ ខែ​មិថុនា​នេះ ​បាន​ឱ្យ​ដឹង​ថា​ ​គណនី​ហ្វេសប៊ុក​ចំនួន​៤ គឺ​១-បងប្រុស​, ទី២-Leng Kuchnika Pol, ៣-Srey Nit, ៤-TMS-Trust Medical Services បាន​និង​កំពុង​ផ្សព្វផ្សាយ​លក់​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​-១៩ គ្មាន​លេខ​បញ្ជិកា ​និង​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខា​ភិបាល​ និង​ក៏​មាន​សេវា​សុខាភិបាល​ឯកជន​មួយ​ចំនួន​ទៀត​ ក៏​កំពុង​យក​ឧបករណ៍​ទាំង​នេះ​ទៅ​ធ្វើ​តេស្ត​ជូន​ប្រជាពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ​។

«ដូច​នេះ​ ក្រសួង​សុខាភិបាល​ សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា​ តេស្ត​រហ័ស​រក​អង់​ទីគ័រ​ការពារ​ជំងឺ​កូវីដ​-១៩​ ដែល​កំពុង​ចរាចរ​ខាង​លើ​នេះ​ គឺ​ពុំ​មាន​ការ​ចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​នៅឡើយ​ ហើយ​ក៏​ពុំ​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ (WHO) នៅឡើយ​ដែរ​ ហើយ​លទ្ធផល​ដែល​បាន​មកពី​ការ​ប្រើប្រាស់​តេស្ត​ទាំង​នេះ​ គឺ​មិន​អាច​ជឿ​ជាក់​បាន​ឡើយ​»៕